ម្ចាស់ផ្ទះថ្មោងថ្មីជាច្រើនបង្ហាការខកចិត្ត ទាក់ទងនឹងការសម្រេចចិត្តមិនបានត្រឹមត្រូវ

Torng Rotanak 05/May/2022 16:48
ចែករំលែក

ប្រមាណជា ៧០ភាគរយ នៃអ្នកទិញផ្ទះនៅសហរដ្ឋអាមេរិកខកចិត្តមិនស្ទើរពេលបានដឹងបញ្ហាមួយចំនួនបន្ទាប់ពីពួកគេទទួលបានសិទ្ធកាន់កាប់ពេញលេញជាម្ចាស់ផ្ទះ។ នេះបើតាមការស្ថង់មតិរបស់ក្រុមហ៊ុនអចលនទ្រព្យ។

ក្រុមហ៊ុនអចលនទ្រព្យ Zillow បានស្ថង់មតិពលរដ្ឋអាមេរិកជាង ២ ០០០ នាក់ដែលជាម្ចាស់ផ្ទះថ្មីថ្មោង ដោយលទ្ធផលពួកគេបានឆ្លើយតបប្រហាក់ប្រហែលគ្នា ​ដែលមានប្រមាណ៧៥ ភាគរយ បង្ហាញពីភាពស្តោកស្តាយបញ្ហា​សំខាន់មួយក្នុងការទិញលំនៅឋាន។ ក្នុងនោះមានជិត ៤០ ភាគរយ បាននិយាយថា ពួកគេគួរតែចំណាយពេលឲ្យបានច្រើនបន្តិចដើម្បីសិក្សាស្វែងយល់ពីការទិញលំនៅឋានដើម្បីរស់នៅ។ បញ្ហាមួយ ក្នុងបញ្ហាចម្បងដែលពួកគាត់ជួបប្រទះ ហើយក៏មានផលប៉ះពាល់ខ្លាំងនោះគឺ ការមិនបានប៉ាន់ប្រមាណឱ្យស៊ីជម្រៅទាក់ទង​នឹងតម្លៃ​ផ្ទះសរុប។

ទាំងនេះក៏អាចជាមេរៀនដ៏សំខាន់សម្រាប់ពលរដ្ឋកម្ពុជា ក្នុងការសិក្សាបានស៊ីជម្រៅមុននឹងសម្រេចចិត្តទិញលំនៅឋាន​ ឬប្រើប្រាស់​កម្ចីធនាគារ​ក្នុងការទិញអចលនទ្រព្យ។​

អត្ថបទាក់ទង៖ ស្វែងយល់គន្លឹះទិញអចលនទ្រព្យឱ្យបានត្រឹមត្រូវ ហើយសុវត្ថិភាព

ការសម្រេចចិត្តភ្លាមៗក្នុងការទិញផ្ទះ ដោយមិនបានគិតលើបញ្ហាមួយចំនួនដូចជា តម្លៃជួសជុល ការមើលថែទាំផ្សេងៗ និងទីតាំងផ្ទះ គឺសុទ្ធតែជាបញ្ហាដែលធ្វើឲ្យម្ចាស់ផ្ទះថ្មោងថ្មីនៅសហរដ្ឋអាមេរិកខកចិត្តយ៉ាងខ្លាំង។ លំនៅឋានជាច្រើនត្រូវបានលក់ចេញយ៉ាងឆាប់រហ័សក្នុងតម្លៃប្រកួតប្រជែងនៅក្នុងទីផ្សារ ដែលធ្វើអ្នកទិញផ្ទះមួយចំនួនសោកស្តាយពីការសម្រេចចិត្តទិញផ្ទះរបស់ខ្លួន។

តម្លៃផ្ទះជាទូទៅនៅសហរដ្ឋអាមេរិកមានតម្លៃជាមធ្យមប្រហែល ៣៣ ម៉ឺនដុល្លារ​ក្នុងមួយខ្នង​ កើនឡើង២០ ភាគរយ​ធៀបនឹងខែ មីនា ឆ្នាំ២០២១។ ខណៈដែលអត្រាការប្រាក់កម្ចីទិញអចលនទ្រព្យនៅអាមេរិក (mortgage) បានកើនដល់ ៥,៦ ភាគរយក្នុងមួយ សម្រាប់កម្ចីដែលមានរយៈពេល ៣០ ឆ្នាំ។

អ្នកជំនាញសេដ្ឋកិច្ចនៃសមាគមជាតិអចលនទ្រព្យ បានលើកឡើងពីកត្តាចម្បងដែលម្ចាស់ផ្ទះថ្មីថ្មោងជួបប្រទះនោះគឺ កម្ចីទិញផ្ទះដែលមានតម្លៃទ្វេរគុណ និងការបង់ប្រាក់កក់មុនទិញផ្ទះ និងការចំណាយលើសេវាផ្សេងៗមានដូចជា ពន្ធអចលនទ្រព្យ ធនារ៉ាប់រង សេវាជួលជុល​ និងការចំណាយលើថ្លៃសេវា​រដ្ឋបាលបន្ទាប់ពីកម្ចីអនុម័ត (closing cost)។

ជាក់ស្តែង អ្នកទិញផ្ទះត្រូវចំណាយលើ  closing cost ជាមធ្យមចន្លោះពី៣ ទៅ៦ភាគរយនៃតម្លៃផ្ទះ។ ១ភាគរយទៀតលើការជួសជុលប្រចាំឆ្នាំ ហើយបើគិតជាទំហំទឹកប្រាក់ប្រមាណជា ៥ពាន់ដុល្លារ ក្នុង១ឆ្នាំ សម្រាប់ផ្ទះដែលមានតម្លៃ ៥០ ម៉ឺនដុល្លារឡើងទៅ៕

 

អត្ថបទ៖ សុខអាត

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង