សេដ្ឋីទាំងវ័យក្មេង ដោយសារចាប់យកអាជីពជាភ្នាក់ងារអចលនទ្រព្យ

Bunthoeun Chhut 23/March/2022 19:30
ចែករំលែក

ភ្នាក់ងារអចលនទ្រព្យដ៏ស្រស់ស្អាតម្នាក់បានអភិវឌ្ឍន៍សមត្ថភាព និងការកសាងទំនុកចិត្តអតិថិជន ដែលធ្វើឱ្យនាងអាចសម្រេចការលក់អចលនទ្រព្យតម្លៃរាប់លានដុល្លារអាមេរិក ហើយផ្លាស់ប្រែជីវភាពក្លាយជាសេដ្ឋីក្នុងវ័យ៣២ឆ្នាំ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកសឹង្ហបូរី។

ការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ​ទាំងនៅកម្ពុជា និងនៅទីផ្សារអន្តរជាតិ បានក្លាយជាវិស័យដ៏មានសក្តានុពល ដែលអ្នកមានជាច្រើននៅលើពិភពលោកសុទ្ធតែបានវិនិយោគអចលនទ្រព្យដើម្បីកសាងភាពមានបានរបស់ពួកគេ ហើយទីផ្សារអចលនទ្រព្យក៏បានផ្តល់ឱកាសជាច្រើនដល់អ្នកចាប់អាជីព​ក្នុងវិស័យនេះផងដែរ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន EdgeProp បានឱ្យដឹងថា កញ្ញា​ Christina Tan មានវ័យ ៣២ឆ្នាំ ជាភ្នាក់ងារអចលនទ្រព្យឆ្នើមមួយរូបក្នុងចំណោមភ្នាក់ងារអចលនទ្រព្យឆ្នើមដទៃទៀតក្នុងប្រទេសសឹង្ហបូរី ដែលទទួលបានពានរង្វាន់ឆ្នើមក្នុងការលក់អចលនទ្រព្យរយៈពេលពីរឆ្នាំចុងក្រោយជាប់ៗគ្នា រហូតក្លាយជាសេដ្ឋីទាំងវ័យក្មេងដោយការចាប់យកអាជីពជាភ្នាក់ងារអចលនទ្រព្យ ហើយបង្កើតចំណូលក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។​

ជាក់ស្តែង គ្រាន់តែឆ្នាំ ២០២១ កន្លងទៅ កញ្ញា​ Christina Tan សម្រេចការលក់អចលនទ្រព្យដែលមានតម្លៃជាង ១០០ លានដុល្លារអាមេរិក ដោយបង្កើតបានប្រាក់កម្រៃជើងសារជាង ២ លានដុល្លារអាមេរិក បើទោះស្ថិតក្នុងកាលទេសដែលទីផ្សារក្នុងវិស័យនេះបង្ហាញសកម្មភាពថមថយក៏ដោយ។

កញ្ញា​ Christina Tan ដែលក្លាយជាសេដ្ឋីទាំងវ័យក្មេង​ ដោយសារការចាប់យកអាជីពជាភ្នាក់ងារអចលនទ្រព្យបានបញ្ជាក់ថា៖ «ខ្ញុំតែងប្រកាន់ភ្ជាប់នូវសុទ្ធិដ្ឋិនិយម មិនថាស្ថិតក្នុងស្ថានភាពទីផ្សារកំពុងថមថយក៏ដោយ ព្រោះខ្ញុំជឿថាឱកាសនៃការទិញអចលនទ្រព្យនៅតែមាន ដែលជាក់ស្តែងកំឡុងកូវីដ-១៩នេះ គម្រោងលំនៅឋានថ្មីៗនៅតែបើកលក់ ហើយតម្រូវការទិញលំនៅឋានក៏មានកំណើនច្រើនផងដែរ។»

ជាភ្នាក់ងារអចលនទ្រព្យអាជីព ​ដែលដើរតួរជាអ្នកប្រឹក្សាយោបល់ទិញ-លក់ ទៅដល់អតិថិជន  កញ្ញា​ Christina Tan បានបញ្ជាក់ថា ការបង្កើតតម្លៃសម្រាប់ខ្លួនឯង​គឺជាភាពទៀងត្រង់ និងការបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន។ កញ្ញាបន្តថា៖ «ក្នុងអាជីពមួយនេះ អ្នកនឹងជួបមនុស្សច្រើនប្រភេទ ដែលមានចរិតខុសៗគ្នា ហើយមិនតែប៉ុណ្ណោះ តួនាទី ឋានៈ ក៏ផ្សេងៗពីគ្នាដែរ។ ដូចច្នេះ ការយកចិត្តទុកដាក់ចំពោះអតិថិជន យល់ដឹងពីបញ្ហារបស់ពួកគាត់ ហើយអាចជួយដោះស្រាយជូនពួកគាត់បានយ៉ាងរលូន និងចេះរៀបចំគម្រោងរយៈពេលវែង ហើយអាចណែនាំដល់អតិថិជនចំពោះអចលនទ្រព្យដែលពួកគាត់នឹងត្រូវទិញ ថាតើតំបន់នោះ ឬកន្លែងនោះ នឹងមានអភិវឌ្ឍបែបណានៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ដែលនេះជាកត្តាសំខាន់ជួយដល់ការសម្រេចចិត្តរបស់អតិថិជន»។

កញ្ញា Christina ចាប់អារម្មណ៌ក្នុងវិស័យអចលនទ្រព្យ និងបានប្រឡូកក្នុងវិស័យនេះនៅក្នុងឆ្នាំ២០១៣ ហើយកញ្ញាបានអភិវឌ្ឍន៍សមត្ថភាព ដោយទទួលបានការបណ្តុះបណ្តាលវគ្គខ្លីទាក់ទងទៅនឹងទិញលក់អចលនទ្រព្យ ការវិភាគទិន្នន័យ និងការរៀនទាក់ទងទៅនឹងបច្ចេកវិទ្យាផ្សេងៗជាច្រើន ដើម្បីបំពេញ​ការងាររបស់នាង៕


អត្ថបទ៖ កែវ សុខអាត 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង