ក្រុមហ៊ុនជាតិនិងអន្តរជាតិធំៗ៥ សហការវិនិយោគអចលនទ្រព្យ

Bunthoeun Chhut 19/February/2022 19:54
ចែករំលែក

ចំណុចសំខាន់៖ 

  • កិច្ចសហការជាយុទ្ធសាស្រ្ត ដែលជំរុញឱ្យមានការវិនិយោគទៅវិញទៅមកក្នុងវិស័យអចលនទ្រព្យរវាងកម្ពុជា និងប្រទេសសមាជិកអ៊ឺរ៉ុប
  • ការទិញអចលនទ្រព្យនៅព័រទុយហ្គាល់ អាចប្រើកម្ចីរហូតដល់ ៧០% ជាមួយអត្រាការប្រាក់ ១,២% ក្នុងមួយឆ្នាំ
  • FDI ចាក់បញ្ចូលទៅក្នុងវិស័យសំណង់ អចលនទ្រព្យរួមចំណែក ១ភាគ៣ នៃផលិតផលក្នុងសរុបនៅកម្ពុជា ​
  • ការទិញលក់អចលនទ្រព្យនៅសហគមន៍អ៊ឺរ៉ុបសម្រេចបានទំហំទឹកប្រាក់ជាង ៣០០ ពាន់លានដុល្លារ កាលពីឆ្នាំ២០២១

«នេះជាស្មារតីវិនិយោគរួមគ្នាមិនថាតិច ឬច្រើន។ យើងប្រឹងប្រែងធ្វើឱ្យពិតប្រាកដ ដើម្បីជាកម្លាំងចលករដល់ប្រទេសកម្ពុជា មានឱកាសរីកចម្រើនលឿនដូចបណ្តាប្រទេសអភិវឌ្ឍផ្សេងៗទៀត។» 

លោកគុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Zillennium Co., Ltd និងលោក Jerry Morgan ស្ថាបនិក​និងអគ្គនាយក​ក្រុមហ៊ុន​ Mercan Group ចាប់ដៃគ្នា បន្ទាប់ពីចុះ MoU

ក្រុមហ៊ុ​នក្នុងស្រុក និងក្រុមហ៊ុន​អន្តរជាតិធំៗចំនួនប្រាំបានសម្រេចកិច្ចសហការ ដើម្បីបង្កើតឱកាសវិនិយោគថ្មីៗ​ ជំរុញការវិនិយោគអចលនទ្រព្យរវាងប្រទេសកម្ពុជា ប្រទេសកាណាដា និងប្រទេសព័រទុយហ្គាល់ ដែលជាប្រទេស​សមាជិកសហគមន៍អ៊ឺរ៉ុប។ កិច្ចសហការនេះ គឺជាការបោះជំហានដ៏សំខាន់ សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស។​

ក្រុមហ៊ុន Zillennium Co., Ltd (Z1 Group), ក្រុមហ៊ុន Z1 Financial, ក្រុមហ៊ុន Century 21 Fortuna Investment, ក្រុមហ៊ុន Mercan Group និងក្រុមហ៊ុន Mercadia Cambodia បានរៀបចំពិធីចុះអនុស្សារណៈយោគយល់គ្នា​ កាលពីសៀលថ្ងៃទី ១៨ កុម្ភៈនេះ។ ភាគីទាំងប្រាំបានព្រមព្រៀងលើការសហការ​ទៅវិញទៅមកដើម្បីសម្រួលដល់អ្នកវិនិយោគនៅកម្ពុជាអាចទិញអចលនទ្រព្យនៅព័រទុយហ្គាល់ កាណាដា ឬសហរដ្ឋអាមេរិក ហើយទន្ទឹមគ្នានេះអ្នកវិនិយោគនៅកម្ពុជានឹង​មានឱកាសកាន់តែច្រើនក្នុងការកៀរគរទុនពីវិនិយោគិននៅប្រទេសសមាជិកអ៊ឺរ៉ុប ឬនៅសហរដ្ឋអាមេរិក ដើម្បីវិនិយោគគម្រោងអចលនទ្រព្យនៅកម្ពុជា​។​

ថ្លែងក្នុងពិធីចុះ MoU នេះលោកគុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Zillennium Co., Ltd (Z1 Group) បានចាត់ទុកកិច្ចសហការនេះ ជាការផ្គុំកម្លាំង​រួមគ្នាដ៏សំខាន់ជំរុញឱ្យមានការវិនិយោគទៅវិញទៅមក ដែលស្មារតីរួមគ្នានេះនឹងជួយពន្លឿនការិនិយោគនៅកម្ពុជា។​

