យុវជនកម្ពុជាកាន់តែច្រើនឡើងពេញនិយមលើការរស់នៅក្នុងខុនដូ

Bunthoeun Chhut 19/April/2022 16:57
ចែករំលែក

លំនៅឋានខុនដូ (ឬលំនៅឋានលើអាកាស) ដែលធ្លាប់តែពឹងផ្អែកច្រើនលើការទិញពីជនជាតិបរទេស មករស់នៅ និងធ្វើការនៅកម្ពុជា តែនិន្នាការនេះអាចនឹងមានការផ្លាស់ប្តូរនាពេលខាងមុខ ដោយសារកម្រិតជីវភាពរស់នៅរបស់យុវជនក្នុងស្រុកមានការកើនឡើង និងការផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅថ្មី។ នេះបើតាមអ្នកជំនាញក្នុងវិស័យខុនដូ។

អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា បានលើកឡើង​ថា រយៈពេល៤ឆ្នាំចុងក្រោយនេះ យុវជនកម្ពុជាដែលរស់នៅទីក្រុងភ្នំពេញដែលទិញខុនដូតាមរយៈ​ក្រុមហ៊ុន ERA Cambodia ភាគច្រើនគឺជាយុវជនក្នុងស្រុកដែលមានវ័យចន្លោះពី ២៥ ទៅ ៣៥ឆ្នាំ និងមួយចំនួនទៀតជាពលរដ្ឋខ្មែរ​រស់នៅបរទេស ទិញទុកវិនិយោគ។ លោកគង្គា បានបញ្ជាក់ថាបន្ថែមថា ការទិញខុនដូពីជនជាតិបរទេស ហាក់មានការថមថយជាងមុន។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia

អ្នកជំនាញរូបនេះបានលើកឡើងថា៖ «អនាគតខុនដូនឹង​ក្លាយជាតម្រូវការចម្បងរបស់យុវជនកម្ពុជា ហើយរាជធានីភ្នំពេញជាទីតាំងយុទ្ធសាស្រ្តសម្រាប់ការផ្គត់ផ្គង់ខុនដូ។ មូលហេតុ ដោយសារតម្លៃដី​នៅកណ្ដាលក្រុងមានតម្លៃថ្លៃ ដែលក្រុមហ៊ុនអភិវឌ្ឍន៍មិនអាចយកទីតាំងដីនោះទៅសាងសង់​ផ្ទះល្វែង​ ឬវីឡា​​លក់នោះទេ​។ ប៉ុន្តែបើយកទៅសាងសង់ខុន​វិញ​មានតម្លៃ​ថោកជាង  ហើយអាចរស់នៅ​កណ្ដាលក្រុង ដែលនេះអាចជាជម្រើសដ៏ល្អរបស់ប្រជាជនកម្ពុជាក្នុងការវិនិយោគ​»។

[អត្ថបទទាក់ទង៖  ទីផ្សារខុនដូកំពុងបើកឱកាសសម្រាប់អ្នកវិនិយោគក្នុងស្រុក]

ក្រុមហ៊ុន ERA Cambodia ជាក្រុមហ៊ុន​មានឯកទេសទិញ លក់ និងជួល​ខុនដូនៅក្នុងប្រទេសកម្ពុជា ដោយ​ផ្ដោតលើ​តំបន់​សំខាន់៣រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ បច្ចុប្បន្ន​ក្រុមហ៊ុន​មានភ្នាក់ងារចំនួន​១ ៤០០នាក់ សម្រាប់​បម្រើសេវាកម្មទិញ លក់ និងជួលខុនដូ។

​របាយការណ៍ស្រាវជា្រវទីផ្សារអចលនទ្រព្យរបស់ក្រុមហ៊ុន Knight Frank បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ ២០២១ ការផ្គត់ផ្គង់ខុនដូនៅរាជធានីភ្នំពេញ បានកើនដល់ជាង ២ម៉ឺន៧ពាន់យូនីត (ស្មើនឹង៩៥ អគារ) ហើយខណ្ឌចំការមនមានចំណែកជិត ៣០ភាគរយ​ នៃការផ្គត់ផ្គង់សរុប។ ចំនួននៃការផ្គត់ផ្គង់នេះរំពឹងកើនដល់ជាង ៧ម៉ឺន ៨ពាន់ យូនីត (ស្មើនឹង១៧៥ អគារ) នៅត្រឹមឆ្នាំ២០២៥។

របាយការស្រាវជ្រាវក្នុងវិស័យអចលនទ្រព្យគិតត្រឹមដំណាច់ឆ្នាំ២០២១ បានបង្ហាញថា យូនីតខុនដូនៅភ្នំពេញមានតម្លៃជាមធ្យម ១ ៣០០ ដុល្លារ​ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលតម្លៃជួលវិញអាចមានតម្លៃចន្លោះពី ៨ ទៅ ១៤ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។

លោក​ គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បាន​បញ្ជាក់បន្ថែម​ថា ការជ្រើសរើសរស់នៅខុនដូ មានភាពងាយស្រួល​ បើធៀបនឹងប្រភេទផ្ទះល្វែងនៅតំបន់ជាយក្រុង ដែលមានតម្លៃប្រហាក់ប្រហែលគ្នា។ ព្រោះ​ខុនដូភាគច្រើននៅកណ្ដាលក្រុង ​ដែលនៅក្បែរ​ទីកន្លែងធ្វើការ ឬអាជីវកម្ម ដោយមិនបាច់ចំណាយពេលវេលាក្នុងការធ្វើដំណើរយូរ​ និងស្ទះចរាចរណ៍ជាច្រើនម៉ោង​នៅតាមដងផ្លូវ​។

លោកបន្តថា៖ «ខុនដូ​មានតម្លៃប្រហាក់ប្រហែលផ្ទះល្វែងនៅជាយក្រុង តែខុនដូអាចដាក់ជួលបានតម្លៃថ្លៃជាង​​​។ ខុនដូនៅកណ្តាលក្រុងអាចដាក់ជួលបានចន្លោះពី ៨​០០ ទៅ ១២០០ ក្នុងមួយខែ ទៅតាមប្រភេទនៃយូនីតខុនដូ តែផ្ទះល្វែងនៅតំបន់ជាយក្រុងអាចដាក់ជួលបានតម្លៃចន្លោះពី ២៥០ ទៅ ៣០០ ដុល្លារក្នុងមួយខែ» ។

យោងតាមការសិក្សាស្រាវជ្រាវពីស្ថានប័ន GlobalPropertyGuide បានបង្ហាញថា ប្រាក់ចំណេញពីការជួល ប្រចាំឆ្នាំ ខុនដូនៅភ្នំពេញ (gross rental yield) អាចមានអត្រាចន្លោះពី ៦ ដល់ទៅ ៨​ ភាគរយក្នុងមួយឆ្នាំ ដែលអត្រានេះខ្ពស់ជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ ការជួលខុនដូ ឬអាផាតមិនក្នុងប្រទេស សឹង្ហបុរី, វៀតណាម,  ម៉ាឡេស៊ី, ថៃ, ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ទទួលបានចំណូលពីការជួលមានអត្រាចន្លោះពី ៣ ទៅ ៧ ភាគរយក្នុងមួយឆ្នាំ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង