ចំនុចសំខាន់៖
- លក្ខណ្ឌទូទាត់ និងការទទួលបាននូវកម្ចីដែលមានលក្ខណ្ឌអំណោយផល ជាកត្តាគន្លឹះដើម្បីសម្រេចបិទការលក់
- គម្រោងអភិវឌ្ឍន៍អចលនទ្រព្យខ្លះផ្តល់ជូនអតិថិជននូវការបង់រំលស់ដោយគ្មានការប្រាក់ ៣៦ ខែ ខ្លះទៀតរហូតដល់ ៦០ ខែ
- ចរន្តនៃការទិញ-លក់នៅតែបន្តមានសកម្មភាព ប៉ុន្តែបានបង្ហាញពីភាពថមថយក្នុងអំឡុងកូវីដ-១៩
- គម្រោងលំនៅឋានប្រកាសបើកលក់ថ្មីក្នុងឆ្នាំ ២០២១ មានរហូតដល់ ៦២ គម្រោង ឬស្មើនឹង ២ម៉ឺនខ្នង
«ក្នុងបរិបទកូវីដ-១៩នេះ ការទិញលក់អចលនទ្រព្យដែលទទួលបាននូវភាពជោគជ័យច្រើនជាងគេ គឺការផ្តល់នូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុ»
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងពីគន្លឹះអនុវត្តជាក់ស្តែងមួយចំនួន ដើម្បីសម្រេចបិទការលក់ ឬជាភាសាអង់គ្លេសហៅថា «close deal» ក្នុងបរិបទកូវីដ-១៩ ខណៈការទិញ-លក់អចលនទ្រព្យនៅមិនទាន់វិលទៅរកសភាពដូចមុនវិញនៅឡើយ។
សម្រាប់ភ្នាក់ងារអចលនទ្រព្យ ដែលដើរតួរជាអ្នកសម្របសម្រួលទិញ-លក់អចលនទ្រព្យ គួរមានភាពបត់បែន និងសមត្ថភាពផ្តល់នូវគន្លឹះជាដំណោះស្រាយសមស្របដល់អតិថិជន។ នេះបើតាមការលើកឡើងរបស់លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)។
ថ្លែងក្នុងកម្មវិធី ស្តីពីការផ្តល់ប្រឹក្សាអាជីវកម្មអចលនវត្ថុ ដល់សមាជិករបស់សមាគម នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះ លោកច្រឹក សុខនីម បានបញ្ជាក់ថា ការសម្របសម្រួលដល់អតិថិជនក្នុងការទទួលបាននូវលក្ខណ្ឌបង់ប្រាក់ ឬការទទូទាត់អំណោយផល និងការមានបណ្តាញទំនាក់ទំនងច្រើន ជាកត្តាចម្បងដែលជួយដល់ភ្នាក់ងារអចលនទ្រព្យអាចសម្រេចបិទការលក់។
លោកថ្លែងថា «ក្នុងបរិបទកូវីដ-១៩នេះ ការទិញលក់អចលនទ្រព្យដែលទទួលបាននូវភាពជោគជ័យច្រើនជាងគេ គឺការផ្តល់នូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុ តាមរយៈការណែនាំអតិថិជនទទួលបានកម្ចីសមស្រប ឬលក្ខណ្ឌបង់ប្រាក់ដែលមានភាពអំំណោយផល។»
លោកបន្ថែមថា ការយល់ដឹងពីអតិថិជនគោលដៅ ចំណេះដឹងក្នុងវិស័យអចលនទ្រព្យ និងភាពស្មោះត្រង់ ក៏ជាធាតុផ្សំសម្រាប់ភ្នាក់អចលនទ្រព្យផងដែរ។
បច្ចុប្បន្នការប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារដើម្បីទិញអចលនទ្រព្យនៅកម្ពុជា អាចទទួលបានទំហំកម្ចីចាប់ពី ៥០ ទៅ ៧០ ភាគរយនៃតម្លៃទ្រព្យសរុប ហើយជាទូទៅមានអត្រាការប្រាក់ចន្លោះពី ៨ ទៅ ១០ ភាគរយក្នុងមួយឆ្នាំ ដោយអាស្រ័យលើប្រភេទប្លង់នៃអចលនទ្រព្យនោះ។
