លោក Will Smith គឺជាតារាសម្តែងដែលមានប្រជាប្រិយភាពនៅសហរដ្ឋអាមេរិក ហើយថ្មីៗនេះ លោកទើបតែបានទទួលពានរង្វាន់អូស្ការ ក្នុងការសម្តែងជាតួប្រុស Richard Williams ក្នុងខ្សែរឿង King Richard។
ក្រៅពីអាជីពជាតារាសម្តែង លោក Will Smith និងភរិយារបស់លោក គឺលោកស្រី Jada Pinkett Smith បានចំណាយពេល និងហិរញ្ញវត្ថុ ក្នុងការវិនិយោគអចលនទ្រព្យជាច្រើនកន្លែងតាំងពីឆ្នាំ ១៩៩៧ រហូតមកដល់ឆ្នាំ ២០២១។ អចលនទ្រព្យទាំងនោះមានតម្លៃសរុបបូកបញ្ចូលគ្នាប្រមាណជាង ៨៦០ លានដុល្លារអាមេរិក ដែលបណ្តាញព័ត៌មានអចលនទ្រព្យ Z1News បានដកស្រង់ពីការចេញផ្សាយរបស់សារព័ត៌មានមួយចំនួននៅអាមេរិកដូចខាងក្រោម៖
- ឆ្នាំ ១៩៩៧ លោក Will Smith និងអ្នកស្រី Jada Pinkett Smith បានទិញអចលនទ្រព្យលំនៅឋាន ស្ថិតនៅរដ្ឋ Pennsylvania ក្នុងតម្លៃ ៩សែន ៣ម៉ឺនដុល្លារអាមេរិក។
- ឆ្នាំ ១៩៩៨ លោក Will Smith និងភរិយាបានទិញអចលទ្រព្យមួយទៀតនៅក្បែរទីក្រុង Philadelphia ក្នុងតម្លៃ ៧ សែនដុល្លា។
- ឆ្នាំ ២០០៣ ប្តីប្រពន្ធមួយគូរនេះបានទិញគេហដ្ឋានដ៏ស្កឹមស្កៃនៅក្នុងទីក្រុង Hidden Hillsស្ថិតក្នុងរដ្ឋ California ក្នុងតម្លៃ ៣,៤ លានដុល្លា។ ក្នុងឆ្នាំដដែលអ្នកទាំងពីរបានទិញដីទំហំ ៦០ ហិកតា ក្នុងទីក្រុង Calabasas នៃ រដ្ឋCalifornia ក្នុងតម្លៃ ៤២ លានដុល្លា។
- ឆ្នាំ ២០០៤ លោក Will Smith បានចំណាយ ២,៥ លានដុល្លា សម្រាប់ធ្វើ Trailer ភាពយន្តចំនួនពីរដែលហៅថា The Heat។
- ឆ្នាំ ២០០៩ ស្វាមីភរិយាមួយគូរនេះបានទិញផ្ទះឆ្នេរនៅលើកោះហាវ៉ៃ ក្នុងតម្លៃ ១៤,៥ លានដុល្លា។ រយៈពេលពីរឆ្នាំក្រោយមក ពួកគេបានលក់អចលនទ្រព្យនោះវិញក្នុងតម្លៃ ២០ លានដុល្លា ក្នុងឆ្នាំ២០១១ ដែលបង្កើតប្រាក់ចំណេញជាង ៥លានដុល្លារនាពេលនោះ។
- ឆ្នាំ ២០១០ Will Smith បានទិញផ្ទះមួយទៀតក្នុងតម្លៃ ៩សែន ដុល្លា គ្រប់ដណ្តប់លើផ្ទៃដីជាង ៣៨០ ម៉ែត្រការ៉េ និងមានកម្ពស់ពីរជាន់ ស្ថិតក្នុងតំបន់ Woodland រដ្ឋ California។
- ឆ្នាំ២០១៥ ពួកគេបានទិញដីចំនួន២ក្បាលជាប់គ្នា ដែលមានទីតាំងនៅតំបន់ខ្ពង់រាប នៃកោះហាវ៉ៃ ក្នុងតម្លៃ ១០ លានដុល្លារ។ ដីនោះបានលក់ចេញវិញនៅក្នុងឆ្នាំ ២០១៧ ហើយចំណេញបាន ២ លានដុល្លារ ។
- ឆ្នាំ ២០២១ ពួកគេទាំងពីរបានទិញគេហដ្ឋានថ្មីមួយទៀតដែលមានទំហំ ៩៧០ ម៉ែត្រការ៉េ ស្ថិតនៅក្រុង Hidden Hills ក្នុងទឹកប្រាក់ ១១.៣ លានដុល្លា៕
សូមជម្រាបថា ទិន្នន័យនៃការរៀបរាប់ខាងលើគឺជាព័ត៌មានត្រួសៗដែលបណ្តាញព័ត៌មានអចលនទ្រព្យ Z1 News ដកស្រង់ចេញពីការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននៅអាមេរិក។ គម្រោងវិនិយោគជាក់ស្តែងរបស់ លោក Will Smith និងអ្នកស្រី Jada Pinkett Smith ក្នុងវិស័យអចលនទ្រព្យអាចមានច្រើនជាងនេះ៕
អត្ថបទ៖ កែវ សុខអាត