ក្រុមធុរកិច្ចជននៅកម្ពុជា ដែលដឹកនាំដោយក្រុមហ៊ុន Z1 Financial បានរៀបចំដំណើរទស្សនកិច្ច ដើម្បីទាក់ទាញអ្នកវិនិយោគនៅអាមេរិក មកវិនិយោគគម្រោងអចលនទ្រព្យ និងគម្រោងសក្តានុពលផ្សេងៗទៀតនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ក៏នឹងអាចឱ្យក្រុមហ៊ុន Z1 Financial ពង្រីកបណ្តាញទំនាក់ទំនងរបស់ខ្លួន ជាមួយបណ្តាអ្នកវិនិយោគ នៅលើទឹកដីសហរដ្ឋអាមេរិកផងដែរ។
ការជំរុញឱ្យមានការវិនិយោគពីបរទេស ពីវិស័យឯកជន គឺជាការឆ្លើយតបទៅនឹងការដាក់ចេញនូវគោលនយោបាយ របស់រដ្ឋាភិបាលកម្ពុជា ជាពិសេសច្បាប់វិនិយោគថ្មី ដែលទើបបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីពេលថ្មីនេះ សំដៅ ទាក់ទាញការវិនិយោគពីបរទេសនៅកម្ពុជា ដើម្បីជួយពន្លឿនសេដ្ឋកិច្ចជាតិ។
ដំណើរទស្សនកិច្ចនេះ នឹងមានការរៀបចំសិក្ខាសាលា និងការធ្វើបទបង្ហាញ ទាក់ទងនឹងគម្រោងវិនិយោគអចលនទ្រព្យ និងឱកាសវិនិយោគផ្សេងៗទៀតនៅកម្ពុជា ទៅដល់អ្នកចូលរួមនៅសហរដ្ឋអាមេរិក។ វាគ្មិនសំខាន់ៗ ចូលរួមចែករំលែកពីឱកាសវិនិយោគនេះរួមមានលោក សាយ សុខហេង, អ្នកស្រី ហ្គ្រេស រចនី ហ្វុង, លោកវ៉ា វីរៈ, ព្រមទាំងវាគ្មិនកិត្តយសជាច្រើនរូបទៀត។ កម្មវិធីចែករំលែកពីឱកាសវិនិយោគដ៏សំខាន់នេះ នឹងចាប់ផ្តើមពីថ្ងៃទី ២២–២៣ មីនា ឆ្នាំ២០២២ ដែលនឹងធ្វើឡើងនៅឯសណ្ឋាគារ Harrahs Las Vegas ស្ថិតក្នុងទីក្រុង Las Vegas នៃរដ្ឋ Nevada សហរដ្ឋអាមេរិក។ កម្មវិធីនេះនឹងបន្តដំណើរទៅដល់ក្រុង Long Beach រដ្ឋ California ចាប់ពីថ្ងៃទី ២៦-២៧ ខែមីនា ២០២២។
ក្រុមហ៊ុន Z1 Financial នឹងជួយសម្រួលដល់អ្នកវិនិយោគ ដើម្បីទទួលបានឱកាសវិនិយោគក្នុងទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនទាំងនៅកម្ពុជា និងបណ្តាប្រទេសនៅតំបន់អាស៊ី។ ក្រុមហ៊ុន Z1 Financial មានមូលដ្ឋាននៅប្រទេសឹង្ហបុរី ផ្តល់សេវាកម្មគ្រប់គ្រងទ្រព្យឌីជីថល (digital asset management) និងសេវាកម្មវិនិយោគទៅដល់វិនិយោគិន និងអតិថិជន តាមរយៈផ្លេតហ្វមវិនិយោគរបស់ក្រុមហ៊ុន ដែលផ្លេតហ្វមនោះនឹងជួយចាត់ចែង និងគ្រប់គ្រងការវិនិយោគរបស់វិនិយោគិន លទ្ធភាពទទួលបានប្រភពទុន ដែលអាចបង្កើតប្រាក់ចំណេញក្នុងកម្រិតអតិប្បរមា។
កាលពីថ្ងៃទី ១៨ កុម្ភៈ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Z1 Financial បានចុះអនុស្សារណៈយោគយល់គ្នាជាមួយ ក្រុមហ៊ុន Mercan Group ដែលជាក្រុមហ៊ុនវិនិយោគដ៏ធំមួយមានមូលដ្ឋាននៅប្រទេសកាណាដា។ កិច្ចសហការនេះ គឺដើម្បីជំរុញការវិនិយោគទៅវិនិយោគទៅវិញទៅមករវាងកម្ពុជា ជាមួយប្រទេសសមាជិកសហគមន៍អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Mercan Group មានគម្រោងវិនិយោគ ៤០ គម្រោងនៅសហរដ្ឋអាមេរិក និង១៥គម្រោងទៀត នៅប្រទេសព័រទុយហ្គាល់។ (អានបន្ថែម)