Coldwell Banker ទទួលពានរង្វាន់ពីស្ថាប័នអន្តរជាតិ

Torng Rotanak 27/May/2022 19:24
ចែករំលែក

ក្រុមហ៊ុន Coldwell Banker ជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យលំដាប់អន្តរជាតិ ដែលផ្តោតលើសេវាកម្មទិញ លក់ និងជួល អចលនទ្រព្យលំដាប់ខ្ពស់ (luxury property) ទទួលបានពានរង្វាន់អចលនទ្រព្យប្រចាំតំបន់អាស៊ីប៉ាស៊ីហិ្វកប្រចាំឆ្នាំ ២០២២-២០២៣ ពីស្ថាប័ន International Property Awards ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

International Property Awards ជាស្ថាប័នដែលផ្តល់ពានរង្វាន់ដ៏ល្បីល្បាញលើពិភពលោកក្នុងវិស័យអចលនទ្រព្យជារៀងរាល់ឆ្នាំ។ ការផ្តល់ពានរង្វាន់នេះ គឺជាការទទួលស្គាល់នូវសមិទ្ធិផលកម្រិតខ្ពស់ ពីប្រតិបត្តិការរបស់ក្រុមហ៊ុននីមួយៗសម្រេចបាន។

ក្រុមហ៊ុន Coldwell Banker Real Estate LLC មានប្រភពដើមពីសហរដ្ឋអាមេរិកត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩០៦ ហើយមានប្រតិបត្តិការជិត ៥០ ប្រទេសលើពិភពលោក និងមានការិយាល័យសរុប ៣ ៣០០ កន្លែង។ កម្ពុជា គឺជាប្រទេសទី៤៥ ដែលម៉ាកយីហោក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិមួយនេះបានបើកការរិយាល័យរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជាកាលពីខែសីហា ឆ្នាំ២០២០ ដោយប្រតិបត្តិការក្រោមឈ្មោះ Coldwell Banker Cambodia។

Coldwell Banker Cambodia ផ្តោតឯកទេសខាងអចលនទ្រព្យសម្រាប់ពាណិជ្ជកម្ម ដូចជាអគារការិយាល័យ ផ្សារទំនើប និងហាងលក់រាយ។

អគ្គនាយកក្រុមហ៊ុន Coldwell Banker  Cambodia លោកខេន ឡូ បានលើកឡើងថា ការទទួលបានពានរង្វាន់នេះ នឹងជួយផ្ដល់ទំនុកចិត្តដល់អតិថិជន និងជំរុញទឹកចិត្តដល់ក្រុមការងារ ដើម្បីបម្រើសេវាកម្មអតិថិជនឱ្យបានខ្ពស់មួយកម្រិតថែមទៀត។

លោកខេន ឡូ អគ្គនាយកក្រុមហ៊ុន Coldwell Banker  Cambodia

លោកថ្លែងថា តាមរយៈការផ្តល់ពានរង្វាន់នេះ នឹងជួយបង្ហាញកម្ពុជាលើឆាកអន្តរជាតិ ដែលនឹងរួមចំណែកដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស។

លោកបន្តថា៖ «នៅពេលដែលអ្នកវិនិយោគក្រៅប្រទេសមកស្វែងរកការវិនិយោគ នៅក្នុងប្រទេសកម្ពុជា នោះអ្នកវិនិយោគនឹងត្រូវការក្រុមហ៊ុនដែលមានកិត្តិនាមល្បីល្បាញដូចជាក្រុមហ៊ុន Coldwell Banker Cambodia ដើម្បីធ្វើជាភ្នាក់ងារ ក្នុងការស្វែងរកទីតាំង ស្វែងការិយាល័យ ឬអគារពាណិជ្ជកម្ម​ ​សម្រាប់ប្រតិបត្តិការធុរកិច្ចនៅកម្ពុជា»។ ​

បើតាមលោក ខេន ឡូ ​គណៈគ្រប់គ្រងក្រុមហ៊ុន Coldwell Banker Cambodia ត្រូវបានអញ្ចើញទៅចូលរួមទទួលពានរង្វាន់នេះ នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២​ ឆាប់ៗខាងមុខនេះ។

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង