- ការអភិវឌ្ឍពហុកីឡាដ្ឋានថ្មី ផ្លូវក្រវ៉ាត់ក្រុងទី៣ និងអាកាសយាន្តដ្ឋានភ្នំពេញថ្មី សុទ្ធតែជាគម្រោងសំខាន់ៗជំរុញកំណើនតម្លៃដីនៅតំបន់ជាយក្រុង
- តម្លៃដីនៅតាមតំបន់ជាយក្រុងមានកំណើនជាមធ្យម២០ ភាគរយក្នុងមួយឆ្នាំ
- រាជធានីភ្នំពេញ អាចនឹងពង្រីកនៅក្នុងរង្វង់ទំហំ ៣០ គីឡូម៉ែត្រជុំវិញដោយគិតពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ
«វិនិយោគដីធ្លី ចំទីតាំងយុទ្ធសាស្រ្ត អាចមានឱកាសចំណេញច្រើន»
តំបន់សំខាន់ៗចំនួនបីកន្លែងស្ថិតនៅជាយរាជធានីភ្នំពេញ ដែលអ្នកជំនាញអចលនទ្រព្យចាត់ទុកថា ជាទីតាំងយុទ្ធសាស្រ្ត ក្នុងការវិនិយោគទទួលបានផលចំណេញច្រើន ខណៈដែលដីធ្លីនៅតំបន់ជាយក្រុងរយៈពេល១០ ឆ្នាំចុងក្រោយនេះ (២០១១ – ២០២១) មានអត្រាកំណើនជាមធ្យម២០ ភាគរយក្នុងមួយឆ្នាំ។
នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Imperial Realty លោកខេន ឡូ បានលើកឡើងថា ភាគខាងជើង ភាគត្បូង និងភាគខាងជើងឈៀងខាងលិចរាជធានីភ្នំពេញ ជាតំបន់ដែលមានសក្តានុពលខ្ពស់សម្រាប់ឱកាសវិនិយោគដីធ្លី ទទួលបានផលចំណេញខ្ពស់។
ថ្លែងក្នុងកិច្ចពិភាក្សាស្តីពី៖ «ការងារ និងឱកាសវិនិយោគអចលនទ្រព្យ» ថ្មីៗនេះ លោកខេន ឡូ បានបញ្ជាក់ថា៖ «វិនិយោគដីធ្លី ចំទីតាំងយុទ្ធសាស្រ្ត ជាពិសេសតំបន់អភិវឌ្ឍន៍របស់រដ្ឋាភិបាល អ្នកវិនិយោគអាចមានឱកាសចំណេញច្រើន ដោយសារគម្រោងសំខាន់ៗទាំងនេះជំរុញកំណើនតម្លៃ»។
ភាគខាងជើងឈៀងខាងកើត មានការអភិវឌ្ឍពហុកីឡាដ្ឋានមរតកតេជោ ដែលឋិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ, គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ភ្នំពេញ-ព្រះសីហនុ ស្ថិតនៅភាគជើងឈៀងខាងលិច។ ផ្លូវល្បឿនលឿនដែលមានប្រវែងជាង ១៩០ គីឡូម៉ែត្រនេះ គ្រោងបើកឱ្យប្រើប្រាស់សាកល្បងនៅខែកក្កដា ហើយគ្រោងដាក់ដំណើរការផ្លូវការនៅអំឡុងខែកញ្ញា ឆ្នាំ២០២២។ ចំណែកភាគត្បូងរាជធានីភ្នំពេញ មានគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី ឋិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បើតាមលោក ខេន ឡូ គម្រោងធំៗទាំងនេះ នឹងក្លាយជាកត្តាជំរុញដ៏សំខាន់ ក្នុងការទាក់ទាញគម្រោងផ្សេងៗទៀតដូចគម្រោងលំនៅឋាន រោងចក្រឧស្សាហកម្ម និងឃ្លាំងស្តុកទំនិញជាដើម ដែលនឹងអាចបោះទីតាំងវិនិយោគក្នុងតំបន់ទាំងនេះ។
