ធនាគារជាតិ៖ តម្លៃលំនៅឋានមានសន្ទុះជាងគេក្នុងវិស័យអចលនទ្រព្យ

Bunthoeun Chhut 23/June/2022 19:33
ចែករំលែក

ចំណុចសំខាន់៖

  • តម្លៃលំនៅ​ឋានកើន ១០ ភាគរយ កាលពីឆ្នាំមុន ទោះសេដ្ឋកិច្ចរងផលប៉ះពាល់ដោយសារកូវីដ-១៩
  • កំណើនពលរដ្ឋរស់នៅទីក្រុង និងការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ បង្កើនតម្រូវការលំនៅឋាន
  • លំនៅឋានតម្លៃចន្លោះ ៥ម៉ឺនដុល្លារ រហូតដល់ ២០ម៉ឺនដុល្លារ មានការទិញ-លក់ច្រើន
  • លំនៅឋានថ្មី ៦៤ គម្រោង ឬស្មើនឹង​ ២ម៉ឺនខ្នងបើកលក់ក្នុងទីផ្សារកាលពីឆ្នាំ ២០២១

«តម្លៃទីផ្សារលំនៅឋានរក្សាបានកំណើនវិជ្ជមាន គឺដោយសារតែការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ និងកំណើនពលរដ្ឋបម្លាស់ទីរស់នៅ ធ្វើការ និងនិស្សិតបន្តការសិក្សានៅរាជធានីភ្នំពេញ»

បណ្តុំសំណង់បុរីមួយកន្លែង ស្ថិតក្នុងខណ្ឌដង្កោ កំពុងដំណើរការសាងសង់

ទីផ្សារលំនៅឋានដែលសំដៅលើបណ្តុំ​បុរី និងផ្ទះល្វែង រក្សាបានកំណើនល្អជាងគេក្នុងវិស័យអចលនទ្រព្យ ដោយតម្លៃលំនៅឋានបានកើនឡើង ១០ ភាគរយ កាលពីឆ្នាំ២០២១ ធៀបនឹងឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍ជាតិនៃកម្ពុជា។​

កត្តានេះបានបង្ហាញថា ទីផ្សារលំនៅឋាននៅតែមានភាពទាក់ទាញ ​ដោយសារតម្រូវការពលរដ្ឋក្នុងស្រុកនៅបន្តកើនឡើង ទោះសកម្មភាពសេដ្ឋកិច្ចឋិតក្នុងស្ថានភាពមិនអំណោយផលបង្កឡើងដោយកូវីដ-19។

របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ របស់ធនាគជាតិនៃកម្ពុជា ចេញផ្សាយនៅដើមសប្តា៍នេះ បានបញ្ជក់ថា៖ «តម្លៃទីផ្សារលំនៅឋានរក្សាបានកំណើនវិជ្ជមាន គឺដោយសារតែការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ និងកំណើនពលរដ្ឋបម្លាស់ទីរស់នៅ ធ្វើការ និងនិស្សិតបន្តការសិក្សានៅរាជធានីភ្នំពេញ។ ហើយកំណើននេះ បានបង្កើនតម្រូវការលំនៅឋានកាន់តែច្រើន ជាពិសេសប្រភេទលំនៅឋានមានតម្លៃសម្យរម្យ និងមធ្យម»។

ធនាគារជាតិ​នៃ​កម្ពុជា និង​វិទ្យាស្ថាន​ជាតិ​នៃ​ក្រសួង​ផែនការ​កាលពី​ថ្ងៃទី ​៦ ខែមិថុនា បាន​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​សន្ទស្សន៍​ថ្លៃ​លំនៅឋាន (RPPI) ដែលជាការចងក្រង​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សម្រាប់​បម្រើ​ដល់​ការវិភាគ និង​វាយតម្លៃ​ដំណើរការ​សេដ្ឋកិច្ច ជាពិសេស​វិស័យ​អចលនទ្រព្យ និង​សំណង់​។

អគ្គនាយកក្រុមហ៊ុន Century 21 Advanced Property លោក ឡុង គីមសួគ៌ ធ្លាប់បានបញ្ជាក់បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News ថា​ ទីផ្សារលំនៅឋានតម្លៃសមរម្យ​នៅតែ​មាន​ការទិញ-លក់ខ្លាំងនៅក្នុងស្ថានភាពមិនអំណោយផលនៃអំឡុងពេលកូវីដនេះ តែការ​ទិញ-លក់លំនៅឋានដែលមានតម្លៃខ្ពស់ៗចាប់ពី ២០ ម៉ឺនដុល្លារ​​ហាក់មានការថម​ថយ។ ​

លោកថ្លែងថា៖ «​យើងសង្កេតឃើញថា អចលនទ្រព្យជាប្រភេទ​លំនៅឋានដែលមានតម្រូវការខ្លាំងហ្នឹង គឺប្រភេទលំនៅឋានតម្លៃដែលមានតម្លៃចន្លោះពី ៥ម៉ឺនដុល្លារ រហូតដល់ ២០ម៉ឺនដុល្លារ ដែលលំនៅឋាននេះនៅតែ​មានការទិញដូរច្រើន។ ប៉ុន្តែ បើតម្លៃខ្ពស់ជាងនេះគឺ មិនសូវមានសកម្មភាពច្រើននោះទេ។» ​

តាមទិន្នន័យ ពីក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា គម្រោងលំនៅឋានថ្មី ៦២ គម្រោង ឬស្មើនឹង ២ម៉ឺនខ្នង ​បានប្រកាសបើកលក់ក្នុងទីផ្សារកាលពីឆ្នាំ ២០២១។ ចំនួននេះ គឺតិចជាងឆ្នាំ ២០២០ ដែលគម្រោងលំនៅឋានថ្មីបើកលក់នាពេលនោះមានចំនួន ៧៤ គម្រោង ឬស្មើនឹង ៣ម៉ឺន២ពាន់ខ្នង។​

ក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យបានកំណត់ប្រភេទទីផ្សារលំនៅឋានជាបីប្រភេទ។ ទី១គឺទីផ្សារលំនៅឋានតម្លៃសមរម្យ ដែលបច្ចុប្បន្នមានតម្លៃចន្លោះពី ៤ម៉ឺន ទៅ១០ម៉ឺនដុល្លារក្នុងមួយខ្នង, ទីផ្សារតម្លៃបង្គួរចន្លោះពី១០ម៉ឺន ទៅ ៤០ម៉ឺនដុល្លារ ខណៈដែលលំនៅឋានលំដាប់ខ្ពស់មានតម្លៃចាប់ពី ៤០ម៉ឺនដុល្លារឡើងទៅ។

បើតាមលោក គីមសួគ៌ តម្រូវការទីផ្សារលំនៅឋាននឹងបន្តការរីកចម្រើនទៅមុខ តែអាចឋិតក្នុងល្បឿនយឺតជាងមុន ដោយសារអ្នកអភិវឌ្ឍខ្លះរង់ចាំមើលពីស្ថានភាពទីផ្សារក្នុងការលក់គម្រោងដែលកំពុងផ្គត់ផ្គង់នាពេលបច្ចុប្បន្ន

លោកបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយចំនួនក៏បានត្រៀមដីទុករួចរាល់ ដើម្បីចាប់ផ្តើមអភិវឌ្ឍន៍គម្រោងលំនៅឋាន នៅពេលស្ថានភាព និងកំណើនសេដ្ឋកិច្ច មានអំណោយផលប្រសើរជាងមុន៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង