អចលនទ្រព្យឧស្សាហកម្មនៅវៀតណាម កំពុងបង្ហាញពីកំណើនតម្រូវការគួរឱ្យកត់សម្គាល់ដោយសារតែរំហូរវិនិយោគពីក្រៅប្រទេស ដែលសុទ្ធតែជាក្រុមហ៊ុនធំៗនៅប៉ែកអ៊ឺរ៉ុប និងនៅអាស៊ី ដោយបង្កើតរោងចក្រថ្មីៗជាច្រើននៅតាមបណ្តាសួនឧស្សាហកម្ម។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុកវៀតណាម។
រំហូរវិនិយោគទាំងនេះ បានធ្វើឲ្យមានតម្រូវការពង្រីកបន្ថែមនូវផ្ទៃដីសាងសង់នូវសួនឧស្សាហកម្ម ដើម្បីត្រៀមទទួលស្វាគមន៍សមាជិកថ្មីៗនៃក្រុមហ៊ុនវិនិយោគពីក្រៅប្រទេស ដែលមកពង្រីកសង្វាក់ផលិតកម្មនៅវៀតណាម។ សកម្មភាពវិនិយោគទាំងនេះបានធ្វើឱ្យទុនវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាមសម្រេចបានទំហំទឹកប្រាក់ជាង ៤,៤ ពាន់លានដុល្លាររយៈពេលបីខែដើមឆ្នាំ២០២២។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា ក្នុងអំឡុងត្រីមាសទី១ (មករា-មិនា) ២០២២ សួនឧស្សាហកម្មចំនួន ២ របស់ប្រទេសវៀតណាម ត្រូវបានក្រុមហ៊ុនធំៗដែលមានមូលដ្ឋាននៅក្នុងប្រទេសអាល្លឺម៉ង់ ចុះកិច្ចសន្យាជួលជាច្រើនឆ្នាំ។ ក្នុងនោះសួនឧស្សាហកម្ម KTG Industrial Nhon Trach 2 ឋិតក្នុងខេត្ត Dong Nai ត្រូវបានក្រុមហ៊ុនផលិតម៉ាស៊ីនសម្រាប់កែច្នៃផ្លាស្ទិក Framas Group របស់អាល្លឺម៉ង់ ជួលក្នុងរយៈពេល ១០ឆ្នាំ ក្នុងទំហំផ្ទៃដី ២ម៉ឺនម៉ែត្រការ៉េកាលពីខែកុម្ភៈ និង ចុងខែមីនា ស្រាប់តែលេចចេញវត្តមានក្រុមហ៊ុនផ្គត់ផ្គង់ប្រេងម៉ាស៊ីនលំដាប់ប្រទេសមួយទៀតរបស់អាឡឺម៉ង់ បានធ្វើកិច្ចសន្យាជួលដីក្នុងរយៈពេល ៥៥ឆ្នាំ ក្នុងសួនឧស្សាហកម្ម Phu My 3។
ជាមួយគ្នានេះ ក្រុមហ៊ុន LOGOS ជាក្រុមហ៊ុនប្រតិបត្តិករអចលនទ្រព្យ និងដឹកជញ្ជូន ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ក៏បានចុះហត្ថលេខាព្រមព្រៀងជាមួយក្រុមហ៊ុន Manulife Investment Management ដើម្បីបណ្តាក់ទុនរួមគ្នានៅលើផ្ទៃដី ជិត ១២ម៉ឺនម៉ែត្រការ៉េ ជាមួយទុនវិនិយោគ ៨០ លានដុល្លារ។
នៅមានក្រុមហ៊ុន CapitalLand Development និងរដ្ឋបាលខេត្ត Bac Giang ដើម្បីវិនិយោគលើគម្រោង ឧស្សាហកម្មដឹកជញ្ជូន។ ហើយទន្ទឹមគ្នានេះ ក្រុមហ៊ុន BW Industrial Development ក៏បានទិញសួនឧស្សាហកម្ម DEEP C ដែលមានទំហំ ជាង ៧ម៉ឺនម៉ែត្រការេ ក្នុងខេត្ត Quang Ninh។
រយៈពេលបីខែដំបូងឆ្នំានេះ ក្រុមហ៊ុន Samsung Electro-Mechanics Vietnam ក៏បានចាក់ទុនបន្ថែមជាង ៩០០ លានដុល្លារ ដែលធ្វើទុនវិនិយោគរបស់ក្រុមហ៊ុននេះឋិតក្នុងសួនឧស្សាហកម្ម Yen Binh Industrial Park នៃខេត្ត Thai Nguyean បានកើនដល់ជាង ២ ពាន់លានដុល្លារ។ ខណៈដែលក្រុមហ៊ុន LEGO មានមូលដ្ឋាននៅប្រទេសដាណឺម៉ាក បោះទុនវិនិយោគជាង ១ពាន់លានដុល្លារ លើការសាងសង់រោងចក្រឋិតនៅខេត្ត Binh Duong ។
ទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅវៀតណាមត្រូវបានអ្នកជំនាញ មើលឃើញថានឹងមានសន្ទុះកំណើនខ្លាំងបន្ថែមទៀតនៅត្រីមាសទី២ ក្នុងឆ្នាំ ២០២២។
អ្នកជំនាញក្រុមហ៊ុនអចលនទ្រព្យ JLL បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកវៀតណាម ឱ្យដឹងថា ការកើនឡើងនៃតម្រូវការទីផ្សារអចលនទ្រព្យឧស្សាហកម្មក្នុងប្រទេសវៀតណាម នឹងជំរុញកំណើនតម្លៃជួល។ ប្រភពដដែលបញ្ជាក់ថា តម្លៃជួលរោងចក្រក្នុងសួនឧស្សាហកម្មជាមធ្យម ១២០ ដុល្លារ ក្នុង ១ម៉ែត្រការេ ក្នុងមួយខែ កើនឡើង ៨៥ ភាគរយ ធៀបនឹងរយៈពេលបីខែ ដើមឆ្នាំ២០២២១៕
អត្ថបទ៖ កែវ សុខអាត