អចលនទ្រព្យជួលកំពុងវិលទៅរកកំណើនល្អឡើងវិញនៅឆ្នាំនេះ

Bunthoeun Chhut 28/March/2022 19:29
ចែករំលែក

ទីផ្សារអចលនទ្រព្យសម្រាប់ដាក់ជួល ចាប់ផ្តើមបង្ហាញពីសញ្ញាវិជ្ជមានឡើងវិញដោយសារកំណើនតម្រូវការជួលទីតាំងធ្វើអាជីវកម្ម តម្រូវការស្នាក់នៅប្រជាជនក្នុងស្រុក និងការវិលត្រលប់មកវិញជាបណ្តើរៗនៃអ្នកវិនិយោគ និងភ្ញៀវទេសចរទេស បន្ទាប់ពីថមថយដោយសារកូវីដ-១៩។

ប្រធានផ្នែកលក់ក្រុមហ៊ុន RENT KH លោក ស៊ីម សាមឺឌី រយៈ​ពេលបីខែដើមឆ្នាំ២០២២នេះ តម្រូវការអចលនទ្រព្យសម្រាប់ជួលចាប់ផ្តើមងើបឡើងវិញ ដែលជាសញ្ញាល្អសម្រាប់ទីផ្សារនេះ ស្របពេលដែលស្ថានភាពកូវីដ-១៩ អាចគ្រប់គ្រង​បាន ហើយសកម្មភាពសេដ្ឋកិច្ចក៏ចាប់ផ្តើមបង្ហាញភាពល្អប្រសើរឡើងច្រើន។ លោកបន្ថែមថា កត្តានេះនឹងបង្កើនទំនុកចិត្ត និងជំរុញរំហូរវិនិយោគពីក្រៅប្រទេសឡើងវិញ។

​លោកសាមឺឌី ដែលចូលរួមជាវាគ្មិនចែករំលែកក្នុងកិច្ចពិភាក្សា​រៀបចំដោយបណ្តាញព័ត៌មានអចលនទ្រព្យ Z1 News នៅថ្ងៃចន្ទនេះបានលើកឡើង​ថា៖ «សកម្មភាពសេដ្ឋកិច្ច និងរំហូរវិនិយោគងើបឡើងវិញ​ នោះនឹងធ្វើឱ្យតម្រូវការអចលនទ្រព្យនឹងវិលទៅរកកំណើនខ្លាំងដូចមុនវិញ»។

បើតាមលោកសាមឺឌី ពីមុនជនបរទេសស្ទើរតែ៩០% ដែលមាន​តម្រូវការទីផ្សារជួល ខុនដូ និងអាផាតមិននៅកម្ពុជា ប៉ុន្តែនិន្នាការនេះហាក់មានការប្រែប្រួល ដោយសារការជួលខុនដូពីប្រជាជនក្នុងស្រុកក៏មានការកើនឡើង​គួរឱ្យកត់សម្គាល់ផងដែរ។

RENT KH​ គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមាន​ឯកទេស​ខាងផ្នែកផ្តល់សេវាកម្មដាក់ជួលអចលនទ្រព្យគ្រប់ប្រភេទនៅកម្ពុជា។​ ក្រុមហ៊ុនមានជំនាញច្បាស់លាស់ក្នុងការអភិវឌ្ឍដាក់ជួលអចលនទ្រព្យដ៏សម្បូរបែបដូចជា អាផាតមិន ខុនដូ ការិយាល័យ បន្ទប់ប្រជុំ និងបន្ទប់ជួលស្នាក់នៅ ដែលអតិថិជនអាចស្វែងរកតាមវេបសាយ និងកម្មវិធីទូរស័ព្ទដៃ (Mobile App)​។

យោងតាម RENT KH ការផ្គត់ផ្គង់ខុនដូសរុបគិតមកទល់ពេលនេះ​មានប្រហែល ២៧ ០០០ បន្ទប់ និងអាផាតមិនប្រមាណ ៤ ០០០បន្ទប់។​

គិតត្រឹមដំណាច់ឆ្នាំ២០២១ ការជួលខុនដូមានតម្លៃជាមធ្យមចាប់ពី ៨ ទៅ ១៥ ដុល្លារ​ ក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ ដោយអាស្រ័យទៅកម្រិតខុនដូតម្លៃសមរម្យ (affordable) កម្រិតមធ្យម (mid-range) និងតម្លៃកម្រិតខ្ពស់​ (high-end)។ ចំណែកឯ តម្លៃជួលអាផាតមិនមានតម្លៃជាមធ្យមចាប់ពី ១៤ ទៅ ២១ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។ នេះបើតាមរបាយការណ៍ទីផ្សារអចលនទ្រព្យរបស់ក្រុមហ៊ុន CBRE Cambodia៕

អត្ថបទ៖ ងន ឆៃរ៉ាត់

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង