ចំណុចសំខាន់៖
- ឧស្សាហកម្មកើន តម្រូវការទីតាំងដីកាន់តែមានសក្តានុពល
- ការវិនិយោគលើវិស័យកាត់ដេរមានចំណែកជិត 20% នៃការវិនិយោគផ្ទាល់ពីបរទេស
- ការផ្គត់ផ្គង់ផ្ទៃក្រឡារោងចក្រឧស្សាហកម្មរំពឹងកើនដល់ជាង ៣លានម៉ែតក្រឡានៅឆ្នាំ២០៣០
- ផ្លូវក្រវ៉ាត់ក្រុងទីក្រុងទី៣ នឹងក្លាយជាទិសដៅសម្រាប់ការវិនិយោគលើរោងចក្រឧស្សាហកម្ម
កំណើនវិនិយោគលើរោងចក្រឧស្សាហកម្មនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យទីផ្សារដីធ្លីនៅតំបន់ជាយក្រុង និងខេត្តនៅកៀកនឹងរាជធានីភ្នំពេញ កាន់តែមានសក្តានុពលសម្រាប់ការវិនិយោគ ដោយសាររោងចក្រឧស្សាហកម្មត្រូវបានលើកទឹកចិត្តបោះទីតាំងវិនិយោគនៅតំបន់ទាំងនេះ
ការរីកចម្រើនវិស័យឧស្សាហកម្មបានរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយកំណើននៃការវិនិយោគវិស័យនេះកំពុងបង្កើនសក្តានុពល និងតម្រូវការកាន់តែច្រើនសម្រាប់ទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅកម្ពុជា។
អចលនទ្រព្យឧស្សាហកម្ម ជាចំណែកទីផ្សារមួយក្នុងវិស័យអចលនទ្រព្យ ដែលផ្តោតលើឃ្លាំងស្តុកទំនិញ រោងចក្រឧស្សាហកម្ម ដោយរាប់ទាំងរោងចក្រកាត់ដេរសម្លៀកបំពាក់ រោងកច្រកែច្នៃម្ហូបអាហារ រោងកច្រផលិតគ្រឿងអេឡិចត្រូនិច និងរោងចក្រផលិតទំនិញផ្សេងៗទៀត ដែលបម្រើដល់ការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស។ (អានបន្ថែម)
យោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រយៈពេលប្រាំឆ្នាំចុងក្រោយនេះដែលគិតត្រឹមឆ្នាំ២០២១ វិស័យកាត់ដេរបានស្រូបយកទុនវិនិយោគប្រមាណជាង ៧ពាន់លានដុល្លារ ស្មើនឹង១៧ ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ហើយប្រជាជនកម្ពុជាចន្លោះពី ២ ទៅ ៣លាននាក់ កំពុងអាស្រ័យផលទាំងដោយផ្ទាល់ និងប្រយោលពីការរីកចម្រើននៃវិស័យនេះ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា វិស័យកាត់ដេរ បានរួមចំណែកជាមធ្យមជាង ៧០ ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជា ខណៈដែលកម្ពុជាបាននិងកំពុង ធ្វើពិពិធកម្មការនាំចេញផលិតផលផ្សេងៗទៀតដូចជាកង់ គឿងបន្លាស់ និងគ្រឿងបង្គុំអេឡិចត្រូនិចជាដើម។
រយៈពេល១១ខែ ឆ្នាំ២០២១ ការនាំចេញទំនិញ (ដកមាសចេញ) របស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសសម្រេចបានទំហំទឹកប្រាក់ជាង ១៥ ពាន់លានដុល្លារ កើនឡើងជាង ២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហើយកំណើននៃនាំចេញនេះគឺនាំមុខដោយផលិតផលវាយនភណ្ឌ និងកង់។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កំណើនវិនិយោគលើរោងចក្រឧស្សាហកម្មនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យទីផ្សារដីធ្លីនៅតំបន់ជាយក្រុង និងខេត្តនៅកៀកនឹងរាជធានីភ្នំពេញ កាន់តែមានសក្តានុពលសម្រាប់ការវិនិយោគ ដោយសាររោងចក្រឧស្សាហកម្មត្រូវបានលើកទឹកចិត្តបោះទីតាំងវិនិយោគនៅតំបន់ទាំងនេះ។
របាយការណ៍ព្យាករណ៍ទីផ្សារអចលនទ្រព្យឆ្នាំ ២០២២ របស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា តម្លៃដីនៅតាមតំបន់ជាយក្រុងរាជធានីភ្នំពេញ (outer suburbs) មានអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ២០ ភាគរយ ខណៈដែលតំបន់នៅកៀកកណ្តាលក្រុង (inner suburbs) មានអត្រាកំណើន១០ភាគរយ ក្នុងមួយឆ្នាំ ដែលគិតចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១។ ប្រភពដដែលបានបញ្ជាក់ថា អត្រាកំណើនដីធ្លីនេះគឺផ្អែកលើកត្តាជំរុញសំខាន់ៗមួយចំនួនដូចជាការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធស្របតាមផែនការអភិវឌ្ឍក្រុង និងការទិញដីទុករំពឹងផលចំណេញ ឬសម្រាប់គម្រោងអភិវឌ្ឍន៍ផ្សេងៗ។
កាលពីខែកុម្ភះ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ជាថ្មីម្តងទៀត ក្នុងការជំរុញឱ្យ រោងចក្រ និងឃ្លាំងទំនិញទៅកាន់តំបន់ជាយរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយរថយន្តធុនធំចូលក្នុងក្រុងនាំប៉ះពាល់ដល់ការធ្វើចរាចរណ៍ ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងពិភាក្សាជាមួយសមាគមដឹកជញ្ជូន និងបណ្តាសហគ្រាសធំៗ ដើម្បីស្វែងរកដំណោះរួមគ្នាទាក់ទងនឹងបញ្ហានេះ។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងក្លាយជាទីតាំងដ៏សំខាន់ ដែលរោងចក្រ សហគ្រាស និងឃ្លាំងទំនិញមួយចំនួន នឹងត្រូវផ្លាស់ប្តូរទៅតំបន់នេះ។ បច្ចុប្បន្នផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចការសាងសង់ជាង ៦០ ភាគរយ ហើយរំពឹងបញ្ចប់ការកសាងនៅឆ្នាំ២០២៣។ គម្រោងអភិវឌ្ឍន៍ផ្លូវក្រវ៉ាត់ក្រុងទី ៣ មានប្រវែងប្រមាណ ៥៣ គីឡូម៉ែត្រ ឆ្លងកាត់រាជធានីភ្នំពេញប្រវែង ១៥ គីឡូម៉ែត្រ និងភូមិសាស្រ្តខេត្តកណ្តាល ៣៨ គីឡូម៉ែត្រ។ ការអភិវឌ្ឍន៍គម្រោងនេះ ចាប់ផ្តើមពីចំនុចផ្លូវជាតិលេខ ៤ ឆ្ពោះទៅផ្លូវជាតិលេខ ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។
[អត្ថបទទាក់ទង៖ បម្រែបម្រួលទីផ្សារដីធ្លីតាមផ្លូវក្រវ៉ាត់ក្រុងទី៣មុនពេលសាងសង់ និងពេលបច្ចុប្បន្ន]
[ម្ចាស់ដីតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ក្នុងខណ្ឌដង្កោបង្កើនតម្លៃដាក់លក់ជិត ៣ ដង]
របាយការណ៍ព្យាករណ៍ពីវិស័យអចលនទ្រព្យភ្នំពេញនៅឆ្នាំ២០៣០ ដែលសិក្សា និងស្រាវជ្រាវដោយក្រុមហ៊ុន Vtrust Appraisal បានកំណត់ការផ្គត់ផ្គង់អចលនទ្រព្យឧស្សាហកម្មជាបីប្រភេទរួមមានវិស័យកាត់ដេរ ការកែច្នៃម្ហូបអាហារ ភេសជ្ជៈ និងការវេចខ្ចប់។
របាយការណ៍នេះបានរកឃើញថាគិតត្រឹមឆ្នាំ២០១៨ រោងចក្រឧស្សាហកម្មទាំងអស់បូកបញ្ជូលគ្នាមានប្រមាណជាង ១លាន ៦សែនម៉ែត្រការ៉េ ហើយទំហំផ្ទៃក្រឡានេះរំពឹងកើនដល់ ៣លានម៉ែត្រក្រឡានៅត្រឹមឆ្នាំ២០៣០។ តាមការសិក្សាដដែលបានបញ្ជាក់ថា ខណ្ឌនសំខាន់ៗបីរួមមានដង្កោ ពោធិ៍សែនជ័យ និងមានជ័យ ជាតំបន់មានការវិនិយោគរោងចក្រឧស្សាហកម្មច្រើនជាងនៅភ្នំពេញ។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ លើកឡើងថា តំបន់ជាយក្រុង និងខេត្តនៅកៀករាជធានីភ្នំពេញ ដូចជាខេត្តកណ្តាល និងកំពង់ស្ពឺ នឹងក្លាយជាទីតាំងយុទ្ធសាស្រ្តសម្រាប់ការវិនិយោគលើរោងចក្រឧស្សាហកម្ម។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា៖ «នៅពេលដែលរាជធានីភ្នំពេញកាន់តែរីកចម្រើន គម្រោងឧស្សាហកម្ម និងរោងចក្រកាត់ដេរមួយចំនួនចាប់ផ្តើម [បង្វែរទិសដៅ] មកតាមបណ្តាខេត្តផ្សេងៗ ជាពិសេសចូលមកក្នុងខេត្តកំពង់ស្ពឺ ព្រោះខេត្តនេះមានទីតាំងជិតខេត្តព្រះសីហនុដែលងាយស្រួលក្នុងការដឹកជញ្ជូន ហើយក៏នៅជិតនឹងរាជធានីភ្នំពេញផងដែរ»។
រោងចក្រឧស្សាហកម្មជាច្រើនកំពុងវិនិយោគរួចទៅហើយនៅតាមទីតាំងមួយចំនួនក្នុងខេត្តកំពង់ស្ពឺមានដូចជា ក្រុងច្បារមន និងស្រុកឧដុង្គ ហើយស្រុកផ្សេងទៀត៕