ទីផ្សារខុនដូកំពុងបើកឱកាសសម្រាប់អ្នកវិនិយោគក្នុងស្រុក

Bunthoeun Chhut 06/April/2022 16:49
ចែករំលែក

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជាច្រើនបានបញ្ចុះតម្លៃការលក់យូនីតខុនដូរជាមធ្យម ១៣ ភាគរយ ដើម្បីបង្កើនការលក់ស្របពេលដែលទីផ្សារនេះហាក់ស្ងប់ស្ងាត់ក្នុងអំឡុងកូវីដ-១៩ ដោយសារពឹងផ្អែកច្រើនពីអ្នកទិញនៅក្រៅប្រទេស​។ ប៉ុន្តែនិន្នាការនេះ អាចជាឱកាសល្អសម្រាប់ពលរដ្ឋក្នុងស្រុកដែលមានជីវភាពធូរ ងាកមកចាប់អារម្មណ៍ការរស់នៅក្នុងខុនដូ។

យោងតាមរបាយការណ៍ថ្មីមួយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Knight Frank ដែលទើបចេញផ្សាយថ្មីៗនេះ បានបង្ហាញថា តម្លៃលក់ជាមធ្យមនៃយូនីតខុនដូ ដែលធ្លាប់លក់ក្នុងតម្លៃ ១ ៥០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ក្នុងអំឡុងឆមាសទី១ (មករា-មិថុនា) ២០២១ បានថយមកត្រឹម ១ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅឆមាសបន្ទាប់ (កក្កដា-ឆ្នូ)។

[អត្ថបទទាក់ទង៖ យុវជនកម្ពុជាកាន់តែច្រើនឡើងពេញនិយមលើការរស់នៅក្នុងខុនដូ]

អ្នកជំនាញក្រុមហ៊ុន Knight Frank បានបញ្ជាក់នៅក្នុងរបាយការណ៍នេះថា៖ «បើធៀបនឹងទីផ្សារបុរីលំនៅឋាន អ្នកទិញនាំមុខគេគឺអតិថិជនក្នុងស្រុក ចំណែកទីផ្សារខុនដូវិញ គឺពឹងផ្អែកច្រើនលើអ្នកទិញជាជនជាតិបរទេស។ យ៉ាងណាមិញ យើងសង្កេតឃើញថា ប្រជាជនកម្ពុជាទិញខុនដូមានការកើនឡើងច្រើនជាងមុន តែនៅមាកម្រិតនៅឡើយបើធៀបនឹងការផ្គត់ផ្គង់ក្នុងទីផ្សារ»។

​គិតត្រឹមដំណាច់ឆ្នាំ ២០២១ ការផ្គត់ផ្គង់ខុនដូនៅរាជធានីភ្នំពេញ បានកើនដល់ជាង ២ម៉ឺន៧ពាន់យូនីត (ស្មើនឹង៩៥ អគារ)។ ចំនួននៃការផ្គត់ផ្គង់នេះរំពឹងកើនដល់ជាង ៧ម៉ឺន ៨ពាន់ យូនីត (ស្មើនឹង១៧៥ អគារ) នៅត្រឹមឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍។

ប្រភពដដែលបានបញ្ជាក់ថា ចំនួនខុនដូខាងលើមានប្រមាណ ៥៦ ភាគរយ នឹងផ្តោតលើតម្លៃមធ្យម (mid-tier)​ ដែលនឹងឆ្លើយតបតម្រូវការនៃការកើនឡើងពលរដ្ឋក្នុងស្រុកមានប្រាក់ចំណូលមធ្យម និងកំណើនជនជាតិបរទេសរស់នៅកម្ពុជានាពេលខាងមុខ​៕

អត្ថបទ៖ កែវ សុខអាត

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង