លំនៅឋានអាជីវកម្ម Shophouse បានបង្ហាញសញ្ញាវិជ្ជមានដោយសារតែអាជីវកម្មមួយចំនួនបានបើកដំណើរការឡើងវិញ ស្របពេលដែលសេដ្ឋកិច្ចប្រទេសជាតិវិលត្រឡប់មករកភាពល្អប្រសើរ។ សញ្ញាល្អនេះបានទាញទីផ្សារលំនៅឋាន Shophouse ឲ្យឈរនៅចំណុចមួយយ៉ាងល្អ បើប្រៀបធៀបទៅនឹងប្រភេទលំនៅឋានផ្សេងៗទៀតនាពេលបច្ចុប្បន្ន។
របាយការណ៍ CBRE Cambodia បានបង្ហាញថា តម្លៃលំនៅឋានអាជីវកម្មបានបង្ហាញសញ្ញាពីការងើបឡើងវិញនៅដើមឆ្នាំ២០២២នេះ ដោយលំនៅឋានអាជីវកម្មមានតម្លៃជាមធ្យមជិត ២៥ម៉ឺនដុល្លារ ក្នុងមួយខ្នង (ឬចន្លោះពីជាង ១០ម៉ឺន ទៅ ៤៥ម៉ឺនដុល្លារក្នុងមួយខ្នង)។ តម្លៃនេះបានកើនឡើង ៤ ភាគរយ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។
តាមការលើកឡើងពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យធ្លាប់បានបញ្ជាក់ថា ផ្ទះអាជីវកម្ម អាចមានតម្លៃខ្ពស់ជាងផ្ទះបែបរស់នៅ តែអាចដើរតួនាទីបានច្រើនជាង ហើយជាទូទៅអ្នកទិញអាចដាក់ជួលវិញក្នុងតម្លៃខ្ពស់ជាងផ្ទះលំនៅឋាន។ ផ្ទះបែបអាជីវកម្ម ក៏អាចលក់បានចំណេញច្រើនជាងផ្ទះបែបលំនៅឋានផងដែរ ដោយសារជាទូទៅតម្លៃឡើងលឿនជាង។ នៅពេលចំនួនប្រជាជនក្នុងតំបន់ផ្ទះនេះកើនឡើង អ្នកទិញបន្ត អាចប្រើប្រាស់ដើម្បីទទួលបានចំណូលមកវិញ ហើយដោយហេតុដូច្នេះហើយអ្នកទិញបន្តតែងហ៊ានទិញក្នុងតម្លៃខ្ពស់។
តាម CBRE Cambodia បានបញ្ជាក់ថា តម្លៃប្រភេទផ្ទះល្វែង លីងហោស៍ (link house) និងលំនៅឋានវីឡាភ្លោះ បានធ្លាក់ចុះចន្លោះពី (-) 0.2% ទៅ (-) 2% ហើយមានតែទីផ្សារលំនៅឋានអាជីវកម្មប៉ុណ្ណោះដែលមានតម្លៃងើបឡើងវិញនៅដើមឆ្នាំ២០២២នេះ។
អត្ថបទ៖ សុខអាត