បច្ចុប្បន្នមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យខ្លះផ្តល់ជូនអតិថិជននូវការបង់រំលស់ដោយគ្មានការប្រាក់ ៣៦ ខែ ខ្លះទៀតរហូតដល់ ៦០ ខែ និងគម្រោងខ្លះទៀតគ្រាន់តែបង់មុន ៥ ពាន់ដុល្លារ អាចទិញខុនដូចូលរស់នៅតែម្តង ហើយក៏មានម្ចាស់គម្រោងធានាទិញត្រលប់វិញជាមួយនឹងអត្រាប្រាក់ចំណេញ ២០ ភាគរយ ក្នុងមួយឆ្នាំ។ នេះបើតាមការបញ្ជាក់ពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ
សម្រាប់លោកបណ្ឌិត Trevor Suter គ្រូបង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding បានបញ្ជាក់ថា ជំនាញសំខាន់បំផុតរបស់ភ្នាក់ងារលក់អចលនទ្រព្យគឺសមត្ថភាពដែលអាចកសាងទំនាក់ទំនងល្អ សមត្ថភាពធ្វើឲ្យគេជឿទុកចិត្ត ដែលជាជំហានសំខាន់ឆ្ពោះទៅសម្រេចបិទការលក់។
ថ្លែងក្នុងកិច្ចពិភាក្សារៀបចំដោយបណ្តាញព័ត៌មានអចលនទ្រព្យ Z1News នាពេលថ្មីៗនេះ លោកបណ្ឌិតបានលើកឡើងថា៖ «ភ្នាក់ងារអចលនទ្រព្យត្រូវស្វែងរកព័ត៌ឲ្យបានច្រើនតាមដែលអាចធ្វើបានពីអតិថិជន និងតម្រូវការរបស់ពួកគេជាដើម។»
លោកបញ្ជាក់បន្ថែមថា៖ «នៅក្នុងផ្នត់គំនិតរបស់អតិថិជន នៅពេលដែលនរណាម្នាក់នៅទីនោះដើម្បីពួកគេ នោះពួកគេនឹងចូលចិត្ត ជឿទុកចិត្តបុគ្គលម្នាក់នោះ ហើយនៅពេលនោះយើងនិងអាចចាប់ផ្តើមការលក់បាន ព្រោះអតិថិជនទិញអ្វីមួយពីនរណាម្នាក់ដែលគេចូលចិត្ត ទិញពីអ្នកដែលគេជឿទុកចិត្តតែប៉ុណ្ណោះ។»
បើតាមលោក សុខនីម ចរន្តនៃការទិញ-លក់នៅតែបន្តមានសកម្មភាព ប៉ុន្តែបានបង្ហាញពីភាពថមថយក្នុងអំឡុងកូវីដ-១៩។ ទោះបែបនេះក្តី លោកលើកឡើងទីផ្សារអចលនទ្រព្យបានងើបឡើងវិញៗបណ្តើរនាពេលបច្ចុប្បន្ន និងអាចវិលទៅរកសន្ទុះកំណើនល្អឆាប់ៗខាងមុខ។
ទិន្នន័យទីផ្សារអចលនទ្រព្យរបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា ទីផ្សារលំនៅឋាននៅតែបន្តកំណើនរឹងមាំជាងគេ ខណៈដែលគម្រោងលំនៅឋានប្រកាសបើកលក់ថ្មីក្នុងឆ្នាំ ២០២១ មានរហូតដល់ ៦២ គម្រោង ឬស្មើនឹង ២ម៉ឺនខ្នង។
សម្រាប់កម្ចីអចលនទ្រព្យដែលផ្តល់ឱ្យដោយគ្រឹះស្ថានធនាគារនៅកម្ពុជាក្នុងឆ្នាំ ២០២១ បានកើនដល់ ៦,៤ ពាន់លានដុល្លារអាម៉េរិក គិតត្រឹមដំណាច់ឆ្នាំ២០២១ ដែលទំហំកម្ចីនេះបានកើនពីត្រឹមប្រមាណ ៥ ពាន់លានដុល្លារអាម៉េរិកពីដំណាច់ឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ការិយាល័យឥណទានកម្ពុជា (CBC)។ កម្ចីអចលនទ្រព្យភាគច្រើនផ្តោតលើការទិញលំនៅឋាន៕