របាយការណ៍ព្យាករណ៍ទីផ្សារអចលនទ្រព្យឆ្នាំ ២០២២ របស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា តម្លៃដីនៅតាមតំបន់ជាយក្រុងរាជធានីភ្នំពេញ (outer suburbs) មានអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ២០ ភាគរយ ខណៈដែលតំបន់នៅកៀកកណ្តាលក្រុង (inner suburbs) មានអត្រាកំណើន១០ភាគរយ ក្នុងមួយឆ្នាំ ដែលគិតចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១។ ប្រភពដដែលបានបញ្ជាក់ថា អត្រាកំណើនដីធ្លីនេះគឺផ្អែកលើកត្តាជំរុញសំខាន់ៗមួយចំនួនដូចជាការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធស្របតាមផែនការអភិវឌ្ឍក្រុង និងការទិញដីទុករំពឹងផលចំណេញ ឬសម្រាប់គម្រោងអភិវឌ្ឍន៍ផ្សេងៗ។
របាយការណ៍ព្យាករណ៍នេះបានកំណត់តំបន់នៅកៀកកណ្តាលក្រុងរួមមានខណ្ឌជ្រោយចង្វារ ខណ្ឌឬស្សីកែវ សែនសុខ និងខណ្ឌមានជ័យ។ ចំណែកតំបន់ជាយក្រុងរួមមានខណ្ឌព្រែកព្នៅ ពោធិ៍សែនជ័យ កំបូល ដង្កោ និងខណ្ឌច្បារអំពៅ។
[អត្ថបទទាក់ទង៖ ទីតាំងដីធ្លីនៅខណ្ឌជាយក្រុងទាំង៣នេះ មានតម្លៃដីក្រោម $100/sqm]
នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Land Station លោកឧកញ៉ា កាង សុធី បានលើកឡើងថា ការវិនិយោគដីធ្លីនៅតាមតំបន់ជាយក្រុង ជាពិសេសតំបន់នៅជាប់គម្រោងអភិវឌ្ឍន៍ធំៗដូចជាពហុកីឡាដ្ឋាន និងគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលទីតាំងដីនៅជុំវិញគម្រោងអភិឌ្ឍន៍ធំៗទាំងនេះអាចមានតម្លៃកើនឡើងជាមធ្យមចន្លោះពី ២០ ទៅ ៣០ ភាគរយក្នុងមួយឆ្នាំៗ។
[ អត្ថបទទាក់ទង៖ យល់ដឹងពីការវិវឌ្ឍតម្លៃដីទាំងបីដំណាក់កាលនេះដើម្បីវិនិយោគបានចំណេញខ្ពស់ ]
លោក ឧកញ៉ា កាង សុធី ដែលមានបទពិសោធន៍លើការវិនិយោគដីធ្លីជិត ២០ឆ្នាំនៅកម្ពុជា បានបញ្ជាក់ថាទីតាំងដីដែលមានចំងាយ ១០ ទៅ ១៥ គីឡូម៉ែត្រ ចេញពីតំបន់ជុំវិញគម្រោងអភិវឌ្ឍន៍ធំៗទាំងនេះ សុទ្ធតែអាចមានឱកាសទទួលបានផលចំណេញ។
យោងតាមអនុក្រឹត្យស្តីពី «ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ» ចុះហត្ថលេខាដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែធ្នូ ឆ្នាំ ២០១៥ បានឱ្យដឹងថា ព្រំដែនរាជធានីភ្នំពេញ អាចនឹងពង្រីកនៅក្នុងរង្វង់ទំហំ ៣០ គីឡូម៉ែត្រជុំវិញដោយគិតពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ។ ឯកសារដដែល បានបញ្ជាក់ថា នៅពេលដែលមានការពង្រីកក្រុង ពេលនោះទីក្រុងភ្នំពេញនឹងត្រូវគ្របដណ្តប់លើផ្ទៃដីខាងជើងស្ទើរតែទាំងអស់នៃខេត្តកណ្តាល។