ចំណុចសំខាន់៖
- ហាងថ្មីៗជិត ៥០ហាងបើកដំណើរការក្នុងទីផ្សារ
- វត្តមានហាងថ្មីៗជួយបង្កើនសក្តានុពលវិស័យលក់រាយកម្ពុជា
- ទីតាំងជួលធ្វើអាជីវកម្មសម្រាប់វិស័យលក់រាយបានកើន ៤០ម៉ឺនការ៉េ ត្រឹម២០២១ នឹងបន្តកើនដល់ ១លានម៉ែត្រការ៉េនៅឆ្នាំ២០២៥
- តម្លៃទីតាំងជួលធ្វើអាជីវកម្មមានតម្លៃចន្លោះពី ២៥ ទៅ ៣០ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ
«សកម្មភាពជួលទីតាំងធ្វើអាជីវកម្ម នឹងបន្តមានកំណើនបន្ថែមទៀតក្នុងឆ្នាំ២០២២នេះ ស្របពេលដែលគម្រោងថ្មីៗជាច្រើនគ្រោងបើកដំណើរការនៅឆ្នាំនេះផងដែរ»
ហាងជាច្រើនដែលជាម៉ាកយីហោល្បីៗទាំងនៅលើពិភពលោក និងក្នុងស្រុកបានបើកដំណើរការក្នុងទីផ្សារនៅភ្នំពេញពីឆ្នាំ២០២១ ដល់ដើមឆ្នាំនេះមានចំនួនជិត ៥០ ហាង ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចចាប់ផ្តើមវិលត្រលប់ទៅរកស្ថានភាពល្អប្រសើរឡើងវិញ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យ។
វត្តមានហាងថ្មីៗទាំងនេះ ជាសញ្ញាល្អសម្រាប់អ្នកផ្គត់ផ្គង់ទីតាំងដាក់ជួលធ្វើអាជីវកម្ម (retail space) ជាពិសេសនៅតាម ប្រភេទផ្សារទំនើប ខណៈដែលអត្រាជួលនៅមានកម្រិតនៅឡើយ បើធៀបនឹងការផ្គត់ផ្គង់ក្នុងទីផ្សារ។
របាយការណ៍សិក្សាពីទីផ្សារអចលនទ្រព្យនៅភ្នំពេញរបស់ក្រុមហ៊ុន Knight Frank និងក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា ពីឆ្នាំ២០២១ មកដល់ដើមឆ្នាំ២០២២នេះ មានហាងចំនួនជិត៥០ កំពុងបើកដំណើរការ។ ក្នុងនោះហាងដែលមានម៉ាកយីហោល្បីៗលើពិភពលោកមានដូចជាហាងអាហារ Pizza Hut, ហាងលក់សម្លៀកបំពាក់ H&M, OVS និងហាងម៉ាកយីហោ Wilsonart ដែលផ្គត់ផ្គង់គ្រឿងសង្ហារឹម និងសំភារៈការិយាល័យជាដើម។
Pizza Hut គឺជាយីហោដើមរបស់ក្រុមហ៊ុនភោជនីយដ្ឋាន Yum Brands Inc នៅអាមេរិក ហើយត្រូវបាននាំយកមកដំណើរការនៅកម្ពុជាដោយក្រុមហ៊ុនសាជីវកម្មម្ហូបអាហារ United Food Group (UFG) ដែលជាក្រុមហ៊ុនមេរបស់ភោជនីយដ្ឋានផាក កាហ្វេ ដែលកំពុងដំណើរការហាងចំនួន ២០ នាពេលនេះ។ ហាងអាហារដែលមានម៉ាកយីហោល្បីល្បាញលើពិភពលោកមួយនេះ បានបើកដំណើរសាខាដំបូងកាលពីអំឡុងខែសីហា ឆ្នាំ២០២១។ គិតមកត្រឹមខែ មីនា ឆ្នាំ២០២២ Pizza Hut បើកដំណើររហូតដល់៥ ទីតាំងនៅរាជធានីភ្នំពេញ ហើយតាមការគ្រោងទុក នឹងពង្រីកឱ្យដល់ ៣០ ហាងនៅរយៈពេលបីឆ្នាំខាងមុខ។
វត្តមានហាងអាហារលំដាប់អន្តរជាតិនេះនឹងជួយបង្កើនសក្តានុពលវិស័យលក់រាយកម្ពុជាដែលកំពុងរីកចម្រើន ហើយពង្រឹងទីផ្សារអចលនទ្រព្យកម្ពុជាតាមរយៈកំណើនតម្រូវការទីតាំងអាជីវកម្ម។ ជាក់ស្តែង ហាង Pizza Hut នីមួយៗត្រូវការទីតាំងដែលមានផ្ទៃក្រលាជាមធ្យម ២០០ ម៉ែត្រការ៉េ សម្រាប់ដំណើរការអាជីវកម្ម។ នេះបើតាមការបញ្ជាក់ពីលោកហេង សេងលី នាយកប្រតិបត្តិក្រុមហ៊ុន UFG។
អ្នកជំនាញពីក្រុមហ៊ុន CBRE Cambodia អ្នកនាងគឹម គិនកេសា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកដោយបញ្ជាក់ថា៖ «សកម្មភាពជួលទីតាំងធ្វើអាជីវកម្ម នឹងបន្តមានកំណើនបន្ថែមទៀតក្នុងឆ្នាំ២០២២នេះ ស្របពេលដែលគម្រោងថ្មីៗជាច្រើនគ្រោងបើកដំណើរការនៅឆ្នាំនេះផងដែរ។» អ្នកនាងបន្តថា កត្តានេះនឹងធ្វើឱ្យទីតាំងដាក់ជួលសម្រាប់អាជីវកម្ម អាចនឹងមានការប្រកួតប្រជែងកាន់តែខ្លាំងលើតម្លៃជួល និងលក្ខខណ្ឌអនុគ្រោះនានា។
ការផ្គត់ផ្គង់ទីតាំងធ្វើអាជីវកម្មបានកើនដល់ជាង ៤០ម៉ឺនម៉ែត្រការ៉េ គិត្រឹមឆ្នាំ២០២១ ហើយអត្រាជួលមាន ៦៦ ភាគរយ នៃការផ្គត់ផ្គង់សរុប។ បច្ចុប្បន្នតម្លៃជួលទីតាំងធ្វើអាជីវកម្មមានតម្លៃចន្លោះពី ២៥ ទៅ ៣០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តាមការព្យាករណ៍ ចំនួននៃការផ្គត់ផ្គង់ទីតាំងដាក់ជួលធ្វើអាជីវកម្មនេះ រំពឹងនឹងកើនដល់ជាង ១លានម៉ែត្រការ៉េនៅឆ្នាំ២០២៥៕
Co-author: Sok Art