ភ្នំពេញ៖ សមាជិកក្រុមហ៊ុន Century 21 Cambodia ចំនួនពីរ ដែលឋិតក្នុងចំណោម៣០ ក្រុមហ៊ុន បានទទួលពានរង្វាន់ជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ២០២២។
ក្រុមហ៊ុនទាំងពីរនេះរួមមានក្រុមហ៊ុន Century 21 Advanced Property ដែលទទួលបានពានរង្វាន់ពីរ គឺទី១ត្រូវបានផ្តល់ពានរង្វាន់ជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឆ្នើម (Real Estate Agency of the Year) និងទី២ គឺពានរង្វាន់ជម្រើសនៃក្រុមហ៊ុនអចលនទ្រព្យ (Agency of Choice)។ ខណៈដែលក្រុមហ៊ុន Century 21 Fortunna Investment ទទួលបានពានរង្វាន់ជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិឆ្នើមប្រចាំឆ្នាំ២០២២នេះ។

អ្នកស្រី ចន្ទី ទិវា (កណ្តាល) នាយិកាក្រុមហ៊ុន Century 21 Advanced Property
ការប្រគល់ពានរង្វាន់នេះ គឺធ្វើឡើងក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០២២ នៅថ្ងៃទី៧មេសា ដែលរៀបចំដោយក្រុមហ៊ុន Realestate.com.kh សហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
លោកវ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment បានថ្លែងប្រាប់បណ្តាញព័ត៌មានអចលនទ្រព្យ Z1News ថា កត្តាដែលក្រុមហ៊ុនរបស់លោកអាចទទួលបានពានរង្វាន់ប្រចាំឆ្នាំនេះ គឺដោយសារតែសមត្ថភាពក្នុងការកសាងទំនុកចិត្តអតិថិជន ការផ្តល់សេវាកម្មប្រកបដោយគុណភាព និងវិជ្ជាជីវៈ ការយល់ពីដឹងស៊ីជម្រៅពីទីផ្សារអចលនទ្រព្យ និងកសាងដៃគូរអាជីវកម្មរឹងមាំទាំងក្នុង និងក្រៅប្រទេស។
លោកវ៉ា វីរៈ ជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ (CIPS) ដំបូងគេនៅកម្ពុជា ដែលបានទទួលស្គាល់ជាអន្តរជាតិ និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការសម្របសម្រួលប្រតិបត្តិការទិញ–លក់អចលនទ្រព្យនៅក្រៅប្រទេស បានបន្ថែមថា៖ «ការទទួលបានពានរង្វាន់នេះ គឺជាការឆ្លុះបញ្ចាំងដ៏សំខាន់ពីទំនុកចិត្តអតិថិជន និងដៃគូរអាជីវកម្មចំពោះក្រុមហ៊ុន Century 21 Fortuna Investment »។
អ្នកស្រី ចន្ទី ទិវា អគ្គនាយិកាក្រុមហ៊ុន Century 21 Advanced Property បានឱ្យដឹងដែរថា ការទទួលបានពានរង្វាន់នេះជាសមិទ្ធិផល និងជាការបោះជំហានដ៏សំខាន់ ដែលក្រុមការងារនៃក្រុមហ៊ុនរបស់អ្នកស្រីបានខិតខំកន្លងមកក្នុងការបម្រើសេវាកម្មដល់អតិថិជន ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់។
ក្រុមហ៊ុន Century 21 Advanced Property ជាក្រុមហ៊ុនផ្តល់សេវាកម្មផ្តោតលើការទិញ-លក់ និងជួលអចលនទ្រព្យ ហើយរហូតមកដល់បច្ចុប្បន្នក្រុមហ៊ុននេះបានពង្រីកប្រតិបត្តិការអាជីវកម្ម ៦ទីតាំង ហើយគ្រោងនឹងពង្រីកឱ្យដល់១០ទីតាំងនៅរាជធានីភ្នំពេញត្រឹមឆ្នាំ២០២៣ខាងមុខ។ បើតាមអ្នកស្រី អ្នកស្រី ចន្ទី ទិវា ការពង្រីកប្រតិបត្តិការនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការអតិថិជន និងការរីកចម្រើនក្នុងវិស័យនេះ។

លោកវ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment និង អ្នកស្រី ហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia
ទាំងក្រុមហ៊ុន Century 21 Advanced Property និង Century 21 Fortunna Investment កំពុងប្រតិបត្តិការអាជីវកម្មក្រោមស្លាកយីហោ Century 21 Cambodia។ គិតមកទល់ពេលនេះ ក្រុមហ៊ុន Century 21 Cambodia បានសម្រេចលក់សិទ្ធិធ្វើអាជីវកម្មដល់ក្រុមហ៊ុន ២៣ ក្រុមហ៊ុននៅកម្ពុជា ដែលរាប់បញ្ចូលក្រុមហ៊ុនទទួលបានពានរង្វាន់ទាំងពីរខាងលើនេះ និងមានភ្នាក់ងារអចលនទ្រព្យប្រកបដោយជំនាញ និងវិជ្ជាជីវៈសរុបដល់ទៅជិត១ពាន់នាក់ ។
កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជារបស់ក្រុមហ៊ុន Realestate.com.kh ត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨មក។ គោលបំណងដ៏សំខាន់នៃកម្មវិធីនេះ គឺធ្វើឡើងដើម្បីទទួលស្គាល់នូវភាពជោគជ័យរបស់ក្រុមហ៊ុនបម្រើសេវាភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនអភិវឌ្ឍន៍ ល្អបំផុតក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា មានបេក្ខជនជាង១០០ ក្រុមហ៊ុនបានចូលរួមក្នុងការប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ២០២២នេះ ហើយមានតែ៣០ក្រុមហ៊ុន ដែលត្រូវបានជ្រើសរើសក្នុងការទទួលពាន់រង្វាន់ប្រចាំឆ្នាំនេះ។ ក្រុមហ៊ុនទទួលបានពានរង្វាន់ទាំងនេះមានឯកទេសផ្សេងៗគ្នាក្នុងវិស័យអចលនទ្រព្យដែលមានរួមមាន ក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យ (Real Estate Agency) ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ (Property Developers) និងម្ចាស់គម្រោង ( Property Development Projects)៕
អត្ថបទទាក់ទង៖ Century 21 បន្តដំណែងជាម៉ាកយីហោក្រុមហ៊ុននាំមុខគេក្នុងវិស័យអចលនទ្រព្យលើពិភពលោក