អ្នកជំនួញ និងសហគ្រិន ជាច្រើនបានលើកឡើងថា អចលនទ្រព្យ ជាឧបករណ៍វិនិយោគដ៏មានសក្តានុពល ហើយផ្តល់ជម្រើសច្រើនយ៉ាងដល់អ្នកវិនិយោគក្នុងការបង្កើតប្រាក់ចំណូល និងជាវិថីកសាងភាពមានបាន។
ជាក់ស្តែង លោក Andrew Carnegie ដែលជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើជាងគេលើពិភពលោកក្នុងសតវត្សរ៍ទី២០ ធ្លាប់បានអះអាងថា 90% នៃមហាសេដ្ឋី សុទ្ធតែបានបង្កើតទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ពួកគេ តាមរយៈការវិនិយោគលើអចលនទ្រព្យ។
តើការវិនិយោគលើអចលនទ្រព្យនៅតែជាជម្រើសដ៏ល្អ និងមានសក្ដានុពលមែនឬយ៉ាងណា? ខាងក្រោមនេះ ជាការយល់ឃើញរបស់សហគ្រិន អ្នកជំនួញជាច្រើនជុំវិញការវិនិយោគអចលនទ្រព្យ៖
«មានអចលនទ្រព្យជាកម្មសិទ្ធផ្ទាល់ខ្លួន ធ្វើឲ្យខ្ញុំក្លាយជាអ្នកមាន»
អ្នកស្រី Barbara Corcoran ស្ថាបនិកក្រុមហ៊ុន Corcorcan Group បានលើកឡើងថា ការទិញអចលនទ្រព្យបានធ្វើឲ្យគាត់ក្លាយខ្លួនជាអ្នកមាន។ ប៉ុន្ដែ ការដែលគាត់ទិញនោះគឺដោយសារតម្រូវការ ពីព្រោះគាត់ត្រូវការកន្លែងស្នាក់នៅ។ អ្នកស្រីបានប្រមែប្រមូលលុយដែលមានទាំងប៉ុន្មានដើម្បីទិញបានបន្ទប់ដ៏តូចមួយជាប្រភេទ Stido នៅក្នុងអគារអាផាតមិនមួយកន្លែង។
ប៉ុន្មានឆ្នាំក្រោយមក តម្លៃរបស់បន្ទប់នោះ បានកើនឡើងទ្វេរដង និងបានជួយឲ្យអ្នកស្រី Barbara Corcoran មានលទ្ធិភាពទិញ អាផាតមិន តាមរយៈការបង់ 50%នៅដើមគ្រា។ មិនយូរប៉ុន្មាន ការវិនិយោគលើកន្លែងស្នាក់នៅនេះ បានជួយឲ្យអ្នកស្រី Barbara អាចទិញបាន អាផាតមិនដែលមាន2 បន្ទប់ ហើយបន្ទាប់មក 3 បន្ទប់ រហូតទិញបានអាផាតមិន ដែលមានតម្លៃថ្លៃ និងស្ថិតនៅជាន់ខ្ពស់ជាងគេបង្អស់ (ឬភាសាអង់គ្លេសហៅថា Penthouse) មានទីតាំងឋិតនៅតំបត់ មមាញឹក និងថ្លៃជាងក្នុងទីក្រុងញ៉ូយ៉ក។
ការទិញបន្ទប់ដ៏តូចមួយនោះគឺជា ជម្រើសដែលសំខាន់បំផុតមួយព្រោះវាបានធ្វើឲ្យអ្នកស្រី Barbara ដឹងពីរបៀបវិនិយោគលើវិស័យអចលនទ្រព្យ។
«អចលនទ្រព្យលំនៅឋាន អាចបង្កើតប្រាក់ចំណូលបានពេញមួយឆ្នាំ»
ចំនុចនេះ អ្នកស្រី Bethenny Frankel ដែលជាសហគ្រិន និងជាស្ថាបនិកក្រុមហ៊ុន Skinnygirl and Bstrong យល់ឃើញថា ការវិនិយោគលើអចលនទ្រព្យ គឺជាគំនិតដ៏ល្អ ប្រសិនបើអ្នកចង់ចូលប្រឡូកក្នុងវិស័យនេះរយៈពេលវែង ព្រោះអ្នកមិនអាចទទួលបានលទ្ធផលមកវិញឆាប់ៗឡើយ។ អាចនិយាយបានថា វិស័យអចលនទ្រព្យគឺជាប្រភពចំណូលមួយដែលអាចជួយរកចំណូលបានពេញមួយឆ្នាំ តាមរយៈការដាក់ជួលផ្ទះ អាគារ ឬបន្ទប់ ដែលអ្នកមានស្រាប់ ដែលនឹងបង្កើតបានប្រាក់ចំណូលប្រចាំខែបន្ថែម ពីលើប្រាក់ចំណូលផ្សេងទៀតរបស់អ្នក។
«ទីតាំង និងប្រភេទអចលនទ្រព្យ ជាកត្តាសំខាន់»
លោក Grant Cardone អ្នកនិពន្ធ និងជាអ្នកជំនួញដ៏ល្បីល្បាញម្នាក់ ជឿថាការវិនិយោគលើអចលនទ្រព្យ គឺជាការវិនិយោគដ៏ល្អ ប៉ុន្ដែអ្នកគួរតែធ្វើការពិនិត្យឲ្យបានត្រឹមត្រូវជាមុនចំពោះទីតាំង និងប្រភេទអចលនទ្រព្យដែលអ្នកចង់ទិញផងដែរ។ យ៉ាងមិញ មិនថាអ្នកធ្វើការវិនិយោគលើអចលនទ្រព្យប្រភេទអ្វី ឬនៅកន្លែងណានោះទេ វាល្អជាងការផ្ញើរលុយនៅក្នុងធនាគារ ព្រោះថាតម្លៃលុយអាចនឹងធ្លាក់ចុះ តែការលុយទៅទិញអចលនទ្រព្យ នឹងទទួលបានផលចំណេញ នៅពេលដែលអចលនទ្រព្យនោះឡើងថ្លៃ
«ការទិញ គឺប្រសើរជាងការជួល»
លោក Peter Hernandez ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Teles Properties បានលើកឡើងថា ទោះស្ថិតក្នុងកាលទេសណាក៏ដោយ ការវិនិយោគលើអចលនទ្រព្យនៅតែជាការវិនយោគដ៏ល្អ។ ទោះបីជាមនុស្សគ្រប់គ្នាកំពុងតែព្រួយបារម្ភពីវិបត្តសេដ្ឋកិច្ច ប៉ុន្ដែជាក់ស្ដែង យើងអាចមើលឃើញថា តម្លៃនៃអចលនទ្រព្យនៅតែបន្តឡើងថ្លៃគួរឲ្យកត់សម្គាល់ បើប្រៀបធៀបនិងវិស័យផ្សេងៗទៀត។
ប្រសិនបើអ្នកដាក់ជួលបន្ទប់អាផាតមិនមួយ ក្នុងតម្លៃ ៥០០ ដុល្លារក្នុងមួយខែ ប៉ុន្ដែវាជាការចំនាយដែលមិនទទួលបានអ្វីត្រឡប់មកវិញ នៅពេលដែលអ្នកសម្រេចចិត្តឈប់ជួល ។ ដោយឡែក ប្រសិនបើអ្នកប្រើប្រាស់ចំនួនលុយដដែលនោះទៅបង់រំលោះផ្ទះដែលមានតម្លៃ ២០ម៉ឺនដុល្លារ សម្រាប់រយពេល ១៥ ទៅ ២០ឆ្នាំ នោះអ្នកនឹងទទួលបានផ្ទះសម្រាប់រស់នៅផ្ទាល់ខ្លួន។ ទន្ទឹមនឹងនោះដែរ អ្នកក៏អាចដាក់ជួលដើម្បីទទួលបានប្រាក់ចំណូលបន្ថែមប្រចាំខែ។
«ការវិនិយោគលើអចលនទ្រព្យមិនទាមទារឲ្យមានសាច់ប្រាក់ច្រើននោះទេ»
អ្នកស្រី Dottie Herman នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Douglas Elliman បានចាត់ទុកអចលនទ្រព្យផ្តល់ភាពងាយស្រួលទាក់ទងនឹងការប្រើប្រាស់ហិរញ្ញវត្ថុ ដោយគ្រាន់តែប្រើលុយផ្ទាល់ខ្លួន ១០ ភាគរយ ហើយ៩០ ភាគរយបន្ថែមទៀត អាចប្រើប្រាស់កម្ចីពីធនាគារ ដើម្បីយកទៅវិនិយោគអចលនទ្រព្យ ដោយចំណាយលើការប្រាក់តិចតូច។ (សម្រាប់បរិបថនៅកម្ពុជា អាចទទួលទំហំកម្ចីពីធនាគារដែលជាទូទៅមិនលើសពី ៧០ ភាគរយ នៃតម្លៃទ្រព្យ ហើយអត្រាការប្រាក់ចន្លោះពី ៨ ទៅ ១២ ភាគរយ ក្នុងមួយឆ្នាំ)
អ្នកស្រី Dottie Herman បានបញ្ជាក់ថា ការខាតបង់ពីអចលនទ្រព្យអាចនឹងកើតមានប្រសិនបើអ្នកទិញ ដីធ្លី ឬអចលនទ្រព្យផ្សេងៗកំលុងពេលមានតម្លៃថ្លៃ ហើយលក់ចេញវិញនៅពេលតម្លៃចុះថោក។
