ដោយ ហ៊ គីមសាយ
ភ្នំពេញ៖ ក្រុមហ៊ុន Century 21 Cambodia គ្រោងពង្រីកប្រតិបត្តិការរបស់ខ្លួនឲ្យបានគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជាចាប់ពីដើមឆ្នាំ ២០២០ នេះតទៅ ដោយបើកការិយាល័យថ្មី ៣៨ បន្ថែមដើម្បីឆ្លើយតបនឹងកំណើនតម្រូវការសេវាអចលនទ្រព្យនៅតាមបណ្តាខេត្ត។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានស្តីពីគម្រោងនៃការបើកការិយាល័យថ្មីទាំង ៣៨ នៅរសៀលថ្ងៃព្រហស្បតិ៍ទី ១៩ ខែធ្នូឆ្នាំ ២០១៩ លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានឲ្យដឹងថាការិយាល័យថ្មីទាំង ៣៨ នេះនឹងដំណើរការក្រោមឈ្មោះ Century 21 Zillion Holding ដែលជាក្រុមហ៊ុនថ្មីមួយក្នុងចំណោមក្រុមហ៊ុនទាំង ២៣ នៅកម្ពុជាដែលបានទទួលសិទ្ធធ្វើអាជីវកម្មលើម៉ាកយីហោ Century 21 នៅកម្ពុជា។
លោកស្រី បានលើកឡើងថា ក្នុងចំណោមការិយាល័យថ្មីទាំង ៣៨ មានការិយាល័យ ១៤ នឹងដាក់ទីតាំងនៅខណ្ឌទាំង ១៤ នៅក្នុងរាជធានីភ្នំពេញ (ខណ្ឌមួយ ការិយាល័យថ្មីមួយ) ខណៈការិយាល័យ ២៤ ទៀតនឹងបើកនៅតាមខេត្តទាំង ២៤ នៅកម្ពុជា។

លោកស្រីបញ្ជាក់ថា៖«សម្រាប់បងប្អូន ម្ចាស់អចលនទ្រព្យដែលមានទីតាំងល្អៗនៅតាមបណ្តាខេត្ត ខណ្ឌទាំងអស់ សូមទាក់ទងមកក្រុមកាងាររបស់ Century 21 Cambodia ដើម្បីឲ្យយើងបានដឹង និងពិនិត្យទីតាំងនោះដើម្បីជួលបើកការិយាល័យឲ្យចំទីកន្លែងសម្រាប់ភាពងាយស្រួលដល់អតិថិជន។ យើងនៅមានសក្តានុពលច្រើនណាស់ក្នុងការពង្រីកការិយាល័យ Century 21 នៅប្រទេសកម្ពុជា ស្របពេលបណ្តាខេត្តជាច្រើនកំពុងមានកំណើនទិញលក់ដីធ្លីទាំងសម្រាប់យកចំណេញ និងសម្រាប់អភិវឌ្ឍន៍គម្រោងផ្សេងៗ»។
លោកស្រី ហ្គ្រែស រចនីហ្វុងបញ្ជាក់ថា៖«យើងរំពឹងថា ការិយាល័យថ្មីរបស់យើងទាំង ៣៨ នឹងជួយបំពេញចន្លោះដែលធ្លាប់ខ្វះខាតកន្លងមក ហើយនឹងរួមចំណែកជំរុញការអភិវឌ្ឍន៍ទីផ្សារអចលនទ្រព្យប្រកបដោយនិរន្តរភាព»។
ក្រុមហ៊ុន Century 21 Zillion Holding គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយមានការសហការវិនិយោគដោយភាគទុនិកពីម្ចាស់ Franchise របស់សមាជិកគ្រួសារ Century 21 ដែលមានស្រាប់។ ខុសប្លែកពីក្រុមហ៊ុនរួមគ្រួសារ Century 21 ផ្សេងៗទៀតបន្តិច ប្រតិបត្តិការរបស់ ក្រុមហ៊ុន Century 21 Zillion Holding នឹងផ្តោតសំខាន់តែលើទីផ្សារដីធ្លីប៉ុណ្ណោះរួមមានការទិញ លក់ និងជួល។

គិតមកទល់ពេលនេះ ក្រុមហ៊ុន Century 21 Zillion Holding បានរៀបចំនីតិវិធីសំខាន់ៗដើម្បីអនុវត្តន៍គម្រោងនេះស្ទើររួចរាល់អស់ហើយ។ ធនធានមនុស្សសម្រាប់ការិយាល័យថ្មីទាំង ៣៨ ត្រូវបានជ្រើសរើសដោយយកចិត្តទុកដាក់ ហើយត្រូវបានក្រុមហ៊ុនផ្តល់វគ្គបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវដោយមានគ្រូបណ្តុះបណ្តាលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យទាំងក្នុង និងក្រៅប្រទេស។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជានាយកប្រតិបត្តិក្រុមហ៊ុន Century 21 Mekong បានលើកឡើងថាតម្រូវការទិញលក់អចលនទ្រព្យនឹងនៅតែល្អ ហើយទីផ្សារដីធ្លីនៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួននឹងមានសកម្មភាពល្អដែលជាឱកាសល្អសម្រាប់វិនិយោគិនក្នុងវិស័យនេះ។

លោកថ្លែងថា៖«ខេត្តទាំងប្រាំមួយរួមមាន ខេត្តព្រះសីហនុ កំពត សៀមរាប បាត់ដំបង កំពង់ស្ពឺ និងខេត្តកណ្តាលគឺជាខេត្តដែលបាននឹងកំពុងរីកចម្រើននៅក្នុងវិស័យអចលនទ្រព្យជាពិសេសគឺដីធ្លី»។