ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យអចលនទ្រព្យ បានក្លាយជាក្រុមហ៊ុនដែលមានចំណែកធំជាងគេលើការបោះផ្សាយមូលបត្របំណុល ឬហៅថា សញ្ញាបណ្ណសាជីវកម្ម (Corporate Bond) ក្នុងផ្សារហ៊ុននៅវៀតណាម ដែលការបោះផ្សាយមូលបត្របំណុលនេះ គឺធ្វើឡើងដើម្បីកៀរគរទុនពង្រីកប្រតិបត្តិការអាជីវកម្ម។ នេះបើតាមការចេញផ្សាយពីសារព័ត៌មានក្នុងស្រុកវៀតណាម។
កាលពីឆ្នាំ ២០២១ ក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យ បានបោះផ្សាយមូលបត្របំណុល ក្នុងទំហំទឹកប្រាក់សរុបជាង ១៤ ពាន់លានដុល្លារ ឬស្មើនឹង ៤៤ ភាគរយ នៃទំហំទឹកប្រាក់សរុបដែលក្រុមហ៊ុន ឬសាជីវកម្មមកពីវិស័យផ្សេងៗ បោះផ្សាយលក់មូលបត្របំណុល។ ក្រុហ៊ុនក្នុងស្រុកវៀតណាម បានបោះផ្សាយលក់មូលបត្របំណុល ក្នុងទំហំទឹកប្រាក់សរុប ៣២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ ដែលទំហំទឹកប្រាក់នេះបានកើនឡើង ៥៦ ភាគរយ ធៀបនឹងឆ្នាំ២០២០។
សញ្ញាបណ្ណសាជីវកម្ម គឺជាកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល និងវិនិយោគិន។ តាមរយៈកិច្ចសន្យានេះ បុគ្គលបោះផ្សាយមូលបត្របំណុលមានកាតព្វកិច្ចបង់ឱ្យវិនិយោគិននូវទឹកប្រាក់ជាក់លាក់មួយជាទៀងទាត់ដែលហៅថា “គូប៉ុង” ឬ “ការប្រាក់” ព្រមទាំងបង់ប្រាក់ដើមនៅពេលដែលសញ្ញាបណ្ណនោះដល់កាលកំណត់សង (maturity)។ ជំនួសឱ្យការខ្ចីប្រាក់ពីធនាគារ ក្រុមហ៊ុន ឬអង្គភាពមួយអាចបោះផ្សាយសញ្ញាបណ្ណទៅឲ្យវិនិយោគិនដោយផ្ទាល់ នៅពេលដែលក្រុមហ៊ុននោះត្រូវការសាច់ប្រាក់ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងថ្មីៗ បន្តប្រតិបត្ដិការក្រុមហ៊ុន ឬដើម្បីទូទាត់បំណុល។
យោងតាមប្រភព័ត៌មានក្នុងស្រុកវៀតណាម ដែលដកស្រង់ទិន្នន័យ ពីរបាយការណ៍ក្រុមហ៊ុនធានាទិញមូលបត្រ (Security Underwriters, Brokers) SSI Security Corp បានបង្ហាញថា ក្រុមហ៊ុនក្នុងវិស័យអចលនទ្រព្យដែលបោះផ្សាយលក់មូលបត្របំណុលបានកើនពី ១៤១ ក្រុមហ៊ុនក្នុងឆ្នាំ២០២០ ដល់ ១៩៣ ក្រុមហ៊ុនក្នុងឆ្នាំ២០២១។ ខណៈដែលស្ថាប័នធនាគារ បានបោះផ្សាយលក់មូលបត្របំណុលមានទំហំទឹកប្រាក់ជិត ១០ពាន់លានដុល្លារ ឬមានចំណែក តែប្រមាណ៣០ ភាគរយ នៃទំហំទឹកប្រាក់សរុបក្នុងការបោះផ្សាយលក់មូលបត្របំណុល។
របាយការណ៍របស់ក្រុមហ៊ុន SSI Security Corp បានបញ្ជាក់ទៀតថា ក្រុមហ៊ុនអចលនទ្រព្យមិនត្រឹមតែមានចំណែកធំជាងគេក្នុងការកៀរគរទុន ពីការបោះផ្សាយលក់បំណុលប៉ុណ្ណោះទេ តែថែមទាំងអាចផ្តល់ការប្រាក់ខ្ពស់ដល់អ្នកទិញសញ្ញាបណ្ណចន្លោះពី ១០ ទៅ ១២ ភាគរយ ក្នុងមួយឆ្នាំ។
អ្នកជំនាញក្រុមហ៊ុន SSI Security Corp បានបញ្ជាក់ថា៖ «ក្រុមហ៊ុនអចលនទ្រព្យជាច្រើនមានតម្រូវការកាន់តែខ្លាំងក្នុងការកៀរគរទុន តាមរយៈការបោះផ្សាយលក់មូលបត្របំណុល ដោយសារតែមានភាពលំបាកក្នុងទទួលកម្ចីពីធនាគារ» ៕