អត្ថបទប្រែសម្រួល
ភ្នំពេញ៖ ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចជប៉ុន MinebeaMitsumi Inc នឹងផ្លាស់ប្តូរផ្នែកខ្លះនៃផលិតកម្មបង្កើតម៉ាស៊ីន និងឧបករណ៍ សម្រាប់វីដេអូហ្គេមរបស់ខ្លួនពីប្រទេសចិនមកកម្ពុជាវិញ ដើម្បីបញ្ចៀសភាពងាយរងគ្រោះដោយសារសង្រ្គាមពាណិជ្ជកម្មអាមេរិកនិងចិន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានជប៉ុន Kyodo កាលពីល្ងាចថ្ងៃពុធ។
គម្រោងនេះនឹងដំណើរការតាមរយៈការពង្រីកផលិតកម្មដែលមានស្រាប់នៅកម្ពុជា គឺក្រុមហ៊ុន Minebea (Cambodia) Co ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ MinebeaMitsumi Inc។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានជប៉ុន Kyodo ក្រុមហ៊ុន MinebeaMitsumi នឹងធ្វើឱ្យប្រសើរឡើងនូវផលិតកម្មរោងចក្ររបស់ខ្លួនដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញហើយគ្រោងដំឡើងគ្រឿងបង្គុំវីដេអូហ្គេម ដើម្បីនាំចេញពេញសមត្ថភាពចាប់ពីឆ្នាំ ២០២០ តទៅ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន MinebeaMitsumi បានប្រាប់ Kyodo ថាក្រុមហ៊ុននឹងពង្រីកផលិតកម្មរបស់ Minebea (Cambodia) ហើយនឹងបង្កើនចំនួនបុគ្គលិកពី ៧ ០០០ នាក់នាពេលបច្ចុប្បន្ន ឲ្យដល់ ២០ ០០០ នាក់នៅពីរបីបន្ទាប់ទៀត។
គម្រោងនៃការផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ក្រុមហ៊ុន MinebeaMitsumi ដែលជាអ្នកផ្គត់ផ្គង់ ម៉ាស៊ីន និងឧបករណ៍ ឲ្យក្រុមហ៊ុនវីដេអូហ្គេមយក្ស Nintendo Co. បានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បានសម្រេចលុបចោលវិញនូវគម្រោងដាក់ពន្ធបន្ថែមលើផលិតផលទាក់ទងវីដេអូហ្គេមដែលនាំចូលពីប្រទេសចិន។

កាលពីថ្ងៃ ១១ ធ្នូ កន្លងទៅ លោក យូស៊ីហ៊ីដសា កៃណូម៉ា (Yoshihisa Kainuma) ប្រធានក្រុមហ៊ុនមីនីបៀ របស់ប្រទេសជប៉ុន បានជួបពិភាក្សាការងារជាមួយសម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅភ្នំពេញហើយបានបង្ហាញពីគម្រោងពង្រីកផលិតកម្មឧបករណ៍សម្រាប់វីដេអូហ្គេមនេះ និងរៀបរាប់ពីការរីកចម្រើនជាបន្តបន្ទាប់នៃអាជីវកម្មរបស់ Minebea (Cambodia)។
លោក យូស៊ីហ៊ីដសា បានបញ្ជាក់ថា ក្រុមហ៊ុន Minebea (Cambodia) បានបង្កើនទុនវិនិយោគដល់ ៤០០ លានដុល្លារនៅឆ្នាំ ២០១៩ នេះ ពីទុនត្រឹម ៣៧២ លានដុល្លារកាលពីឆ្នាំ ២០១៨។ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ការផលិតគ្រឿងម៉ាស៊ីន និងឧបករណ៍សម្រាប់ល្បែងកម្សាន្តរបស់ក្រុមហ៊ុន Minebea (Cambodia) Co នឹងបិតស្លាកថា Made in Cambodia ហើយនឹងនាំចេញទៅទូទាំងពិភពលោក៕