Century 21 Cambodia បន្តជាម៉ាកយីហោឆ្នើមក្នុងវិស័យអចលនទ្រព្យកម្ពុជា

Bunthoeun Chhut 24/May/2022 16:55
ចែករំលែក

ក្រុមហ៊ុន Century 21 Cambodia ជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជាដែលទទួលបានពានរង្វាន់ជា ក្រុមហ៊ុនមានកេរ្ត៍ឈ្មោះ (ឬម៉ាកយីហោ) ឆ្នើមជាងគេបំផុតក្នុងវិស័យអចលនទ្រព្យរយៈពេលពីរឆ្នាំជាប់ៗគ្នានៅកម្ពុជាពីទស្សនា​វដ្តី The Global Economics ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

ការផ្តល់ពាន់​រង្វាន់ជាម៉ាកយីហោឆ្នើមក្នុងវិស័យអចលនទ្រព្យនេះ ស្របពេលដែលក្រុមហ៊ុន Century 21 Cambodia កំពុងបន្តពង្រីកខ្លូន ក្នុងការផ្តល់សេវាកម្មគ្រប់ដណ្តប់នៅទូទាំងប្រទេសកម្ពុជា ដើម្បីចាប់យកចំណែកទីផ្សារ។​

យោងតាមសេចក្តីប្រកាសព័ត៌មាន​របស់ The Global Economics បានឱ្យដឹងថា ពានរង្វាន់ដែលផ្តល់ចំពោះក្រុមហ៊ុនអចលនទ្រព្យនេះគឺជាការទទួលស្គាល់ឈ្មោះនូវម៉ាកយីហោឯករាជ្យមួយ​ក្នុងវិស័យនេះ ដោយផ្អែកលើសមិទ្ធិផលនៃការកសាងម៉ាកយីហោ និងទីផ្សារឱ្យលេច​ធ្លោជាងគេ​ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការជំរុញការយល់ដឹងពីទីផ្សារ និងការ​ផ្តល់សេវាកម្មកម្រិតស្តង់ដា​ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។

អ្នកស្រី ហ្គ្រេស រចនីហ្វុ​ង អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia បានថ្លែងថាការទទួលស្គាល់នូវម៉ាកយីហោឆ្នើម ដោយស្ថាប័នអន្តរជាតិមួយនេះ ជាសមិទ្ធិដ៏គួរឱ្យស្ងប់ស្ញែង ដែលធ្វើឱ្យកិត្តិនាមរបស់ក្រុមហ៊ុន Century 21 Cambodia បោះជំ​ហានទៅមុខកម្រិត​ទៀត ហើយអាចឈរជើងក្នុងចំណោមក្រុមហ៊ុនកំពូលៗនៅលើពិភពលោក។

អ្នកស្រី ហ្គ្រេស រចនីហ្វុ​ង អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia

អ្នកស្រីថ្លែងថា៖ «យើងខ្ញុំពិតជាមាន​មោទកភាពចំពោះសមិទ្ធិផលនេះ។ លទ្ធផលដ៏ល្អនេះ​មិនអាចសម្រេចបានទេ ប្រសិនបើពុំមានការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការរួបរួមដ៏ស្វាហាប់ពីសមាជិកមហា​គ្រួសារ Century 21 Cambodia និងអ្នកគ្រប់គ្រងទាំងអស់​របស់យើង។ សាមគ្គីភាពនេះ​ធ្វើឲ្យកិត្តិនាមក្រុមហ៊ុនរបស់​យើងចេញជាផ្លែផ្កា។»​

អ្នកស្រីបានបន្តថា​៖«យើងនឹងបន្តអភិវ​ឌ្ឍន៍មហាក្រុម​គ្រួសារ Century 21 Cambodia ឱ្យកាន់តែរឹងមាំខ្លាំងថែមទៀត ដើម្បី​នាំយកទង់ជាតិកម្ពុជាទៅបង្ហាញលើឆាកអន្តរជាតិ ដើម្បីនាំពានរង្វាន់កិត្តិយសផ្សេងៗទៀត ជូនជាតិមាតុភូមិរបស់យើង៕»

បច្ចុប្បន្នក្រុមហ៊ុន ក្រុមហ៊ុន Century 21 Cambodia បានសម្រេចផ្តល់កម្មសិទ្ធបញ្ញា (Franchise) ដល់ក្រុមហ៊ុន ២៣ ក្រុមហ៊ុននៅកម្ពុជា និងបានបង្កើតឱកាសការងារជាង ១ពាន់នាក់មកទល់បច្ចុប្បន្ន។ យីហោក្រុមហ៊ុន Century 21 កំពុងដំណើរការនៅគ្រប់តំបន់នៅកម្ពុជា ដោយរួមមាន ១៤ ខណ្ឌនៅភ្នំពេញ និង ២៤ តាមបណ្តាខេត្តទូទាំងប្រទេស។

ទស្សនាវដ្តី The Global Economics មាន​មូលដ្ឋាននៅចក្រភពអង់គ្លេស ផ្តោតលើវិស័យហិរញ្ញវត្ថុ និងធុរកិច្ច។ ទស្សនាវដ្តីនេះចេញផ្សាយនូវកម្មវិធីពានរង្វាន់ប្រចាំឆ្នាំ ដោយជ្រើសរើសយកក្រុមហ៊ុនណាដែលសម្រេចបានសមិទ្ធិផលវិសេសវិសាលដាច់គេ ដើម្បីទទួលបានពាន​រង្វាន់កិត្តិយស​ពិភពលោកនេះ។

សម្រាប់វិស័យអចលនទ្រព្យ ទស្សនាវដ្តីនេះ​បានផ្តល់ពានរង្វាន់ឆ្នើមប្រចាំឆ្នាំ ២០២១ ដល់ក្រុមហ៊ុនចំនួន 12 ដែលតំណាងឱ្យប្រទេសផ្សេងៗគ្នា​នៅលើពិភពលោក។ ក្នុងនោះ ក្រុមហ៊ុន Century 21 Cambodia ទទួលបានពានរង្វាន់ម៉ាកយីហោនាំមុខគេក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ ក្រុមហ៊ុន  ALARGAN International Real Estate Company ទទួលបានពានរង្វាន់ជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានដែលមានការច្នៃប្រឌិតជាងគេនៅប្រទេសគុយវ៉ែត និងក្រុមហ៊ុន The Sentry ទទួលបាន​ពាន់រង្វាន់កិត្តិយសជាក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យនាំមុខគេនៅវៀតណាម៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង