ចំណុចសំខាន់៖
- ក្រុមហ៊ុនសឹង្ហបុរីបង្ហាញទំនុកចិត្តទីផ្សារអចលនទ្រព្យនៅកម្ពុជា ដោយបង្កើនការអភិវឌ្ឍគម្រោងអចលនទ្រព្យបន្ថែមទៀត
- ចំណូលពីការលក់របស់ក្រុមហ៊ុននេះសម្រេចបានជាង ១៦ លានដុល្លារនៅឆ្នាំ២០២១
- មជ្ឈមណ្ឌលកសិកម្ម-សិង្ហបុរី ជាគម្រោងវិនិយោគខ្នាតយក្សដំបូងគេក្នុងខេត្តកំពង់ស្ពឺ ស្ថិតលើផ្ទៃដីជិត ១ម៉ឺនហិកតា
«ក្នុងនាម ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនៅកម្ពុជា យើងជឿជាក់ថា ការរីកចម្រើន និងការវិនិយោគនៅកម្ពុជា នឹងបោះជំហ៊ានទៅមុខកាន់តែខ្លាំងថែមទៀតនាពេលខាងមុខ»

គម្រោងអភិវឌ្ឍន៍ចម្រុះ Royal Platinum ក្នុងខណ្ឌទួលគោក ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Hong Lai Huat និង ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េង។ Photo: supplied
ក្រុមហ៊ុន Hong Lai Huat ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនសឹង្ហបុរី បានប្រកាសពីការងើបឡើងវិញនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលចំណូលក្រុមហ៊ុននេះបានកើនទ្វេដងកាលពីឆ្នាំ២០២១។ ចំណូលងើបឡើងវិញ របស់ក្រុមហ៊ុនសឹង្ហបុរីនាពេលនេះ គឺដោយសារការលក់ដាច់ខ្លាំងនៃគម្រោងអចលនទ្រព្យរបស់ខ្លួននៅកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកសឹង្ហបុរី The Edge។
កត្តានេះបង្ហាញថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែជាទិសដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគ ពីអ្នកវិនិយោគបរទេស ក្នុងការបង្កើតប្រាក់ចំណេញ។
កាលពីឆ្នាំ ២០២១ ចំណូលពីការលក់ (revenue) របស់ក្រុមហ៊ុននេះសម្រេចបានប្រមាណជាង ១៦ លានដុល្លារ ដែលកើនពីជាង ៧ លានដុល្លារក្នុងឆ្នាំ២០២០។ ការកើនឡើងចំណូលពីការលក់ បានធ្វើឱ្យកម្រិតប្រាក់ចំណេញដុល (GPM) របស់ក្រុមហ៊ុននេះកើនពីជិត ៤០ ភាគរយ មក ៦០ ភាគរយ។ កម្រិតប្រាក់ចំណេញដុលគឺជាភាគរយនៃចំណូលបានពីការលក់ដែលនៅសល់បន្ទាប់ពីបានទូទាត់លើថ្លៃដើមរួច។
លោក Johnny Ong ត្រូវបានអ្នកសារព័ត៌មានដកស្រង់សម្តីដោយបញ្ជាក់ថា៖ «កម្ពុជា កំពុងបោះជំហ៊ានទៅមុខយ៉ាងឆាប់រហ័ស ហើយប្រជាជនដែលមានចំណូលមធ្យមក៏មានការកើនឡើងច្រើនផងដែរ។ ក្នុងនាម ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនៅកម្ពុជា យើងជឿជាក់ថា ការរីកចម្រើន និងការវិនិយោគនៅកម្ពុជា នឹងបោះជំហ៊ានកាន់តែខ្លាំងថែមទៀតនាពេលខាងមុខ»។
ក្រុមហ៊ុន Hong Lai Huat បានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ នៅប្រទេសសឹង្ហបុរី។ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះ បានបញ្ជាក់ថាប្រហែល ៩៥ ភាគរយ នៃប្រតិបត្តិការអាជីវកម្មរបស់ខ្លូន គឺផ្តោតជាចម្បងលើការវិនិយោគនៅកម្ពុជារួមមាន អចលនទ្រព្យ និងកសិកម្ម។ ហើយនៅសល់ ៥ ភាគរយបន្ថែមទៀតផ្តោតលើទីផ្សារអចលនទ្រព្យនៅសឹង្ហបុរី។
គម្រោងដំបូងរបស់ក្រុមហ៊ុននេះនៅកម្ពុជាគឺ ការដំាដំឡូងមីដើម្បីកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងឆ្នាំ២០០៨ ក្រុមហ៊ុន Hong Lai Huat ទទួលបានសិទ្ធិលើការវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលកម្ពុជាប្រមាណ ១ម៉ឺនហិកតា ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលផ្នែកខ្លះលើផ្ទៃដីនេះដាំដំឡូងមី។ បច្ចុប្បន្ន ក្រុមហ៊ុនេះ បានប្រកាសផែនការអភិវឌ្ឍន៍ ដោយនឹងប្រែក្លាយទីតាំងដីតំបន់នេះជាមជ្ឈមណ្ឌលកសិកម្ម-សិង្ហបុរី (CSAH) មានទាំងការវិនិយោគលើកិសកម្ម ការស់នៅ និងការធ្វើអាជីវកម្ម។
តំណាងក្រុមហ៊ុន Hong Lai Huat បានបញ្ជាក់ថា គិតមកដល់ពេលនេះក្រុមហ៊ុនបានបញ្ចេញថវិកាអស់ជាង ៣០ លានដុល្លារហើយលើការសិក្សា និងការរៀបចំផ្សេងៗលើទីតាំងនៃការអភិវឌ្ឍមជ្ឈមណ្ឌលកសិកម្ម-សិង្ហបុរី។ CSAH មានទីតាំងអំណោយផលទាំងកត្តាអាកាសធាតុ បរិស្ថាន និងការដឹកជញ្ជូន ព្រោះនៅជិតផ្លូវជាតិសំខាន់ៗដូចជាផ្លូវជាតិលេខ ៣, ៤, ៤១, ៤៤ និង ៥១។
ចំណែកគម្រោងទី២ របស់ក្រុមហ៊ុននេះ ផ្តោតលើគម្រោងអភិវឌ្ឍចម្រុះមានទាំងកន្លែងរស់នៅ និងការធ្វើពាណិជ្ជកម្ម ដែលមានឈ្មោះថា D’Seaview។ គម្រោងនេះស្ថិតក្នុងក្រុងព្រះសីហនុ បានបញ្ចប់ការសាងសង់កាលពីឆ្នាំ ២០១៩។ គម្រោងអភិវឌ្ឍចម្រុះមួយទៀតរបស់ក្រុមហ៊ុននេះស្ថិតនៅខណ្ឌទួលគោកមានឈ្មោះថា Royal Platinum កំពុងដំណើការសាងសង់ ហើយរំពឹងបញ្ចប់នៅចុងឆ្នាំ២០២២នេះ។
បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកប្រទេសឡើងវិញ ក្រុមហ៊ុននេះបានអះអាងថាការលក់ខុនដូនៅក្នុងគម្រោង Royal Platinum កើនឡើងវិញប្រមាណ៨០%។ កត្តានេះបានជំរុញឱ្យក្រុមហ៊ុន Hong Lai Huat ពង្រីកខ្លួន ដោយគ្រោងនឹងអភិវឌ្ឍន៍គម្រោងអចលនទ្រព្យទី៣ និងទី៤ បន្ថែមទៀតនៅកម្ពុជា៕