៤យ៉ាង បង្កើតចំណូលពីអចលនទ្រព្យនៅកម្ពុជា

Bunthoeun Chhut 07/April/2022 17:33
ចែករំលែក

អ្នកវិនិយោគជាច្រើននៅលើពិភពលោក សុទ្ធតែបានវិនិយោគអចលនទ្រព្យ ដោយជឿជាក់ថាការវិនិយោគលើវិស័យនេះអាចកសាងស៊េរីភាពផ្នែកហិរញ្ញវត្ថុ និងជាវិថីឆ្ពោះទៅបង្កើតទ្រព្យសម្បត្តិស្ដុកស្ដម្ភ។

អចលនទ្រព្យ ត្រូវបានចាត់ទុកថាជាឧបករណ៍វិនិយោគ ដែលអាចបង្កើតប្រភពចំណូលច្រើនជម្រើស ដល់អ្នកវិនិយោគ ឬម្ចាស់ទ្រព្យ។ បើតាមលោក វ៉ា វីរៈ គ្រូបង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding និងជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ (CPIS) បានលើកឡើងថា អចលនទ្រព្យអាចបង្កើតប្រភពចំណូលតាមវិធី៤យ៉ាង៖

1/ ការឡើងថ្លៃអចលនទ្រព្យ

ការឡើងថ្លៃនៃអចលនទ្រព្យ គឺជាការទិញអចលនទ្រព្យ​ដើម្បីទុកលក់​យកប្រាក់ចំណេញ។ ការទិញ​អចលនទ្រព្យ​ទុក​  (buy and hold) នឹង​ផ្ដល់​នូវប្រាក់ចំណេញ​នាពេលអនាគត។ ត្រង់ចំណុចនេះ លោកវ៉ា វីរៈ បានលើកយកករណីជាក់ស្តែង ដែលលោកបាន​ទិញអចលនទ្រព្យ​មួយកន្លែងឋិតក្នុងខណ្ឌសែនសុខ កាលពីអំឡុងឆ្នាំ ២០០៧ ដោយទិញក្នុងតម្លៃប្រមាណ១៤ ដុល្លារក្នុងមួយម៉ែត្រការ៉េ។​ មកដល់បច្ចុប្បន្ន ទីតាំងដីដដែលបានកើនដល់ជាង ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬកើនជាង ២២ដង។

2/ បង្កើតប្រាក់ចំណូលប្រចាំខែ ឬចំណូលអកម្ម

ក្រៅពីការទិញអចលនទ្រព្យសម្រាប់ទុកលក់យកផលចំណេញនៅពេលណាមួយ អចលនទ្រព្យក៏អាចបង្កើតចំណូលតាមរយៈ ការដាក់ជួល ឬប្រតិបត្តិការផ្សេងៗដែលអាចបង្កើតជាលំហូរសាច់ប្រាក់ជាប្រចាំ​ (ឬជាភាសាអង់គ្លេសហៅថា Cash​ flow)។

សម្រាប់លោក Robert Kiyosaki ដែលជាអ្នកនិពន្ធដ៏ល្បីល្បាញផ្នែកហិរញ្ញវត្ថុ និងការវិនិយោគ និងជាធុរជនអចលនទ្រព្យផងដែរនោះ បានចាត់ទុកការទិញអចលនទ្រព្យដើម្បីបង្កើតចំណូលអកម្ម ជាវិធីសាស្រ្តវិនិយោគអចលនទ្រព្យក្នុងការកសាងស៊េរីភាពហិរញ្ញវត្ថុ ហើយអ្នកមានជាច្រើនបានបង្កើតទ្រព្យសម្បត្តិរបស់ពួកគេតាមវីធីនេះផងដែរ​។

3/ ប្រើប្រាស់វិធីសាស្រ្ត hybrid

តាមរយៈវិធីសាស្រ្តនេះអ្នកវិនិយោគ ប្រើមធ្យោបាយទី១ និងទី២ បញ្ចូលគ្នា។ មានន័យថា អ្នកវិនិយោគអាចទិញអចលនទ្រព្យលក់ចេញយកផលចំណេញ ពេល​ឡើងថ្លៃ  ឬក៏ទិញអចលនទ្រព្យក្នុងតម្លៃទាប ហើយអាចកែច្នៃបាន (renovation) ដើម្បីលក់ចេញក្នុងតម្លៃខ្ពស់ (ឬជាភាសាអង់គ្លេស​ហៅថា Flipping)។ ទន្ទឹមគ្នានេះអ្នកវិនិយោគ ក៏អាចទិញអចលនទ្រព្យដើម្បីបង្កើតចំណូលប្រចាំខែផងដែរ។

ការវិនិយោគតាមមធ្យោបាយទាំងពីរខាងលើនេះមានអត្រាចំណេញខុសៗគ្នា​។ បើតាមក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក បានប៉ាន់ប្រមាណថាចំណូលពីការវិនិយោគអចលនទ្រព្យដាក់ជួលនៅទីក្រុងភ្នំពេញមានអត្រាចន្លោះពី ៦ ទៅ ៨ ភាគរយក្នុងមួយឆ្នាំ។ ចំណែកតម្លៃអចលនទ្រព្យឡើងថ្លៃមានអត្រាជាមធ្យមចន្លោះពី ១០​ ទៅ ១៥ ភាគរយក្នុងមួយឆ្នាំ៕

4/ អចលនទ្រព្យប្រើប្រាស់ផ្ទាល់ខ្លួន

អ្នកមានអចលនទ្រព្យ​​អាចយក​អចលន​ទ្រព្យ​នោះទៅប្រើប្រាស់ខ្លួនឯង ក្នុងការបើកអាជីវកម្ម ដោយ​ពុំចាំបាច់​បង្កើនខ្ទង់ចំណាយសម្រាប់​ជួលលើទីតាំង​អាជីវកម្មនោះឡើយ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង