ក្រុមហ៊ុន Chestertons បានចាត់ទុកកម្ពុជា ជាទីផ្សារ «គន្លឹះ, រីកចម្រើនខ្លាំង» ស្របតាមយុទ្ធសាស្រ្តពង្រីកខ្លួននៅតំបន់អាស៊ី។ ហើយវត្តមានក្រុមហ៊ុនដែលមានអាយុកាលជាង២០០ឆ្នាំនេះ នឹងជួយលើកកម្ពស់ស្តង់ដារក្នុងការគ្រប់គ្រងអចលនទ្រព្យនៅកម្ពុជា និងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ។
ក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យលំដាប់ពិភពលោក Chestertons Cambodia ដែលមានប្រភពដើមពីចក្រភពអង់គ្លេស បានបើកសម្ពោធជាផ្លូវការនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការលើការគ្រប់គ្រងអគារលំនៅឋាន និងអគារពាណិជ្ជកម្ម។
បច្ចុប្បន្នក្រុមហ៊ុន Chestertons មានអាយុកាល ២១៦ឆ្នាំ ហើយ Chestertons បានបើកការិយាល័យជាផ្លូវការទី៣០របស់ខ្លួន នៅរាជធានីភ្នំពេញ។ ក្នុងនោះ ក្រុមហ៊ុន Chestertons Cambodia នឹងផ្ដោតសំខាន់លើ សេវាកម្មគ្រប់គ្រងអចលនទ្រព្យ ដូចជាអគារការិយាល័យ អគារលំនៅឋាន បុរី រួមទាំងអគារពាណិជ្ជកម្មផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Chestertons Cambodia លោក កឺក ណារិន បានលើកឡើងថា ការរីកចម្រើនលើវិស័យសំណង់ និងវិស័យអចលនទ្រព្យ កំពុងរីកដុះដាលខ្លាំង ដូចជាសំណង់អគារសម្រាប់ការស្នាក់នៅ និងធុរកិច្ច ។ លោក កត់សម្គាល់ឃើញថា ការផ្តល់សេវាគ្រប់គ្រងអចលនទ្រព្យកន្លងមក ហាក់នៅមានចំណុចខ្វះខាតនៅឡើយ ដែលទាមទារឲ្យមានអ្នកជំនាញផ្នែកគ្រប់គ្រង ដើម្បីផ្តល់សេវាកម្មនេះប្រកបដោយប្រសិទ្ធិភាព។

លោក កឺក ណារិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Chestertons Cambodia ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន
លោកកឹក ណារិន បានថ្លែងថា៖ «Chestertons Cambodia មានចក្ខុវិស័យវែងឆ្ងាយសម្រាប់ដំណើរការក្រុមហ៊ុនរបស់យើងនៅក្នុងទីផ្សារប្រទេសកម្ពុជា តាមរយៈការចូលរួមចំណែកដើម្បីផ្តល់សេវាកម្មគ្រប់គ្រប់អចលនទ្រព្យនេះជូនអ្នកអភិវឌ្ឍន៍អចលនទ្រព្យ អ្នកវិនិយោគ និងម្ចាស់អគារអោយបានល្អបំផុត»។
យោងតាមការបញ្ជាក់ពីអ្នកជំនាញអចលនទ្រព្យ ការទទួលបានសេវាគ្រប់គ្រងអចលនទ្រព្យដែលមានទាំងកេរ្តិ៍ឈ្មោះល្បីល្បាញ និងស្តង់ដារលំដាប់អន្តរជាតិ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ម្ចាស់ទ្រព្យ ជាពិសេសនោះគឺជួយឱ្យតម្លៃអចលនទ្រព្យនោះឡើងថ្លៃខ្ពស់ ហើយងាយស្រួលលក់ចេញ ឬដាក់ជួល។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ មានគម្រោងសាងសង់ជាង ៤ ៣០០ គម្រោង ទទួលបានការអនុម័ត ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបជិត ១៣ លានម៉ែត្រការ៉េ។ គម្រោងសាងសង់ទាំងនេះ មានទុនវិនិយោគបូកបញ្ចូលគ្នាប្រមាណ ៥,៣ ប៊ីលានដុល្លារ៕