អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានលើកឡើងថា ការលើកពេលអនុវត្តន៍ពន្ធលើចំណេញមូលធន គឺជាការលើកទឹកចិត្តដ៏សំខាន់របស់រដ្ឋាភិបាលក្នុងការជំរុញសកម្មភាពទិញ-លក់ និងការវិនិយោគអចលនទ្រព្យ។
ការពន្យារពេលនេះ មានន័យថាអ្នកវិនិយោគទាំងក្នុងស្រុក និងបរទេសដែលកំពុងវិនិយោគអចលនទ្រព្យនៅកម្ពុជា នឹងមិនចាំបាច់ចំណាយ ២០ ភាគរយ ទៅលើផលចំណេញដែលសម្រេចបានពីការលក់អចលនទ្រព្យរបស់ខ្លួននោះទេ រហូតដល់ដំណាច់ឆ្នាំ២០២៣។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានថ្លែងប្រាប់បណ្តាញព័ត៌មានអចលនទ្រព្យថា ស្របពេលសកម្មភាពសេដ្ឋកិច្ចបានបង្ហាញពីកំណើនវិជ្ជមានឡើងវិញ និងការបន្តលើកពេលអនុវត្តន៍ពន្ធលើចំណេញមូលធននេះ នឹងធ្វើឱ្យសកម្មភាពវិនិយោគអចលនទ្រព្យកាន់តែផុសផុលជាងមុន ហើយអាចទាក់ទាញរំហូរវិនិយោគពីបរទេសផងដែរ។ ខណៈដែលប្រទេសនៅក្នុងតំបន់អាស៊ានខ្លះ កំពុងបន្តអនុវត្តពន្ធនេះក្នុងអត្រាចន្លោះពី ២៥ ទៅ ៣០ ភាគរយ។
លោកលើកឡើងថា៖ «សម្រាប់វិនិយោគិន ពួកគាត់អាចទិញអចលនទ្រព្យ ដើម្បីលក់បានក្នុងតម្លៃទីផ្សារខ្ពស់ និងទទួលបានផលចំណេញច្រើន ក្នុងអំឡុងនៃការពន្យាលពេលអនុវត្តពន្ធលើចំណេញមូលធននេះ»។
ក្រសួងសេដ្ឋកិច្ចបានចាត់ទុកសកម្មភាពវិនិយោគអចលនទ្រព្យជាចន្ទល់ និងរុញច្រានកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ហើយការជំរុញការវិនិយោគអចលនទ្រព្យ ត្រូវបានអ្នកជំនាញមើលឃើញថា ប្រហែលនឹងអាចជួយឱ្យសេដ្ឋកិច្ចកម្ពុជាវិលទៅរកកំណើនដើមវិញក្នុងរង្វង់ ៧ភាគរយ នៅឆ្នាំ២០២៤ ស្របតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកច្រឹក សុខនីម មើលឃើញថា ការប្រមូលពន្ធលើចំណេញមូលធន គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមគ្នានេះលោកថា នៅពេលពន្ធលើចំណេញមូលធនចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ២០២៤ ក៏អាចជះឥទ្ធិពលមិនល្អមួយចំនួនទៅលើវិនិយោគិនក្រៅស្រុកផងដែរ ដោយសាថាវិនិយោគិនទាំងនោះ នឹងចាប់ផ្តើមធ្វើការប៉ាន់ប្រមាណ និងប្រៀបធៀប ចំពោះតម្លៃពន្ធធៀបនឹងប្រាក់ចំណូល មុនពេលដែលពួកគេសម្រេចមកវិនិយោគក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។
ពន្ធលើចំណេញមូលធន ត្រូវបានប្រកាសពន្យាពេលពីរដង ដោយដំបូងឡើយគ្រោងអនុវត្តចាប់ពីខែ មករា ឆ្នាំ២០២១ ប៉ុន្តែត្រូវបានលើកពេលដល់ឆ្នាំ២០២២ ហើយនឹងកំណត់ការអនុវត្តឡើងវិញចាប់ពីឆ្នាំ២០២៤។
បើតាមអគ្គនាយកដ្ឋានពន្ធដារ មូលធនឬទ្រព្រដែលជាកម្មវត្ថុជាប់ពន្ធលើចំណេញមូលធនមាន៦ ប្រភេទដូចជា អចលនទ្រព្យ, ទ្រព្យវិនិយោគ, កេរ្តរិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធបញ្ញា, រូបិយវត្ថុបរទេស, និងភតិសន្យា។ អគ្គនាយដ្ឋានពន្ធដារបានគូសបញ្ជាក់ថាដោយផ្អែកលើការសិក្សាបទពិសោធន៍ពីបណ្តាប្រទេសនានា និងស្ថានភាពសេដ្ឋកិច្ចកម្ពុជា ពន្ធលើចំណេញមូលធនត្រូវបានកំណត់យកអត្រា២០ភាគរយ ទៅលើផលចំណេញសម្រេចបាន (មិនមែន២០ភាគរយនៃតម្លៃលក់នោះទេ)។ (អានបន្ថែម)
អត្ថបទ៖ កែវ សុខអាត