ចំណុចសំខាន់
- ផ្លូវជាតិលេខ៥១ នឹងក្លាយជាតំបន់ប្រជុំជនថ្មី និងបណ្តុំដោយរោងចក្រឧស្សាហកម្ម ក្នុងខេត្តកំពង់ស្ពឺ
- ជាទីតាំងមានអំណោយផលសម្រាប់អ្នកវិនិយោគអចលនទ្រព្យ
- ដីនៅតាមបណ្តោយផ្លូវ ៥១ មានតម្លៃចន្លោះពី ៧៥ ទៅ ១៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ
«ផ្លូវជាតិ៥១ សម្បូរទៅដោយរោងចក្រឧស្សាហកម្ម ព្រមទាំងជាតំបន់ទីប្រជុំជន ដែលមានអំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ»

តំបន់ផ្លូវជាតិលេខ ៥១។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ផ្លូវជាតិលេខ ៥១ ដែលទើបប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីស្ថាបនាឡើងវិញរួចរាល់ នឹងក្លាយជាបណ្តាញគមនាគមន៍ដ៏សំខាន់សម្រាប់ការដឹកជញ្ជូន និងជាតំបន់បណ្តុំដោយរោងចក្រឧស្សាហកម្ម។ ខណៈដែលផ្នែកខ្លះនៃតំបន់ឆ្លងកាត់កំណាត់ផ្លូវមួយខ្សែនេះ នឹងត្រូវកាត់ចូលជាទឹកដីរាជធានីភ្នំពេញនាពេលអនាគត។
ការជំរុញឱ្យមានការវិនិយោគលើរោងចក្រឧស្សាហកម្មនៅតាមបណ្តោយផ្លូវជាតិលេខ ៥១ នឹងធ្វើឱ្យទីតាំងដីតំបន់នេះកាន់តែទាក់ទាញសម្រាប់អ្នកវិនិយោគអចលនទ្រព្យ ក្នុងខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងឱកាសចូលរួមដាក់សម្ពោធឱ្យប្រើប្រាស់ផ្លូវ៥១ នាព្រឹកថ្ងៃទី២៥ មីនា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា៖ «ផ្លូវជាតិ៥១ សម្បូរទៅដោយរោងចក្រឧស្សាហកម្ម សិប្បកម្ម និងសហគ្រាសខ្នាតធំ ព្រមទាំងជាតំបន់ទីប្រជុំជន ដែលមានអំណោយផលសម្រាប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យដូចជាលំនៅឋាន ឬគម្រោងបុរី»។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា សកម្មភាពវិនិយោគទាំងនេះ នឹងចូលរួមបង្កើតមុខរបរ និងបង្កើន ប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋដែលរស់តាមបណ្តោយខ្សែផ្លូវនេះ។
ផ្លូវជាតិលេខ៥១ ជាតំបន់ដែលមានការវិនិយោគច្រើនលើរោងចក្រឧស្សាហកម្មដ៏លេចធ្លោមួយ បើធៀបនឹងតំបន់ផ្លូវជាតិលេខ ៤១។ នេះបើតាមលោកប៊ូ សេងហ៊ួ ប្រធានតំបន់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺ ដែលចុះស្រាវជ្រាវពីផ្សារដីធ្លីក្នុងខេត្តនេះ។
បើតាមលោក សេងហ៊ួ តម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ៥១ មានតម្លៃចន្លោះពី ៧៥ ទៅ ១៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ផ្លូវជាតិលេខ ៥១ មានប្រវែង ៣៨ គីឡូម៉ែត្រ ដែលគិតចាប់ពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) រហូតដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិ លេខ៤)។ កំណាត់ផ្លូវមួយខ្សែនេះ ត្រូវបានស្ថាបនាឡើងវិញដោយក្រាលបេតុងកៅស៊ូ AC កម្រាស់៩សង់ទីម៉ែត្រ មានទទឹងតួផ្លូវសរុប ១២ម៉ែត្រ ហើយចំណាយទឹកប្រាក់សាងសង់សរុបប្រមាណជាង ៤០លានដុល្លារអាមេរិក។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានឱ្យដឹងថា ខេត្តកំពង់ស្ពឺនឹងអាចទាញប្រយោជន៍ជាច្រើនពីការផ្លាស់ប្តូរទិសដៅវិនិយោគរោងចក្រឧស្សាហកម្មពីរាជធានីភ្នំពេញ និងរោងចក្រឧស្សាហកម្មថ្មីៗ ដោយសារមានទីតាំងនៅចន្លោះរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
លោកថ្លែងថា៖ «នៅពេលដែលរាជធានីភ្នំពេញកាន់តែរីកចម្រើន គម្រោងឧស្សាហកម្ម និងរោងចក្រកាត់ដេរមួយចំនួនចាប់ផ្តើម [បង្វែរទិសដៅ]មកតាមបណ្តាខេត្តផ្សេងៗ ជាពិសេសចូលមកក្នុងខេត្តកំពង់ស្ពឺ ព្រោះខេត្តនេះមានទីតាំងជិតខេត្តព្រះសីហនុដែលងាយស្រួលក្នុងការដឹកជញ្ជូន ហើយក៏នៅជិតនឹងរាជធានីភ្នំពេញផងដែរ»។
លោកបន្ថែមថា រោងចក្រឧស្សាហកម្មជាច្រើនកំពុងវិនិយោគរួចទៅហើយនៅតាមទីតាំងមួយចំនួនក្នុងខេត្តកំពង់ស្ពឺមានដូចជា ក្រុងច្បារមន ស្រុកឧដុង្គ និងស្រុកផ្សេងៗទៀត។
ផ្លូវជាតិលេខ៥១ ជាផ្លូវយុទ្ធសាស្រ្តតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េលេខ១ (AH-1) នៃរបៀងសេដ្ឋកិច្ចខាងត្បូង ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-ថៃ (ប៉ោយប៉ែត) និងផ្លូវអាស៊ានហាយវ៉េលេខ១១ (AH-11) ឆ្ពោះទៅកំពង់ផែសមុទ្រទឹកជ្រៅ ខេត្តព្រះសីហនុ ហើយអាចតភ្ជាប់តាមរយៈផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ទៅកាន់ខេត្តកំពត និងខេត្តកែប ដែលជាខេត្តគោលដៅទេសចរណ៍ ធម្មជាតិ និង តំបន់ឆ្នេរដ៏ស្រស់ត្រកាលរបស់កម្ពុជា។