ចំណែកទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅវៀតណាមរំពឹងថា នឹងមានការកើនឡើងនៅឆ្នាំនេះ ដោយសារការបើកព្រំដែនឡើងវិញ ដែលនឹងជំរុញរំហូរវិនិយោគផ្ទាល់ពីបរទេស (FDIs) ខណៈដែលវិស័យផលិតកម្មបង្ហាញភាពប្រសើរឡើងវិញ ដែលបានជួយបង្កើនទំនុកចិត្តដល់អ្នកវិនិយោគ។ នេះបើតាមការចេញផ្សាយសារព័ត៌មានក្នុងស្រុកវៀតណាម។
អចលនទ្រព្យឧស្សាហកម្មសំដៅការសាងសង់ឃ្លាំងសម្រាប់ស្តុកទំនិញ រោងចក្រ ដែលបម្រើដល់ចង្វាក់ផលិតកម្មកែច្នៃ និងការផលិតផលផ្សេងរាប់ពីគ្រឿងបង្គុំអេឡិចត្រូនិច និងសម្លៀកបំពាក់ជាដើម។ ចង្វាក់ផលិតកម្មទាំងនេះ ជំរុញការនាំចេញទៅទីផ្សារអន្តរជាតិ ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច។
កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ រដ្ឋាភិបាលវៀតណាមបានអនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសចំនួន ១៣ រួមមានអាល្លឺម៉ង់ សាធារណៈរដ្ឋកូរ៉េ ជប៉ុន និងបារាំង ធ្វើដំណើរមកប្រទេសវៀតណាមមិនទាមទារទិដ្ឋាការស្នាក់នៅរយៈពេល១៥ថ្ងៃ។ ចំណាត់ការនេះ ត្រូវបានអ្នកជំនាញអចលនទ្រព្យមើលឃើញថា ជាសញ្ញាសម្រាប់ជំរុញការវិនិយោគវិស័យឧស្សាហកម្ម។
លោក John Campbell អ្នកជំនាញនៃក្រុមហ៊ុនអចលនទ្រព្យ Savills Vietnam បានលើកឡើងថា៖ «ការបើកព្រំដែនឡើងវិញរបស់វៀតណាមមានសារៈសំខាន់ក្នុងការពង្រឹងទំនុកចិត្តអ្នកវិនិយោគ ទៅលើវិស័យឧស្សាហកម្ម»។ លោកបានបន្ថែមថា ដើមឆ្នាំ២០២២នេះ សកម្មភាពអាជីវកម្មមួយចំនួនបានវិនិយោគលើរោងចក្រ និងចាប់ផ្តើមពង្រីកផលិតកម្មឡើងវិញជាបណ្តើរៗ។
សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថានឹងកើនឡើងលើសពីការរំពឹងទុកនៅឆ្នាំ២០២២នេះ ដោយសារតម្រូវការក្នុងស្រុកបានស្ទុះងើបឡើងវិញ ហើយលំហូរ FDI បន្តមានស្ថិរភាពល្អប្រសើរ។ ខណៈដែលអាជីវកម្មក្នុងស្រុកក៏មានភាពប្រសើរឡើងក្នុងរយៈពេលប្រាំខែចុងក្រោយនេះ។
ទិន្នន័យពីរដ្ឋាភិបាលវៀតណាម បានបង្ហាញថា ទុនវិនិយោគពី FDI ចាក់បញ្ចូលទៅក្នុងសដ្ឋកិច្ចប្រទេសនេះសម្រេចបានទំហំទឹកប្រាក់ ៥ ពាន់លានដុល្លារក្នុងរយៈពេល២ខែឆ្នាំ ២០២២ កើនប្រហែល ៧ភាគរយ ធៀបនឹងឆ្នាំ ២០២១។ ទុនវិនិយោគពី FDI រំពឹងសម្រេចបាន ៤០ ពាន់លានដុល្លារនៅឆ្នាំ ២០២២នេះ។ ទំហំទឹកប្រាក់វិនិយោគពី FDI មានចំណែកប្រហែល ១៤ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ២៩០ពាន់លានដុល្លារ កាលពីឆ្នាំ២០២១៕
អត្ថបទ៖ សេង ចន្ទី