«វិស័យអចលនទ្រព្យផ្ដល់ជម្រើសច្រើនដល់អ្នកវិនិយោគ»
លោក Daniel Lesniak ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Orange Line Living បានលើកឡើងថា វិស័យអចលនទ្រព្យផ្ដល់ជម្រើសច្រើនអនេកដល់អ្នកវិនិយោគ ក៏ព្រោះតែវិស័យនេះ មានច្រើនប្រភេទ ហើយការវិនិយោគលើអចលនទ្រព្យផ្ដល់ភាពជាម្ចាស់ការដល់អ្នកវិនិយោគ បើធៀបនឹងប្រភេទនៃការវិនិយោគផ្សេងទៀតដូចជា ភាគហ៊ុន និងមូលបត្របំណុល។ អ្នកចង់ទិញផ្ទះ យកមកអភិវឌ្ឍន៍ឡើងវិញ ហើយលក់ចេញ ដើម្បីយកប្រាក់ចំណេញ ឬក៏ដាក់ជួលដើម្បីបង្កើតជាចំណូលប្រចាំខែ។
«នុស្សគ្រប់គ្នាតែងតែត្រូវការកន្លែងស្នាក់នៅ»

លោក Robert Martinez, ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Rockstar Capital
យើងអាចមើលឃើញថាកន្លែងស្នាក់នៅជាច្រើនកំពុងតែរីកដុះដាលគួរឲ្យកត់សម្គាល់ដូចជា អាផាតមិន ខុនដូ បន្ទប់ជួល ផ្ទះល្វែង វិឡា និងបុរីផ្សេងៗ ដោយសារលំនៅឋានគឺជាតម្រូវចាំបាច់របស់មនុស្ស។ កំណើននៃគម្រោងអចលនទ្រព្យថ្មីៗដាក់លក់ក្នុងទីផ្សារ បានបង្ហាញពីការរីកចម្រើននៃទីផ្សារអចលនទ្រព្យ។ ការផ្គត់ផ្គង់កើតមាន គឺដោយសារតម្រូវការ ហើយតម្រូវការនោះនឹងបន្តកើនឡើង។ មូលហេតុ ដោយសារថា ចំនួនប្រជាជនបន្តកើនឡើង ដែលធ្វើឱ្យតម្រូវការលំនៅឋានមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ។
«វិនិយោគលើដីដែលអាចរកប្រាក់ចំណូលរៀងរាល់ខែ»
លោក Marcello Arrambide ស្ថាបនិកក្រុមហ៊ុនបណ្ដុះបណ្ដាលផ្នែកការធ្វើពាណិជ្ជកម្ម និងការវិនិយោគ Day Trading Academy និងជាសហស្ថាបនិក នៃក្រុមហ៊ុន SpeadupTrader បានលើកឡើងថា អាជីវកម្មជាច្រើនប្រភេទអាចកើតឡើង ហើយក៏ក្ស័យធុនទៅវិញ។ ប៉ុន្ដែមានរបស់ម្យ៉ាងដែលជាតម្រូវការចាំបាច់ នឹងមិនចេះសាកសូន្យ នោះគឺដី។
ដីជាតម្រូវការមួយដែលមិនចេះសាបសូន្យ មិនថាជាដីដាំដំណាំ ដីសម្រាប់សាងសង់លំនៅឋាន អាផាតមិន ឬដីដាក់ជួលឲ្យផ្សារ និងហាងផ្សេងៗនោះទេ។ ហើយការវិនិយោគលើដីនៅតែជា ការវិនិយោគល្អបំផុតមួយក្នុងចំណោមការវិនិយោគលើអចលនទ្រព្យ។ ជារួម យើងមើលឃើញថា វិស័យអចលនទ្រព្យនៅតែឈរឈ្មោះជា វិស័យដែលមានសក្ដានុពលបំផុត សម្រាប់ការវិនិយោគ។ មិនថាពិភពលោកកំពុងតែជួបប្រទះ ការឡើងចុះនៃសេដ្ឋកិច្ច ឬការផ្លាស់ប្ដូរនៃបរិបទពិលោកនោះទេ ក៏វិស័យមួយនេះនៅតែបន្តរីកដុះដាល៕
ប្រភព៖ CNBC
អត្ថបទប្រែសម្រួល៖ ណែត