ចំណុចសំខាន់៖
- គម្រោងដែលផ្អាកជាច្រើន ចាប់ផ្តើមដំណើរការឡើងវិញ តែការវិនិយោគពីក្រៅប្រទេសមានតិចតូច
- ស៊ីម៉ង់ត៍ និងដែកថែប ជាសម្ភារៈសំណង់ដែលនាំចូលច្រើនជាងគេ
- កម្ពុជាអាចផលិតស៊ីម៉ង់ត៍ប្រមាណ ១០ លានតោនក្នុងមួយឆ្នាំៗ ដែលអាចបំពេញតម្រូវការក្នុងស្រុក ៩០ ភាគរយ
- ការវិនិយោគពីក្រៅប្រទេសនៅកម្ពុជា មានចំណែក 1/3 គឺផ្តោតលើសំណង់-អចលនទ្រព្យ
ភ្នំពេញ៖ ការនាំចូលសម្ភារៈសំណង់បានបង្ហាញសញ្ញាល្អឡើងវិញ ដែលកើនឡើងជិត ៣០ ភាគរយ បន្ទាប់ពីថមថយដោយសារកូវីដ-19 ។ នេះបើតាមរបាយការណ៍ធនាគជាតិនៃកម្ពុជា។
របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយដើមសប្តាហ៍នេះ បានឱ្យដឹងថា បរិមាណនៃការនាំចូលសម្ភារៈសំណង់ពីក្រៅប្រទេសមកកម្ពុជាក្នុងឆ្នាំ ២០២១ បានកើនឡើង ២៧ ភាគរយ ធៀបនឹងឆ្នាំ ២០២០។ កំណើននេះ គឺដោយសារតែគម្រោងសាងសង់ជាច្រើនដែលបានផ្អាក ចាប់ផ្តើមដំណើការសាងសង់ឡើងវិញ ស្របពេលដែលរំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលផ្តោតលើវិស័យសំណង់ក៏បានបង្ហាញការងើបឡើងវិញជាវិជ្ជមានផងដែរ។
ការនាំចូលសម្ភារៈសំណង់កាលពីឆ្នាំ ២០២០ បានធ្លាក់ចុះ (-១២) ភាគរយ ខណៈដែល FDI វិនិយោគក្នុងវិស័យនេះថមថយ (-១០) ភាគរយ។ នេះបើតាមរបាយការណ៍។
អ្នកជំនាញធនាគារជាតិនៃកម្ពុជា បានបញ្ជាក់នៅក្នុងរបាយការណ៍ថា ៖ «សកម្មភាពវិនិយោគវិស័យនេះអាចងើបឡើងយឺត ដោយសារតែអ្នកវិនិយោគមិនទាន់ចាប់ផ្តើមបង្កើនទុនវិនិយោគភ្លាមៗនៅឡើយទេ ដោយរង់ចាំមើលពីស្ថានភាពអំណោយផល»។
សម្ភារៈសំណង់ ដែលមានចំណែកនាំចូលច្រើនជាងគេ គឺស៊ីម៉ង់ត៍ និងដែកថែប។ ជាក់ស្តែងសម្ភារៈសំណង់នាំចូលមកកម្ពុជាកាលពីឆ្នាំ២០២០ មានប្រមាណជាង ១ពាន់លានដុល្លារ ហើយក្នុងនោះស៊ីម៉ង់ត៍ និងដែកថែបគឺមានចំណែកជិតពាក់កណ្តាល។ នេះបើតាមទិន្នន័យក្រសួងពាណិជ្ជកម្ម។
បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៥កន្លែង ដែលមានសមត្ថភាពអាចផលិតស៊ីម៉ង់ត៍ប្រមាណជិត១០ លានតោនក្នុងមួយៗឆ្នាំ ហើយបិរមាណនេះត្រូវបានសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា ប៉ាន់ប្រមាណថាអាចឆ្លើយតបតម្រូវការក្នុងស្រុករហូតដល់ ៩០ ភាគរយ ដោយត្រូវការនាំចូលបន្ថែមតែ ១លានតោនប៉ុណ្ណោះក្នុងមួយឆ្នាំ។
[អត្ថបទទាក់ទង៖ ការផ្គត់ផ្គង់ស៊ីម៉ងត៍ស្ទើរទាំងស្រុងសម្រាប់វិស័យសំណង់កម្ពុជាចេញពីខេត្តកំពត]
របាយការណ៍ធនាគារពិភពលោក បានរកឃើញថា នៅចន្លោះឆ្នាំ ២០១៤ ដល់ខែមិថុនាឆ្នាំ២០២០ ទុនវិនិយោគផ្ទាល់ពីបរទេស ដែលទទួលបានការអនុម័តច្រើនជាងគេគឺចាក់បញ្ចូលទៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ ដោយមានទុនបូកបញ្ចូលគ្នាដល់ទៅ ៥ ពាន់លានដុល្លារអាមេរិក។ ទំហំទុនវិនិយោគនេះ គឺស្មើនឹងមួយភាគបី (1/3) នៃតម្លៃគម្រោងវិនិយោគពី FDI៕