លោកថ្លែង​ថា៖ «នេះជាស្មារតីវិនិយោគរួមគ្នាមិនថាតិច ឬច្រើន។ យើងប្រឹងប្រែងធ្វើឱ្យពិតប្រាកដ ដើម្បីជាកម្លាំងចលករដល់ប្រទេសកម្ពុជា មានឱកាសរីកចម្រើនលឿនដូចបណ្តាប្រទេសអភិវឌ្ឍផ្សេងៗទៀត។»

លោក  Jerry Morgan  ស្ថាបនិក​និងអគ្គនាយក​ក្រុមហ៊ុន​ Mercan Group បានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា និងនៅប្រទេសសមាជិកសហគមន៍អ៊ឺរ៉ុបសុទ្ធសឹងតែមានសក្តានុពលសម្រាប់ការវិនិយោគ ក្នុងការទទួលបានផលចំណេញ។

លោកបញ្ជាក់ថា៖ «ខ្ញុំ​មើលឃើញពីចំណុចចាប់អារម្មណ៍ជាច្រើនដែលយើងអាចសហការគ្នាបាន។ ខ្ញុំយល់ឃើញថា កម្ពុជា ជាទីផ្សារដ៏គួរឱ្យអារម្មណ៍សម្រាប់ការវិនិយោគ និងមានឱកាសច្រើនក្នុងការទទួលបាននូវផលចំណេញ។» លោកបន្តថា៖ «នៅអ៊ឺរ៉ុប​វិញ បរិយាកាសវិនិយោគមានស្ថេរភាពជាងមែន តែ​ឱកាសទទួលបានប្រយោជន៍មានដូចគ្នា ហើយទន្ទឹមនេះអ្នកវិនិយោគនៅកម្ពុជា អាចមានឱកាសច្រើនក្នុងការទិញអចលនទ្រព្យនៅទីនោះ។»

បើតាមលោក Jerry Morgan  បច្ចុប្បន្នក្រុមហ៊ុន Mercan Group មានគម្រោងវិនិយោគ ៤០ គម្រោងនៅសហរដ្ឋអាមេរិក និង១៥គម្រោងទៀត នៅប្រទេសព័រទុយហ្គាល់។

យោងតាមទិន្ន័យស្រាវជ្រាវទីផ្សារអចលនទ្រព្យរបស់ក្រុមហ៊ុន Savills មានមូលដ្ឋានៅចក្រភពអង់គ្លេស បានបង្ហាញថា ប្រតិបត្តិការទិញលក់អចលនទ្រព្យក្នុងសហគមន៍អ៊ឺរ៉ុប សម្រេចបានទំហំទឹកប្រាក់ប្រមាណ ៣២៦ ពាន់លានដុល្លារ (ឬ ២៨៨ ពាន់លានអ៊ឺរ៉ូ) ពេញមួយឆ្នាំ ២០២១ កើនឡើង ៩ ភាគរយធៀបនឹងឆ្នាំ ២០២០។ កំណើននៃការវិនិយោគនេះនឹងបន្តកំណើនរឹងមាំក្នុងឆ្នាំ ២០២២ ដែលនឹងអាចកើនដល់ ៣៣៣ ពាន់លានដុល្លារ។

សហគមន៍អ៊ឺរ៉ុបមានសមាជិក ២៧ ប្រទេស និងជាប្លុកសេដ្ឋកិច្ចដ៏ធំមួយនៅលើពិភពលោក។ ក្នុងឆ្នាំ២០២១ ផលិតផលក្នុងស្រុកសរុប (GDP) នៃប្លុកសេដ្ឋកិច្ចដ៏ធំមួយនេះសម្រេចបានទំហំទឹកប្រាក់ដល់ទៅជាង​ ១៥ ទ្រីលានដុល្លារអាមេរិក កើនប្រហែល ៥ ភាគរយធៀបនឹងឆ្នាំ២០២០។ សម្រាប់អ្នកជំនាញអចលនទ្រព្យ ប្រទេសព័រទុយហ្គាល់ មានអំណោយផល និងសក្តានុពលខ្ពស់មួយ ក្នុងចំណោមប្រទេសសមាជិកអ៊ឺរ៉ុបដទៃទៀត សម្រាប់ការវិនិយោគ។

លោកវ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment បានលើកឡើងថា ការទិញអចលនទ្រព្យនៅប្រទេសព័រទុយហ្គាល់ គ្រាន់តែមានប្រាក់កក់ ៣០ ភាគរយប៉ុណ្ណោះ និងអាចទទួលបានទំហំកម្ចី ៧០ ភាគរយ នៃតម្លៃទ្រព្យ ជាមួយអត្រាការប្រាក់ត្រឹម ១,២ ភាគរយ ក្នុងមួយឆ្នាំ។

