របៀបចាយពេលទំនេរឱ្យមានប្រយោជន៍ ពីអ្នកជំនួញធំៗលើពិភពលោក

Bunthoeun Chhut 19/April/2022 10:55
ចែករំលែក

ទម្លាប់កើតចេញពីសកម្មភាពដែលអ្នកធ្វើវាដដែលៗជារៀងរាល់ថ្ងៃ។ ការរស់នៅបែបសាមញ្ញ និងមានភាពទៀងទាត់ បានក្លាយជាចំណុចគោលនៃភាពជោគជ័យរបស់អ្នកវិនិយោគធំៗ និងមហាសេដ្ឋីលំដាប់ពិភពលោក។ របៀបនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេអាចនឹងមិនមានអ្វីអស្ចារ្យ ខណៈដែលអ្នកមិនគួរមើលរំលងភាពសាមញ្ញៗ និងធម្មតាទាំងនោះឡើយ។

៥ចំនុចខាងក្រោមនេះ ដែលបុគ្គលជោគជ័យទាំងនេះតែងប្រើប្រាស់នូ​វពេលទំនេររបស់ពួកគេ ក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ៖

១. ក្រោកនៅម៉ោងដដែល​ មិនថាថ្ងៃធ្វើការ ឬថ្ងៃឈប់សម្រាក

មនុស្សភាគច្រើនតែងគិតថាថ្ងៃឈប់សម្រាក ឬថ្ងៃចុងសប្តាហ៍គឺជាពេលវេលាដែលគួរតែគេងដល់ម៉ោង១១ថ្ងៃត្រង់ ព្រោះពួកគេបានក្រោកនៅម៉ោង ៦ព្រឹក ជារៀងរាល់ថ្ងៃទៅហើយ។

ខណៈសេដ្ឋីប្រាក់លាន ដូចជា លោក Tim Cook ស្ថាបនិកក្រុមហ៊ុន Apple តែងតែក្រោកនៅ ម៉ោង ៣ ទៀបភ្លឺជារៀងរាល់ព្រឹក ដើម្បីចាប់ផ្តើមភាពជោគជ័យរបស់លោកឲ្យបានមុនគេ មិនថាជាថ្ងៃធ្វើការ ឬសៅរ៍អាទិត្យនោះឡើយ។ នៅមាន លោកស្រី Sallie Krawcheck ស្ថាបនិក និងជាអ្នកគ្រប់គ្រងក្រុមហ៊ុន Ellevest  និងបុគ្គលនិងវិនិយោគិនល្បីៗជាច្រើនទៀត សុទ្ធតែជាបុគ្គលមិនខ្ជះខ្ជាយពេលវេលាពេលព្រឹកដ៏មានតម្លៃរបស់ពួកគេនោះទេ។

ការសិក្សាមួយក៏បានបង្ហាញផងដែរថា រាងកាយនឹងទទួលយកភាពទៀងទាត់នៅពេលដែលអ្នកបង្កើតទម្លាប់នៃការក្រោកនៅម៉ោងដដែលជារៀងរាល់ព្រឹក។ ហើយនេះគឺជាសកម្មភាពរស់នៅដែលមហាសេដ្ឋីលើពិភពលោកតែងអនុវត្តក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

 

២.  គ្មានពាក្យ ចប់ សម្រាប់ការរៀន

កំហុសដ៏ធំបំផុតគឺការដែលគិតថា រៀនចប់ហើយ លេងមានអីរៀនហើយ ហើយក៏មិនចាំបាច់ត្រូវរៀនអ្វីតទៀតដែរ។ មួយថ្ងៃ ២៤ម៉ោង អ្នកគួរតែចំណាយពេលអានសៀវភៅ ឬរៀនជំនាញអ្វីដែលថ្មីៗ ឬស្តាប់ការចែករំលែកតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដើម្បីចាក់បំពេញនូវចំណេះដឹងទៅដល់ខួរក្បាល។ ព្រោះសូម្បីតែមហាសេដ្ឋីលំដាប់ពិភពលោក Bill Gates តែងយកចិត្តទុកដាក់រៀននូវអ្វីដែលថ្មីៗពីសៀវភៅ ដោយចំណាយពេលយ៉ាងច្រើនជាមួយនឹងការអានជារៀងរាល់ថ្ងៃ។

៣. សុខភាព ជារឿងសំខាន់ដែលពួកគេមិនដែលមើលរំលង

នៅក្នុងគោលគំនិតរបស់អ្នកជំនួញធំៗ សុខភាពល្អគឺជាភាពជោគជ័យនៅក្នុងមុខជំនួញរបស់ពួកគេ។ សុខមាលភាពផ្លូវកាយ និងផ្លូវចិត្ត ត្រូវដើរទន្ទឹមគ្នា ខណៈដែលពួកគេតែងចំណាយចុងសប្តាហ៍ ពេលល្ងាច ឬជាពេលព្រឹក ដើម្បីបន្ថែមថាមពលដល់រាងកាយ ដោយការហាត់ប្រាណ ឬការហាត់កីឡាផ្សេងៗ ទៅតាមចំណូលចិត្ត និងសម្រាកដើម្បីរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អផងដែរ។

៤. ការងារនិងគ្រួសារ

ផ្សារភ្ជាប់ទំនាក់ទំនងដោយចំណាយពេលវេលាជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក។ អ្នកដឹងទេ សូម្បីលោក Gary Vaynerkchuk  បុគ្គលល្បីល្បាញក្នុងប្រព័ន្ធផ្សព្វផ្សាយ និងជាអ្នកជំនាញខាងវិនិយោគ ដែលប្រើពេលយ៉ាងមមាញឹក​របស់់លោក​ជាមួយនឹងការងារយ៉ាងណាក៏ដោយ។ ប៉ុន្តែមកមើលជីវិតនាថ្ងៃចុងសប្តាហ៍របស់លោក គឺលោកបានចំណាយពេលវេលាជាមួយកូនៗ និងក្រុមគ្រួសាររបស់លោកយ៉ាងល្អ។

គ្រួសារ ជាកត្តាជំរុញភាពជោគជ័យនៅក្នុងមុខជំនួញ។ ការផ្តល់ភាពសំខាន់ និងពេលវេលាដល់ពួកគេគឺជាការដែលបំពេញភាពពេញលេញនៅក្នុងជីវិតរបស់អ្នកដូច្នោះដែរ។

៥. ស្វែងរកក្តីសុខឲ្យខ្លួនឯង

សាកថ្មឲ្យជីវិតតាមរយៈការសម្រាក ឬការដើរកំសាន្ត ទៅតាមប្រភេទនៃចំណង់ចំណូលចិត្តរបស់អ្នក។

ប៉ុន្មានចំណុចដែលបានរៀបរាប់ខាងលើត្រូវបានដកស្រង់ចេញពីទស្សនាវដ្តីធុរកិច្ច Entrepreneur ដែលអាចជាជំនួយក្នុងការបំពេញបន្ថែម ក៏ដូចជាសិក្សាស្វែងយល់ពីការរស់នៅ និងជីវិតរបស់វិនិយោគិន និងមហាសេដ្ឋីលំដាប់ពិភពលោក៕

អត្ថបទ៖ កែវ សុខអាត

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង