ការនាំចេញកើនឡើងកាលពីឆ្នាំមុនបានជំរុញឱ្យមានតម្រូវការទិញលំនៅឋានច្រើនជាងមុននៅក្នុងប្រទេសថៃ ជាពិសេសខេត្តដែលឋិតនៅក្នុងតំបន់ច្រករបៀងសេដ្ឋកិច្ច ដោយសារចំណូលប្រជាជនក្នុងតំបន់ទាំងនេះមានភាពល្អប្រសើរឡើង ហើយសន្ទុះនៃតម្រូវការទិញផ្ទះរំពឹងកើនឡើងខ្លាំងក្នុងឆ្នំា២០២២នេះ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីសប្តាហ៍មុន បានរាយការណ៍ថា ខេត្តសំខាន់ៗបីដែលស្ថិតក្នុងតំបន់ច្រករបៀងសេដ្ឋកិច្ចប្រទេសថៃរួមមានខេត្ត Rayong, Chun Bori និងខេត្ត ChaChoengsao ដែលទីផ្សារលំនៅឋានក្នុងតំបន់ទាំងនេះបង្ហាញពីតម្រូវការកើនឡើងចាប់ពីពាក់កណ្តាលឆ្នាំ ២០២១ ដោយសារការនាំចេញទំនិញក្នុងតំបន់នេះកើនឡើងយ៉ាងគំហុករយៈ៥ឆ្នាំចុងក្រោយនេះ។ នេះបើតាមលោក Meesak Chunharuckchot ប្រធានសមាគមអចលនទ្រព្យប្រទេសថៃ។
លោកបន្តថា៖ «កំណើនទិញផ្ទះរបស់អ្នកដែលបម្រើការងារក្នុងវិស័យនាំចេញឧស្សាហកម្មនឹងកើនឡើងថែមទៀត ដោយសារទំហំនៃការនាំចេញកើន ដែលធ្វើឱ្យពួកគេកាន់តែមានលទ្ធភាពក្នុងការទិញលំនៅឋាន»។
យោងតាមធនាគារកណ្តាលថៃ តម្លៃនាំចេញសរុបដែលមិនរាប់បញ្ចូលមាសបានកើនឡើង ២៤ ភាគរយ កាលពីឆ្នាំមុន។
លោក Meesak បាននិយាយថា ផ្ទះប្រភេទថោនហោសន៍ (townhouse) ដែលមានតម្លៃចន្លោះពី ៣ម៉ឺនដុល្លារ ទៅ៥ម៉ឺនដុល្លារ ក្នុងមួយខ្នង គឺផ្តោតលើអថិជនគោលដៅជាអ្នកបម្រើការងារក្នុងវិស័យឧស្សាហកម្ម។ ហើយទីផ្សារលំនៅឋានប្រភេទនេះចាប់ផ្តើមមានតម្រូវការល្អឡើងវិញ បន្ទាប់ពីថមថយក្នុងអំឡុងចុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ដោយសារកូវីដ-19 កំពុងផ្ទុះឡើងខ្លាំងនាពេលនោះ។
ទិន្នន័យពីមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ បានព្យាករណ៍ថា ការផ្គត់ផ្គង់លំនៅដ្ឋានថ្មីដែលនឹងដាក់លក់ក្នុងទីផ្សារក្នុងខេត្តទាំងបីនេះនឹងកើនឡើងបន្ថែមទៀត ដែលចំនួនផ្គត់ផ្គង់បូកបញ្ចូលគ្នាប្រមាណ ៤ម៉ឺន៥ពាន់ខ្នងនៅត្រឹមពាក់កណ្តាលឆ្នាំ២០២២នេះ៕