សែនសុខផ្គត់ផ្គង់បុរីលំនៅឋានច្រើនជាងគេនៅភ្នំពេញ

Bunthoeun Chhut 04/April/2022 16:54
ចែករំលែក

ខណ្ឌសែនសុខ កំពុងក្លាយបណ្តុំដោយ​គម្រោងបុរីលំនៅឋានដ៏លេចធ្លោមួយ ដែលមានចំណែកដល់ទៅជាង ២០ ភាគរយ​ នៃការផ្គត់ផ្គង់បុរីលំនៅឋានសរុបនៅរាជាធានីភ្នំពេញ គិតត្រឹមដំណាច់ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ស្រាវជ្រាវទីផ្សារអចលនទ្រព្យ។

​​បុរី​លំនៅឋាន​​កាន់តែច្រើនឡើង នឹងជំរុញឱ្យខណ្ឌសែនសុខ មាន​​ស​កម្មភាពពាណិជ្ជកម្មកាន់តែមមាញឹក ហើយតម្លៃអចលនទ្រព្យកាន់តែមានសក្តានុពលខ្ពស់សម្រាប់ម្ចាស់ទ្រព្យ និងអ្នកវិនិយោគនៅតំបន់នេះ។

យោងតាមរបាយការណ៍ចុងក្រោយមួយរបស់ក្រុមហ៊ុន Knight Frank បានបង្ហាញថា ការផ្គត់ផ្គង់បុរីលំនៅឋានក្នុងខណ្ឌសែនសុខបានកើនដល់ជិត ១ម៉ឺន៦ពាន់ខ្នង ឬស្មើនឹង ២២ ភាគរយ នៃការផ្គត់ផ្គង់លំនៅឋាននៅរាជធានីភ្នំពេញសរុប ៧២ ៥៥២ ខ្នង។ ខណ្ឌសែនសុខ មានចំណែកនៃការផ្គត់ផ្គង់លំនៅឋានច្រើនជាងគេនៃខណ្ឌទាំង ១៤ នៅភ្នំពេញ ហើយបន្ទាប់មកគឺខណ្ឌដង្កោ ដែលមានចំណែក ១៦ ភាគរយ។​

ខណ្ឌសែនសុខមានសង្កាត់សរុបចំនួន ៦ រួមមាន​ សង្កាត់ទឹកថ្លា ភ្នំពេញថ្មី ក្រាំងធ្នង់ អូរបែកក្អម ឃ្មួញ និង សង្កាត់គោកឃ្លាំង។ ខណ្ឌនេះជាតំបន់ដែលមានការអភិវឌ្ឍស្ទើគ្រប់ប្រភេទអចលនទ្រព្យ ដែលធ្វើឲ្យតម្លៃដីនៅ ​សង្កាត់មួយចំនួនមានការកើនឡើងយ៉ាងខ្លាំង។

យោងតាមទិន្នន័យក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌសែនសុខ បានបង្ហាញថា ដីដាក់លក់ក្នុងខណ្ឌសែនសុខ អាចមានតម្លៃចាប់ពី ១៥០ ដល់ ៤ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយអាស្រ័យលើទីតាំងដីស្ថិតនៅបណ្តោយផ្លូវតូច និងធំ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង