រដ្ឋាភិបាលកម្ពុជាបានដាក់ចេញយន្តការថ្មីមួយ ដែលអាចឲ្យរដ្ឋបាលរាជធានី-ខេត្ត មានសិទ្ធសម្រេចចំពោះគម្រោងវិនិយោគដែលមានទុនវិនិយោគក្រោម ៥ លានដុល្លារអាមេរិក។ យន្តការថ្មីនេះ ត្រូវបានគេរំពឹងថា នឹងអាចសម្រួល និងការបង្កើនការវិនិយោគនៅតាមបណ្តាខេត្តនៅកម្ពុជា។
យោងតាមអនុក្រឹត្យ ស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅនៃអនុគណៈកម្មការវិនិយោគរាជធានី-ខេត្ត» ដែលចុះហត្ថលេខា ដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ២០ មិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា អនុគណៈកម្មការវិនិយោគរាជធានី-ខេត្ត ត្រូវបានផ្តល់សិទ្ធិអំណាច (ប្រតិភូកម្ម) ក្នុងការពិនិត្យ និងសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទ ចំពោះគម្រោងវិនិយោគមានទុនក្រោម ៥ លានដុល្លារអាមេរិក។
យន្តការថ្មីនេះ ត្រូវបានគេរំពឹងថា នឹងជួយបង្កើនប្រសិទ្ធភាពផ្តល់សេវាដល់វិនិយោគិន ជំរុញការវិនិយោគ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមបណ្តាខេត្ត។
យ៉ាងណាមិញ ចំពោះគម្រោងវិនិយោគ ដែលមានទុនចាប់ពី៥លានដុល្លារអាមេរិកឡើងទៅ និងប្រភេទគម្រោងវិនយោគផ្សេងទៀត គឺត្រូវឆ្លងកាត់យន្តការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ (ខ្លឹមសារបន្ថែមមានភ្ជាប់ខាងក្រោមអត្ថបទ)
រយៈពេល២ ខែដើមឆ្នាំ២០២២នេះ ស្ថានភាពវិនិយោគ បានបង្ហាញភាពល្អប្រសើរឡើងវិញបន្តិច ដែលជាក់ស្តែងគម្រោងវិនិយោគឯកជនសរុប (មិនរាប់បញ្ចូលគម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស) មានចំនួន ៣៥ គម្រោង កើនឡើង ១៤ គម្រោង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទិន្នន័យដដែលបានបញ្ជាក់ថា តែបើគិតជាទំហំទឹកប្រាក់វិញ គម្រោងវិនិយោគទាំងនេះបូកបញ្ចូលគ្នាមានប្រមាណ ២ពាន់លានដុល្លារ កើនឡើង ២៣០ ភាគរយ។