ចំណុចសំខាន់៖
- កម្ចីអចលនទ្រព្យ ដែលផ្តោតលើលំនៅឋាន មានកំណើន ៣០ ភាគរយ
- កម្ចីអចលនទ្រព្យកើន ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់គ្រឹះស្ថានផ្តល់កម្ចីចំពោះទីផ្សារអចលនទ្រព្យនៅកម្ពុជា
- ៨៦ ភាគរយ ជាគម្រោងលំនៅឋានថ្មី នៃគម្រោងសាងសង់សរុបដែលទទួលបានអនុញ្ញាតសាងសង់ក្នុងឆ្នាំ២០២១
«តម្រូវការទីផ្សារលំនៅឋាននឹងបន្តការរីកចម្រើនទៅមុខ តែអាចឋិតក្នុងល្បឿនយឺតជាងមុន ដោយសារអ្នកអភិវឌ្ឍន៍ខ្លះរង់ចាំមើលពីស្ថានភាពទីផ្សារក្នុងការលក់គម្រោងដែលកំពុងផ្គត់ផ្គង់នាពេលបច្ចុប្បន្ន»
កម្ចីអចលនទ្រព្យដែលផ្តល់ឱ្យដោយគ្រឹះស្ថានធនាគារនៅកម្ពុជា បានបង្ហាញពីកំណើនរឹងមាំក្នុងឆ្នាំ២០២១ ដែលកើនជិត ៣០ ភាគរយ ធៀបនឹងឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់ការិយាល័យឥណទានកម្ពុជា (CBC)។
របាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២១ របស់CBC ដែលទើបចេញផ្សាយនៅដើមសប្តាហ៍នេះ បានបង្ហាញថា កម្ចីអចលនទ្រព្យបានកើនដល់ ៦,៤ ពាន់លានដុល្លារអាម៉េរិក គិតត្រឹមដំណាច់ឆ្នាំ២០២១ ដែលទំហំកម្ចីនេះបានកើនពីត្រឹមប្រមាណ ៥ ពាន់លានដុល្លារអាម៉េរិកពីដំណាច់ឆ្នាំ២០២០។
កម្ចីអចលនទ្រព្យគឺជាផ្នែកមួយនៃឥណទានលក្ខណៈបុគ្គលដែលកត់ត្រាដោយ CBC ហើយគិតត្រឹមឆ្នាំ ២០២១ កម្ចីលក្ខណៈបុគ្គលនេះបានកើនដល់ជិត ១២ ពាន់លានដុល្លារ។ សមតុល្យឥណទានលក្ខណៈបុគ្គល រួមមានឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំណែក ៤៥ ភាគរយ បណ្ណឥណទាន ០,៧២ ភាគរយ និងកម្ចីអចលនទ្រព្យមានចំណែកធំជាងគេដល់ទៅ ៥៤ ភាគរយ នៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប។
កម្ចីអចលនទ្រព្យ (mortgage)ផ្តោតលើការទិញលំនៅឋាន ហើយទំហំកម្ចីដែលកើនឡើងគួរឱ្យកត់សម្គាល់នាពេលនេះ បានបង្ហាញពីទំនុកចិត្តរបស់គ្រឹះស្ថានផ្តល់កម្ចីចំពោះទីផ្សារអចលនទ្រព្យនៅកម្ពុជា ជាពិសេសទីផ្សារលំនៅឋាន ស្របពេលទីផ្សារនេះមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលឆ្លុះបញ្ចាំងពីកំណើនតម្រូវការ។
អគ្គនាយកក្រុមហ៊ុន Century 21 Advanced Property លោកឡុង គីមសួគ៌ បានលើកឡើងថា ទីផ្សារលំនៅឋានបន្តមានតម្រូវការល្អ ជាពិសេសទីផ្សារតម្លៃមធ្យម ដោយសារមានតម្រូវការពីប្រជាជនវ័យកណ្ដាល ដែលមានប្រាក់ចំណូលចាប់ពី ៧០០ ទៅ ១០០០ ដុល្លារក្នុងមួយខែ ឬលើសពីនេះ។ ហើយទន្ទឹមនេះ ការរីកធំធាត់នៃទីក្រុង និងការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ ក៏ជាកត្តារុញច្រានកំណើនអភិវឌ្ឍន៍សំណង់លំនៅឋានផងដែរ។
ក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យបានកំណត់ប្រភេទទីផ្សារលំនៅឋានជាបីប្រភេទ។ ទី១គឺទីផ្សារលំនៅឋានតម្លៃសមរម្យ ដែលបច្ចុប្បន្នមានតម្លៃចន្លោះពី ៤ម៉ឺន ទៅ១០ម៉ឺនដុល្លារក្នុងមួយខ្នង, ទីផ្សារតម្លៃបង្គួរចន្លោះពី១០ម៉ឺន ទៅ ៤០ម៉ឺនដុល្លារ ខណៈដែលលំនៅឋានលំដាប់ខ្ពស់មានតម្លៃចាប់ពី ៤០ម៉ឺនដុល្លារឡើងទៅ។
ថ្លែងក្នុងកិច្ចពិភ្សារៀបចំដោយបណ្ដាញព័ត៌មានអចលនទ្រព្យ Z1News លោកគីមសួគ៌ លើកឡើងថា៖ «តម្រូវការទីផ្សារលំនៅឋាននឹងបន្តការរីកចម្រើនទៅមុខ តែអាចឋិតក្នុងល្បឿនយឺតជាងមុន ដោយសារអ្នកអភិវឌ្ឍខ្លះរង់ចាំមើលពីស្ថានភាពទីផ្សារក្នុងការលក់គម្រោងដែលកំពុងផ្គត់ផ្គង់នាពេលបច្ចុប្បន្ន»។
លោកបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយចំនួនក៏បានត្រៀមដីទុករួចរាល់ ដើម្បីចាប់ផ្តើមអភិវឌ្ឍន៍គម្រោងលំនៅឋាន នៅពេលស្ថានភាព និងកំណើនសេដ្ឋកិច្ច មានអំណោយផលប្រសើរជាងមុន។
ទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា សំណង់លំនៅឋានថ្មី មានចំណែក ៨៦ ភាគរយ ឬស្មើនឹង ៣ ២៨៤ គម្រោង នៃគម្រោងសាងសង់សរុបដែលទទួលបានការអនុញ្ញាតសាងសង់ពីក្រសួងក្នុងរយៈពេល ១១ខែ (មករា-វិច្ឆិកា) ២០២១។ គម្រោងទទួលបានការអនុញ្ញាតសាងសង់សរុបមានចំនួន ៣ ៩២៥ គម្រោង ដែលមានទុនប្រមាណជាង ៥,៤ពាន់លានដុល្លារ ថមថយ ២២ ភាគរយ បើគិតជាចំនួនគម្រោងថមថយជាង៤០០ គម្រោង ធៀបនឹង១១ខែ ឆ្នាំ២០២០៕