៥ចំណុច ស្គាល់បញ្ហារបស់អតិថិជន ហើយអាចសម្រេចការលក់ប្រសើរជាងមុន

Torng Rotanak 28/April/2022 16:57
ចែករំលែក

មិនថាការរស់នៅប្រចាំថ្ងៃ ឬជីវិតក្នុងមុខជំនួញនោះទេ តែងជួបប្រទះនឹងបញ្ហាជាច្រើនដែលទាមទារឲ្យមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការរិះរកដំណោះស្រាយណាដែលមានប្រសិទ្ធភាពដើម្បីកាត់បន្ថយបញ្ហា ហើយធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។

ជំនាញដោះស្រាយបញ្ហានិងការសម្រេចចិត្តគឺជាជំនាញទន់ ដែលអ្នកប្រកបអាជីពនៅក្នុងវិស័យអចលនទ្រព្យគួរតែមាន។ ជំនាញទាំងពីរមានទំនាក់ទំនងគ្នាព្រោះបើគ្មានការសម្រេចចិត្តបានត្រឹមត្រូវ នោះបញ្ហាក៏មិនត្រូវបានដោះស្រាយដោយជោគជ័យដែរ។ នេះបើតាមអ្នកជំនាញអភិវឌ្ឍន៍ធនធានមនុស្ស។

នៅក្នុងកម្មវិធីកិច្ចពិភាក្សាប្រចាំសប្តាហ៍របស់បណ្តាញពត៌មានអចលនទ្រព្យ Z1 News លោក បណ្ឌិត Trevor Suter គ្រូបង្វឹកផ្នែកជំនាញទន់ (Soft Skill) របស់ក្រុមហ៊ុន Century21 Zillion Holding​​ បានលើកឡើងពីជំហ៊ានសំខាន់ៗមួយចំនួនដែលគួរអនុវត្តដើម្បីដោះស្រាយបញ្ហា និងសម្រេចចិត្តឲ្យមានប្រសិទ្ធភាព៖

1 / កំណត់ឬសគល់នៃបញ្ហា​ (Identify the root cause of the problem):

មុននឹងឈានទៅដល់ការកំណត់យកដំណោះស្រាយណាមួយដើម្បីដោះស្រាយបញ្ហាបានលុះត្រាតែយើងអាចដឹងពីមូលហេតុ និងកត្តាពាក់ព័ន្ធដែលបណ្តាលឲ្យបញ្ហានោះកើតឡើងជាមុនសិន។ ការយល់ដឹងពីបញ្ហាច្បាស់លាស់ក៏អាចធ្វើឲ្យយើងមើលឃើញពីផលប៉ះពាល់ដែលបញ្ហាមួយអាចមានទៅលើអ្វីមួយផ្សេងទៀតដែរ។ ភ្នាក់ងារអចលនទ្រព្យដែលលេចធ្លោ គឺជាបុគ្គលដែលអាចយល់ដឹង ស្គាល់ពីបញ្ហារបស់អតិថិជនច្បាស់ និងផ្តល់ដំណោះស្រាយឲ្យពួកគេប្រកបដោយគំនិតច្នៃប្រឌិត។

2/ រកដំណោះស្រាយដោយប្រើវិធីផ្សេងៗ:

Mind Mapping និង Brainstorming គឺជាវិធីសាស្រ្ត២ក្នុងចំណោមវិធីផ្សេងៗទៀតដែលអ្នកជំនាញបានលើកឡើងដើម្បីប្រើក្នុងការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាមួយ។ ឧទាហរណ៍ សរសេរឈ្មោះពីបញ្ហា ហើយព្យាយាមស្វែងរកដំណោះស្រាយបញ្ហាយ៉ាងហោចចំនួន២០របៀបផ្សេងៗគ្នា ហើយធ្វើការសម្រេចចិត្តជ្រើសរើសយកដំណោះស្រាយដែលមានប្រសិទ្ធភាពជាងគេ។

3/ វាយតម្លៃដំណោះស្រាយដែលធ្លាប់បានប្រើ

ការចេះវាយតម្លៃចំពោះដំណោះស្រាយមួយអនុញ្ញាតឲ្យយើងមើលឃើញពីកម្រិតនៃប្រសិទ្ធភាពរបស់ដំណោះស្រាយមួយនោះ ចំនុចខ្វះខាត និងអ្វីដែលគួរកែប្រែនៅពេលអនុវត្តលើកក្រោយ។ ការបង្កើតទម្លាប់បែបនេះធ្វើឲ្យយើងអាចសម្រេចចិត្តបានប្រសើរជាងមុន ហើយនឹងមានដំណោះស្រាយល្អៗជាងមុនផងដែរ។

4/ កសាងទំនាក់ទំនងល្អ

ការមានទំនាក់ទំនងល្អជាមួយអតិថិជនក៏ដូចជាក្រុមការងារគឺជាកត្តាសំខាន់សម្រាប់ភ្នាក់ងារអចលនទ្រព្យ ព្រោះវាអាចធ្វើឲ្យអតិថិជនមានទំនុកចិត្ត ហើយប្រាប់ពីបញ្ហាជាក់ស្តែងរបស់ពួកគេ។ វានឹងបង្កភាពងាយស្រួលសម្រាប់ភ្នាក់ងារដើម្បីដឹងពីគោលបំណងពិតប្រាកដរបស់អតិថិជន និងមានលទ្ធភាពផ្តល់ដំណោះស្រាយអោយចំគោលដៅ។

5/ សមត្ថភាពធ្វើការជាក្រុម

ការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាមួយគឺជារឿងពិបាកដែលអាចធ្វើឲ្យការសម្រេចចិត្តមួយខុស ប៉ុន្តែការធ្វើការជាក្រុម និងមានទំនាក់ទំនងល្អជាមួយក្រុមការងារ អាចបង្កើតបានគំនិតថ្មី ដែលប្រសើរ និងល្អជាងគំនិតរបស់មនុស្សម្នាក់។ ឧទាហរណ៍ៈ ប្រសិនបើយើងរកបានដំណោះស្រាយ២០ ហើយក្រុមការងារយើងមានម្នាក់២០ដែរ នោះយើងនិងឃើញមានដំណោះស្រាយច្រើនដែលយើងអាចវាយតម្លៃបានថាមួយណាដែលគួរជ្រើសរើស។

អត្ថបទ៖ ចន្ទី

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង