អចលនទ្រព្យមានចំណែកធំជាងគេ ទាក់ទាញការវិនិយោគពីក្រៅប្រទេស ​​

Bunthoeun Chhut 04/May/2022 15:17
ចែករំលែក

«អចលនទ្រព្យ និងសំណង់ នៅតែដើរតួជាចន្ទល់នៃសេដ្ឋកិច្ចរបស់យើង ហើយក្នុងរយៈពេលមធ្យមយើងត្រូវការវិស័យនេះ ដើម្បីជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច»

វិស័យអចលនទ្រព្យរក្សាបានកំណើនយ៉ាងរឹងមាំរយៈពេលជិត៣០​ឆ្នាំចុងក្រោយនេះ ដោយរួមចំណែកដ៏សំខាន់ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការទាក់ទាញរំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលមានចំណែកធំជាងគេ ​បើធៀបនឹងវិស័យសក្តានុពលផ្សេងៗទៀត។ នេះបើតាមស្ថិតិធនាគារជាតិនៃកម្ពុជា។

កំណើននៃការវិនិយោគនេះបានបង្ហាញថា អចលនទ្រព្យនៅតែជាវិស័យដ៏មានសក្តានុពល ដែលបានបង្កើតឱកាសជាច្រើនដល់អ្នកប្រកបអាជីពក្នុវិស័យនេះ ព្រមទាំងអ្នកវិនិយោគក្នុងស្រុក និងបរទេស ​ដែលបណ្តាក់ទុនវិនិយោគនៅកម្ពុជា​។

យោងតាមស្ថិតិសង្ខេបស្តីពីស្ថានភាពវិនិយោគផ្ទាល់ពីបរទេសចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា  កាលពីសប្តាហ៍មុន បានបង្ហាញថា ទុន FDI ដែលបានចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចកម្ពុជាមានប្រមាណ ៤១ ពាន់លានដុល្លារអាមេរិក ​ដែលគិតចាប់ពីឆ្នាំ១៩៩៤ មកដល់ដំណាច់ឆ្នាំ២០២១។​ អ្នកវិនិយោគមកពី​ប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងវៀតណាម នាំមុខគេវិនិយោគនៅកម្ពុជា។

ក្នុងនោះអចលនទ្រព្យមានចំណែកធំជាងគេ (បូកបញ្ចូលទាំងការវិនិយោគកម្មន្តសាល ដែលសំដៅលើការវិនិយោគលើរោងចក្រឧស្សាហកម្ម) ដែលមានទំហំទឹកប្រាក់ប្រមាណជាង ១៣ ពាន់លានដុល្លារ​ ឬស្មើនឹងប្រមាណ ៣៣ ភាគរយ។ ខណៈដែលFDI ចាក់បញ្ចូលទៅក្នុងវិស័យហិរញ្ញវត្ថុមានប្រមាណ ៩ ពាន់លានដុល្លារអាមេរិក ឬមានចំណែកប្រហែល ២៣ ភាគរយនៃទុនវិនិយោគសរុប។

យ៉ាងណាមិញ ស្ថិតិនេះមិនបានបង្ហាញលម្អិតទាក់ទងនឹងសកម្មភាពវិនិយោគក្នុងវិស័យអចលនទ្រព្យនោះទេ​ ដែលជាទូទៅសកម្មភាពនៃការវិនិយោគអចលនទ្រព្យមានដូច​ជា អចលនទ្រព្យលំនៅឋាន (សំណង់ផ្ទះជាប់ដី និងខុនដូ​ អាផាតមិន) អចលនទ្រព្យពាណិជ្ជកម្ម (សណ្ឋាគារ ផ្សារទំនើប អគារពាណិជ្ជកម្ម) ​អចលនទ្រព្យឧស្សាហកម្ម (ឃ្លាំង និងរោងចក្រដែលបម្រើដល់សកម្មភាពផលិតទំនិញសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ) និងអចលនទ្រព្យជាដីធ្លី។​

អ្នកជំនាញជាច្រើនក្នុងវិស័យអចលនទ្រព្យ និងមន្រ្តីរដ្ឋាភិបាល ចាត់ទុកសកម្មភាពនៃការវិនិយោគអចលនទ្រព្យ បានតួរនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការប្រមូលពន្ធសម្រាប់ថវិការជាតិ។

ថ្លែងក្នុងវេទិកាសាធារណៈស្ដីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២» កាលពីដើមឆ្នាំនេះ  ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា៖ «អចលនទ្រព្យ និងសំណង់ នៅតែដើរតួជាចន្ទល់នៃសេដ្ឋកិច្ចរបស់យើង ហើយក្នុងរយៈពេលមធ្យមយើងត្រូវការវិស័យនេះ ដើម្បីជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច។ មិនមែនតែនៅស្រុកខ្មែរទេដែលពឹងលើវិស័យអចលនទ្រព្យ សម្រាប់ជាចន្ទល់សេដ្ឋកិច្ច …. ហុងកុង សិង្ហបុរី ចិន អាមេរិក ក៏ត្រូវការអចលនទ្រព្យជំរុញការកំណើនសេដ្ឋកិច្ចដែរ។​

អត្ថបទទាក់ទង៖ ការវិវត្តនៃស្ថានភាពទីផ្សារអចលនទ្រព្យក្នុងបរិបទកូវីដ-១៩

របាយការណ៍បច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យនៅភ្នំពេញរបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា អចលនទ្រព្យលំនៅឋាន ៦២ គម្រោង​ ឬស្មើនឹង​២ម៉ឺនខ្នង ជាគម្រោងបើកលក់ថ្មីក្នុងទីផ្សារកាលពីឆ្នាំ២០២១​។​ ប៉ុន្តែចំនួនផ្គត់ផ្គង់នេះតិចជាងឆ្នាំ ២០២០ ដែលមានចំនួន ៦២គម្រោង ឬស្មើនឹងជាង ៣ម៉ឺនខ្នង​។ ទីផ្សារអចលនទ្រព្យលំនៅឋាន (គិតតែបណ្តុំសំណង់បុរី ផ្ទះល្វែង វីឡា មិនរាប់បញ្ចូលខុនដូ) មានតម្លៃចាប់ពី ៥ម៉ឺនដុល្លារ ដល់ទៅជិត ៥០ម៉ឺនដុល្លារក្នុងមួយខ្នង។

ចំណែកទីផ្សារខុនដូវិញ មានតែប្រភេទខុនដូតម្លៃសមរម្យ  (affordable) ប៉ុណ្ណោះបានបង្ហាញពីការងើបឡើងវិញតិចតូច​ ១,៦ ភាគរយ ក្នុងត្រីមាសទី១ឆ្នាំ២០២២ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០​ ដែលក្នុងមួយយូនីតលក់ក្នុងតម្លៃជាមធ្យម​ ១ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខណៈដែលប្រភេទយូនីតខុនដូតម្លៃមធ្យម និងតម្លៃកម្រិតខ្ពស់ ចាប់ពី ២ ៥០០ដុល្លារ ទៅជាង ៣ ០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃនេះថយចុះចន្លោះពី ០,៣ ទៅ ៤ ភាគរយក្នុងមួយយូនីត៕

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង