វិស័យអចលនទ្រព្យបានឈានទៅកាន់របត់ថ្មីមួយដោយធ្វើការរួមបញ្ចូលនូវ បច្ចេកវិទ្យាប្លុកឆេន (Blockchain) ដើម្បីបង្កើតជាទម្រង់ (Platform) វិនិយោគដ៏ល្អមួយ។ ការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះបាននឹងកំពុងផ្តល់ឱកាសកាន់តែសម្បូរបែបដល់សាធារណៈជនទូទៅ ជាពិសេសការវិនិយោគអចលនទ្រព្យដែលមានតម្លៃរាប់លានដុល្លារ ទោះបីជាវិនិយោគិនមានដើមទុនតិចតួចក៏ដោយ។
បច្ចេកវិទ្យា Blockchain នេះក៏ត្រូវបានធនាគារជាតិនៃកម្ពុជាប្រើប្រាស់ដើម្បីបង្កើតប្រព័ន្ធ «ទូទាត់បាគង» ដែលបាននឹងកំពុងក្លាយជាដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។ រីឯការប្រើប្រាស់ក្នុងវិស័យវិនិយោគជាពិសេស វិស័យអចលនទ្រព្យវិញ ក្រុមហ៊ុន Z1 FINANCIAL ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ZILLENNIUM GROUP បានប្រើប្រាស់បច្ចេកវិទ្យា Blockchain ដើម្បីបង្កើតទម្រង់ (Platform) វិនិយោគ ដែលអាចផ្តល់ឱ្យសាធារណៈជនធ្វើការវិនិយោគអចលនទ្រព្យទាំងក្នុង និងក្រៅប្រទេសតាមរយៈការទិញចំណែកកម្មសិទ្ធនៅលើទម្រង់ (Platform) នេះ។ (ពត៌មានលម្អិតមាននៅក្នុងអត្ថបទក្រោយអំពី៖ ទម្រង់ (Platform) របស់ Z1 FINANCIAL និងប្រព័ន្ធ Ecosystem ក្នុងវិស័យអចលនទ្រព្យ)។
អ្វីជាបច្ចេកវិទ្យា Blockchain?
បច្ចេកវិទ្យា Blockchain គឺជាប្រព័ន្ធផ្ទុកទិន្នន័យស្វ័យប្រវត្តិ ដែលអាចកត់ត្រារាល់ប្រតិបត្តិការតាមប្រព័ន្ធឌីជីថលនៅក្នុងខ្សែច្រវាក់នៃប្លុក ហើយបង្កើតបានជាបញ្ជីប្រវត្តិប្រតិបត្តិការប្រកបដោយសុក្រឹតភាព និងមានការរៀបរៀងទៅតាមលំដាប់លំដោយនៃពេលវេលា។ ទម្រង់ (Platform) វិនិយោគដែលប្រើបច្ចេកវិទ្យា Blockchain នេះអាចឱ្យភាគីអ្នកទិញ និងអ្នកលក់ធ្វើប្រតិបត្តិការរវាងគ្នានិងគ្នាបានដោយផ្ទាល់ ដោយមិនទាមទារឱ្យមានការធានាពីភាគីកណ្តាលនោះទេ។ ដោយសារថាបច្ចេកវិទ្យា Blockchain អាចបញ្ជាក់ភាពត្រឹមត្រូវ សុវត្ថិភាព និងមិនអាចក្លែងបន្លំបាន។
អត្ថប្រយោជន៍នៃបច្ចេកវិទ្យា Blockchain
ទម្រង់ (Platform) វិនិយោគអចលនទ្រព្យដោយប្រើបច្ចេកវិទ្យា Blockchain បានផ្តល់អត្ថប្រយោជន៍ជាច្រើនលើសពីការដោះដូរអចលនទ្រព្យតាមប្រតិបត្តិការតាមបែបលំនាំចាស់កន្លងមក ។ ខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់ៗ ដែលគេប្រើប្រាស់បច្ចេកវិទ្យា Blockchain សម្រាប់ប្រតិបត្តិការក្នុងវិស័យអចលនទ្រព្យ៖
- មានដើមទុនត្រឹម១០០ដុល្លារ ក៏អាចវិនិយោគអចលនទ្រព្យតម្លៃរាប់លានដុល្លារបាន
ផលវិបាកមួយនៃការវិនិយោគអចលនទ្រព្យគឺការទាមទារឱ្យមានដើមទុនច្រើន ហើយកត្តានេះតែងជាឧបស័គ្គដ៏ធំដែលធ្វើឲ្យអ្នកមានដើមទុនតិចតូចពិបាកឈានជើងចូលក្នុងការវិនិយោគអចលនទ្រព្យ។ យ៉ាងណាក៏ដោយ តាមរយៈទម្រង់ (Platform) វិនិយោគអចលនទ្រព្យដោយប្រើបច្ចេកវិទ្យាប្លុកឆេន គេអាចប្រើប្រាស់អត្តសញ្ញាណឌីជីថល (Tokenization) ដើម្បីបំបែកគម្រោងអចលនទ្រព្យទាំងមូលឲ្យទៅជាច្រើនចំណែកកម្មសិទ្ធឌីជីថល ហើយដែលអាចឱ្យសាធារណៈជនមានលទ្ធភាពវិនិយោគអចលនទ្រព្យនោះដោយប្រើដើមទុនតិចតូច។
Tokenization គឺជាដំណោះស្រាយមួយដែលត្រូវបានគេប្រើប្រាស់ដើម្បីបំបែកទ្រព្យរូបីយទៅជាចំណែកទ្រព្យឌីជីថលតូចៗ ឬហៅថា digital token ដែលអាចអនុញ្ញាតឱ្យសាធារណៈជនក្លាយជាចំណែកនៃកម្មសិទ្ធិអចលនទ្រព្យនោះ។
ឧទាហរណ៍៖ អគារមួយតម្លៃ ១០លានដុល្លារ ហើយអចលនទ្រព្យនោះត្រូវបានបំបែកជា 100,000 digital tokens ដែលក្នុងមួយ token មានតម្លៃ ១០០ដុល្លារ។ ដូច្នេះមានន័យថា ទោះមានដើមទុន100 ដុល្លារ ក៏វិនិយោគិនអាចក្លាយជាចំណែកម្ចាស់កម្មសិទ្ធិអចលនទ្រព្យតម្លៃ ១០លានដុល្លារនោះបានដែរ។ ហើយ Token នោះអាចជួញដូរបានដោយសុវត្ថិភាពនៅក្នុងទម្រង់ (Platform) វិនិយោគ ដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain ។
- ប្រតិបត្តិការងាយស្រួល និងមានប្រសិទ្ធិភាពខ្ពស់
កិច្ចសន្យាឆ្លាតវៃ (smart contract) ត្រូវបានរៀបចំ និងចងក្រងទាក់ទងនឹងឯកសារនានានៅក្នុងបច្ចេកវិទ្យា Blockchain ហើយដែលជួយសម្រួលនៅពេលដែលមានប្រតិបត្តិការទិញ-លក់អចលនទ្រព្យ។
- កាត់បន្ថយពេលវេលា
រាល់ប្រតិបត្តិការនៅលើបច្ចេកវិទ្យា Blockchain អាចសម្រេចភ្លាមៗដោយមិនចាំបាច់ត្រូវរង់ចាំ ឬចំណាយពេលវេលាច្រើនថ្ងៃដូចមុនៗឡើយ។
- សន្ទនីយភាព
Tokenization អាចបង្កើតឱ្យមានសន្ទនីយភាពទីផ្សារ តាមរយៈការដោះដូរ ឬទិញ-លក់ រវាងវិនិយោគិន និងវិនិយោគិន។