សហ-ស្ថាបនិកក្រុមហ៊ុន Facebook និងជាមហាសេដ្ឋីពាន់លានដុល្លារគឺលោក Mark Zuckerberg បានប្រមូលទិញដីទុកជាច្រើនកន្លែងដែលមានទំហំរាប់សិបហិកតា នៅសហរដ្ឋអាមេរិក ដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក។
យោងតាមការចេញផ្សាយសារព័ត៌មាន The Guardian នាពេលកន្លងទៅថ្មីៗនេះ បានឱ្យដឹងថា លោក Mark Zuckerberg បានទិញដីបន្ថែមក្នុងទំហំជិត ៤៥ ហិកតា ក្នុងតម្លៃជាង ១៧ លានដុល្លារ ឋិតក្នុងតំបន់កោះ Kuai ដែលជាកោះធំជាងគេទី៤ ក្នុងរដ្ឋ Hawaii សហរដ្ឋអាមេរិក។ បច្ចុប្បន្ន មហាសេដ្ឋីវ័យ ៣៧ ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុបជិត ៧០ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី២២ មេសា ២០២២។
កាលពីដើមឆ្នាំ ២០២១ លោក Mark ក៏បានចំណាយលុយទិញដីនៅតំបន់កោះនេះដែលមានទំហំផ្ទៃដីជាង ២៤០ ហិកតា ក្នុងតម្លៃជាង ៥០លានដុល្លារ និងដីមួយកន្លែងទៀតឋិតនៅក្បែរតំបន់កោះ Kuai មានទំហំផ្ទៃដីជាង ៣០០ ហិកតា ក្នុងទំហំទឹកប្រាក់ជាង ១០០ លានដុល្លារ។ ដូច្នេះគ្រាន់តែតំបន់កោះ Kuai ឋិតក្នុងរដ្ឋ Hawaii ដែលលោក Mark Zuckerberg បានទិញដីក្នុងតំបន់នេះ មានទំហំផ្ទៃដីសរុបជាង ៦០០ ហិកតា ក្នុងទំហំទឹកប្រាក់សរុបជិត ១៧០ លានដុល្លារអាមេរិក។
ផ្នែកខ្លះនៃដីនេះ នឹងធ្វើជាកសិដ្ឋានចិញ្ចឹមសត្វ និងបម្រើដល់ការដាំដុះលើដំណាំកសិសកម្ម។
តាមប្រភព The Guardian បានបញ្ជាក់ថាបន្ថែមថា ក្រៅពីរដ្ឋ Hawaii លោកMark Zuckerberg ក៏បានទិញដីទុកជិត ៦០០ ហិកតា និងផ្ទះ១០ កន្លែង ឋិតក្នុងតំបន់ Palo Alto ក្រុង San Francisco រដ្ឋ California។ អចលនទ្រព្យទាំងដី និងផ្ទះ១០ កន្លែងនេះ មានតម្លៃសរុបជាង ៣០០ លានដុល្លារអាមេរិក៕