« លុយដែលខ្ញុំរកបាន មិនបានធ្វើឲ្យគោលបំណងធំបំផុតរបស់ខ្ញុំផ្លាស់ប្ដូរនោះទេ។ ផ្ទុយទៅវិញ លុយទាំងអស់នោះ បានបង្ហាញឲ្យខ្ញុំឃើញថា នៅពេលដែលយើងមានហេតុផលគ្រប់គ្រាន់ក្នុងការធ្វើអ្វីមួយ និងការតាំងចិត្តមុតមាំ នោះអ្វីៗក៏អាចទៅរួចដែរ»

Sahil Mehta អ្នកវិនិយោគអចលនទ្រព្យវ័យក្មេង ដែលផ្តើមពីប្រាក់សន្សំ
ផ្តើមពីលុយសន្សំដែលរកបានពីការងារជាបុគ្គលិកផ្នែកលក់ក្នុងក្រុមហ៊ុនអចលនទ្រព្យមួយនៅសហរដ្ឋអាមេរិក លោក Sahil Mehta ដែលមានវ័យទើបតែ២៦ឆ្នាំ បានបង្កើតចំណូលពីអចលនទ្រព្យជួល ហើយចំណូលនោះយកទៅបង្កើនទ្រព្យដែលមានរហូតដល់ជិត ១០លានដុល្លារ។
មានដើមកំណើតជាជនឥណ្ឌា Sahil Mehta បានផ្តើមប្រឡូកការងារដំបូងក្នុងឆ្នាំ២០១៥ ជាអ្នកលក់អចលនទ្រព្យក្នុងក្រុមហ៊ុនអចលនទ្រព្យ Golden Gate Sotheby’s International Realty ស្ថិតក្នុងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ស្របពេលដែលលោកកំពុងបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅទីនោះ។
អចលនទ្រព្យ ជាការងារដែល Mehta ស្រលាញ់ពេញចិត្ត ហើយឱកាសការងារនាពេលនោះបានផ្តល់លទ្ធភាពដល់បុរសវ័យក្មេងរូបនេះ អាចសន្សំប្រាក់ពីកម្រៃជើងសារដែលរកបាន យកទៅទិញបានផ្ទះមួយកន្លែង ក្នុងរយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ពោលគឺនៅឆ្នាំ២០១៧។ ទម្លាប់នៃការប្រើប្រាស់ហិរញ្ញវត្ថុបានត្រឹមត្រូវពីការចំណាយ និងការសន្សំ បានធ្វើឱ្យ Mehta បានបង្កើតទ្រព្យជាបន្តបន្ទាប់ និងអាចចាប់ផ្តើមបើកក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យតូចមួយជាមួយបងប្រុសបង្កើត។
បច្ចុប្បន្ន Mehta បានប្រមូលទិញអចលនទ្រព្យរហូតដល់៥កន្លែងឋិតក្នុងក្រុង Berkeley ក្នុងរដ្ឋកាលីហ្វញ៉ា ដែលមានតម្លៃជិត ១០លានដុល្លារ។ ក្នុងនោះអចលនទ្រព្យ៤ កន្លែងបានដាក់ជួលទៅឱ្យនិស្សិត និង អចលនទ្រព្យមួយកន្លែងទៀតគឺសម្រាប់រស់នៅខ្លួនឯង និងដាក់ជួលនៅលើផ្លេតហ្វម Airbnb។ (ចុចទីនេះស្វែងយល់ពី Airbnb)។
ចំណូលពីការជួលអចលនទ្រព្យទាំងនេះ បូកនឹងចំណូលពីការងារ Mehta អាចរកប្រាក់ចំណូលដុលរហូតដល់ជាង កន្លះលានដុល្លារក្នុងមួយឆ្នាំ។

នេះជាខ្ទង់ចំណូល និងផែនការចំណាយប្រចាំខែ របស់ Mehta
ការវិនិយោគអចលនទ្រព្យទាមទារឱ្យមានដើមទុនច្រើន ដើម្បីប្រឡូកក្នុងវិស័យនេះ។ Mehta បានចាត់ទុកការទទួលការងារជាមួយក្រុមហ៊ុនអចលនទ្រព្យ Golden Gate Sotheby’s International Realty ក្នុងអំឡុងពេលបន្តការសិក្សាមហាវិទ្យា ជាភ័ព្វសំណាងមួយដែលចាប់ផ្តើមប្រឡូកការងារដំបូង ហើយអាចសន្សំលុយបានច្រើនទាំងវ័យក្មេង។
ទោះបីជារកចំណូលបានច្រើនក្ដី Mehta និងបងប្រុសរបស់ខ្លួននៅតែព្យាយាមសន្សំលុយឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន និងជៀសវាងការចំណាយលុយដែលមិនចាំបាច់ ដើម្បីទុកលុយទាំងនោះយកទៅវិនិយោគលើអចលនទ្រព្យឲ្យបានកាន់តែច្រើនបន្ថែមទៀត។
«ឧបសគ្គធំបំផុតនៃការចាប់ផ្ដើមដំបូងក្នុងវិស័យនេះគឺការតម្រូវឲ្យមានលុយច្រើន ដូច្នេះហើយ ពួកយើងនឹងព្យាយាមពង្រីកការវិនិយោគរបស់ពួកយើងដើម្បីជំរុញឲ្យអាជីវកម្មមួយនេះ កាន់តែរីកចម្រើនឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន»។
ការចេះសន្សំលុយ និងការចាយវាយត្រឹមត្រូវគឺជារឿងសំខាន់ ហើយចំពោះករណី Mehta អាចជាគំរូល្អ និងជាភាពឆ្លាតវៃ ក្នុងការប្រើប្រាស់លុយសន្សំបានបន្តិចម្តងៗទៅបង្កើតជាទ្រព្យតម្លៃខ្ទង់លានដុល្លារ។ ដូច្នេះការចែករំលែកបទពិសោធន៍នៃការប្រើប្រាស់លុយ និងចាប់ផ្តើមវិនិយោគពីវ័យក្មេង សង្ឃឹមថានឹងជួយលើកទឹកចិត្តដល់អ្នកដទៃទៀតក្នុងចាប់ផ្តើមវិនិយោគក្នុងវិស័យដ៏មានសក្តានុពលនេះ៕
ប្រភព៖ CNBC
ប្រែសម្រួលអត្ថបទ៖ ស្រីណែត