លោកវ៉ា វីរៈ ជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិដំបូងគេនៅកម្ពុជា ដែលបានទទួលស្គាល់ជាអន្តរជាតិ និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការសម្របសម្រូលប្រតិបត្តិការទិញលក់អចលនទ្រព្យនៅក្រៅប្រទេស ជាពិសេសប្រទេសព័រទុយហ្គាល់ ការណាដា និងសហរដ្ឋអាមេរិក។​

លោកថ្លែងថា៖ «ប្រទេសព័រទុយហ្គាល់ មិនត្រឹមតែមានសក្តានុពសម្រាប់ការវិនិយោគប៉ុណ្ណោះទេ តែក៏មានអំណោយផលល្អសម្រាប់ការរស់នៅផងដែរ ដោយសារប្រទេសនេះមានសុវត្ថិភាពខ្ពស់ ប្រព័ន្ធសុខាភិបាលទំនើប ថែមទាំងជាប្រទេស មានការចាយវាយសមរម្យបំផុត​ក្នុងតំបន់អ៊ឺរ៉ុប ដែលទំនិញ និងសេវាកម្មជាច្រើនមានតម្លៃប្រហាក់ប្រហែលនឹងប្រទេសកម្ពុជាដែរ។​»

លោកបញ្ជាក់ថាបន្ថែមថា កិច្ចសហការនាពេលនេះ នឹងបង្កលក្ខណៈងាយស្រួលផងដែរ ដល់អ្នកវិនិយោគនៅកម្ពុជាក្នុងការរកដៃគូរសហការជាមួយអ្នកវិនិយោគបរទេស ជាពិសេសវិនិយោគិនប្រទេសសមាជិកអ៊ឺរ៉ុប មកវិនិយោគនៅកម្ពុជា។

ការជំរុញឱ្យមានការវិនិយោគពីបរទេស  ពីវិស័យឯកជន គឺជាការឆ្លើយតបទៅនឹងការដាក់ចេញនូវគោលនយោបាយ របស់រដ្ឋាភិបាលកម្ពុជា ជាពិសេសច្បាប់វិនិយោគថ្មី ដែលទើបបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីពេលថ្មីនេះ សំដៅ ទក់ទាញការវិនិយោគពីបរទេសនៅកម្ពុជា ដើម្បីជួយពន្លឿនសេដ្ឋកិច្ចជាតិ។

ទិន្នន័យធនាគារពិភពលោកបានបង្ហាញថា រំហូរវិនិយោគផ្ទាល់ពីបរទេស​ (FDI) ដែលបានចាក់បញ្ជូលទៅក្នុងវិស័យ អចលនទ្រព្យ និងសំណង់នៅកម្ពុជាក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ មានចំណែកដល់ទៅ ១ភាគ៣ នៃផលិតផល ក្នុងស្រុកសរុប (GDP)។ ​ការវិនិយោគពីFDI នៅកម្ពុជា សម្រេចបានទឹកប្រាក់ជាង ៣,៤ ពាន់លានដុល្លារនៅឆ្នាំ ២០១៩ និង ៣,៦ ពាន់លានដុល្លារនៅឆ្នាំ២០២០។

លោក សាយ សុខ ហេង នាយកប្រតិបត្តិក្រុមហ៊ុន Z1 Financial បានប្រាប់អ្នកយកព័ត៌មាននៅក្នុងពិធីចុះ MoU នេះថា  តាមរយៈកិច្ចសហការជាយុទ្ធសាស្រ្តនេះ នឹងធ្វើឱ្យទីផ្សារអចលនទ្រព្យនៅកម្ពុជាកាន់តែមានសក្តានុពល និងវិវឌ្ឍទៅមុខមួយកម្រិតទៀត

លោកថ្លែងថា៖ «អ្នកវិនិយោគនៅព័រទុយហ្គាល់ នៅកាណា ឬនៅសហរដ្ឋអាមេរិកក្តី គាត់អាចមកវិនិយោគនៅកម្ពុជាបានតាមរយៈក្រុមហ៊ុន Mercan Group ។ ហើយគម្រោងវិនិយោគ ដែលវិនិយោគិនបរទេសអាចវិនិយោគនៅកម្ពុជាអាចជា សណ្ឋាគារ​ រីហ្សត និងអគារពាណិជ្ជកម្ម។» ​

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង