ក្រុមហ៊ុនអចលនទ្រព្យធំៗនិងស្ថាប័នធនាគារ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

Bunthoeun Chhut 04/February/2022 17:57
ចែករំលែក

ចំណុចសំខាន់៖

  • ការវាយតម្លៃអចលនទ្រព្យ ដែលធ្លាប់តែប្រើដោយដៃចំណាយពេលយូរ តែបច្ចុប្បន្នត្រូវបានជំនួស​ដោយបច្ចេកវិទ្យាឌីជីថល ប្រើពេលខ្លី សុវត្ថិភាព តម្លាភាព និងសុក្រឹតភាព​ 
  • ការទទួលសេវាវាយតម្លៃអចលនទ្រព្យបានត្រឹមត្រូវ ជួយពង្រឹងគុណភាពទីផ្សារហិរញ្ញវត្ថុ 
  • 50% នៃឥណទានសរុបដែលបានបញេ្ចញលើទីផ្សារ គឺជាឥណទានដែលមានការធានាដោយដាក់​ទ្រព្យបញ្ចាំ  ភាគច្រើនជាដីធ្លី និងផ្ទះសម្បែង​
  • កម្ចីក្នុងវិស័យអចលនទ្រព្យ នៅកម្ពុជាមានចំណែកក្នុងរង្វង់ ៥០% នៃកម្ចីឥណទានសរុប ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ 

«​ពីមុនការវាយតម្លៃអចលនទ្រព្យប្រើរយៈពេលដល់ទៅបីថ្ងៃ ទើបអាចដឹងតម្លៃពីអចលនទ្រព្យនោះ។ ប៉ុន្តែបច្ចុប្បន្នយើងប្រើពេល៣ម៉ោងប៉ុណ្ណោះ អាចដឹងពីតម្លៃអចលនទ្រព្យ»

ពីឆ្វេងទៅស្តាំ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Vtrust Appraisal Co., Ltd លោក វង្ស សុខាល និង លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយធនាគារ Hattha Bank Plc

ក្រុមហ៊ុនហ្សីលាននាម ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល និងធនាគារ​ ហត្ថា បានសម្រេចកិច្ចសហការ ជំរុញការប្រើប្រាស់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលលើការទូទាត់សេវាកម្ម និងការវាយតម្លៃអចលនទ្រព្យ ស្របតាមការីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ហើយការសម្របខ្លួនទៅនឹងការប្រើប្រាស់បច្ចេកវិទ្យានេះ នឹងជួយពង្រឹងគុណភាពទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាបង្កើនភាពទាក់ទាញទីផ្សារអចលនទ្រព្យនៅកម្ពុជា។

ក្រុមហ៊ុនទាំងបីបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាយុទ្ធសាស្រ្ត នៅថ្ងៃព្រហស្បតិ៍ទី ៣ ខែកុម្ភៈនេះ ដោយក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល បានសម្រេចដាក់​ឱ្យប្រើប្រាស់ ភ្លេតហ្វម អ៊ីនឌីខេសិន ផ្លឹស (Indication Plus Platform) របស់ខ្លួន ដល់ធនាគារហត្ថា ដើម្បីវាយតម្លៃទ្រព្យរបស់អតិថិជនដែលដាក់ធានា មុននឹងអនុម័តកម្ចី។ ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល គឺជាផ្នែកមួយនៃក្រុមហ៊ុន ក្រុមហ៊ុនហ្សីលាននាម។

កិច្ចសហការនេះត្រូវបានចុះហត្ថលេខា​ដោយ​លោក​ គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Zillennium Co.,Ltd  លោកវង្ស សុខាល  ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Vtrust Appraisal Co.,Ltd និងលោកឧកញ៉ា ហួត អៀងតុង  ប្រធានអគ្គនាយក Hattha Bank Plc។

ពីឆ្វេងទៅស្តាំ លោក​ គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Zillennium Co.,Ltd  និងលោកឧកញ៉ា ហួត អៀងតុង  ប្រធានអគ្គនាយក Hattha Bank Plc

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Vtrust Appraisal Co., Ltd លោក វង្ស សុខាល ​បានថ្លែងនៅក្នុងពិធីចុះហត្ថលេខាថា កិច្ចសហការនេះនឹងជំរុញឱ្យការប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យកាន់តែទូលំទូលាយ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការសេវាឥណទានដល់ធនាគារ ហត្ថា ដោយសារថា Indication Plus Platform ជាសេវាកម្មវាយតម្លៃអចលនទ្រព្យទំនើប​បែបឌីជីថល ដែលអាចវិភាគ និងចេញជារបាយការណ៍វាយតម្លៃអចលនទ្រព្យដោយស្វ័យប្រវត្តិ ដោយមានការរៀបចំ​ចងជាប្រព័ន្ធ​រូបមន្តត្រឹមត្រូវដោយ​អ្នកជំនាញ និងតាមស្តង់ដារវាយតម្លៃអចលនទ្រព្យអន្តរជាតិ។

លោកថ្លែង​ថា៖ «​ពីមុនការវាយតម្លៃអចលនទ្រព្យប្រើរយៈពេលដល់ទៅបីថ្ងៃ ទើបអាចដឹងតម្លៃពីអចលនទ្រព្យនោះ។ ប៉ុន្តែបច្ចុប្បន្នយើងប្រើពេល ២ ទៅ៣ម៉ោងប៉ុណ្ណោះ អាចដឹងពីតម្លៃនៃអចលនទ្រព្យ តាមរយៈការប្រើប្រាស់សេវា Indication Plus Platform ព្រោះផ្លេតហ្វមនេះ អ្នក​ប្រើប្រាស់អាច​​ចូលទៅប្រើ និងស្នើការវាយតម្លៃអចលនទ្រព្យ​ បានគ្រប់ពេលវេលា ​ងាយស្រួល ឆាប់រហ័សប្រកបដោយទំនុកចិត្តខ្ពស់​ ព្រមទាំងបាន​ដឹងពីតម្លៃអចលនទ្រព្យ​គ្រប់ទីកន្លែងនៅទូទាំងប្រទេស។»

កម្ចីក្នុងវិស័យអចលនទ្រព្យដែលផ្តល់ឱ្យដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជាមានចំណែកក្នុងរង្វង់ ៥០% នៃកម្ចីឥណទានសរុបពីឆ្នាំ២០១៩ ដល់ដំណាច់ត្រីមាសទី៣ ឆ្នាំ២០២១។ កម្ចីឥណទាន គឺជាផ្នែកមួយនៃឥណទានលក្ខណៈបុគ្គលដែលកត់ត្រាដោយការិយាល័យឥណទានកម្ពុជា ហៅកាត់ថា CBC​។ កម្ចីឥណទានលក្ខណៈបុគ្គលនេះបានកើនពី ៨ ពាន់លានដុល្លារ នៅឆ្នាំ២០១៩, ជាង៩ពាន់លានដុល្លារនៅឆ្នាំ២០២០ និងបានបន្តកើនដល់ជិត១២ ពាន់លានដុល្លារត្រឹមដំណាច់ឆ្នាំ២០២១។

បើតាមCBC បានឱ្យដឹងថា ៥០ ភាគរយនៃឥណទានសរុបដែលបានបញេ្ចញលើទីផ្សារ គឺជាឥណទានដែលមានការធានាដោយដាក់​ទ្រព្យបញ្ចាំ ហើយភាគច្រើននៃទ្រព្យបញ្ចាំទាំងនោះគឺជា ដីធ្លី និងផ្ទះសម្បែង។ ហើយប្រតិបត្តិការនេះមាន ចន្លោះពី ១៥ម៉ឺន ទៅ ២០ម៉ឺន ក្នុងមួយខែ។

តាមការបញ្ជាក់ពីអ្នកជំនាញ កត្តានេះមានន័យថា ការ​មាន​សេវា​​​វាយ​តម្លៃ​​អចលន​ទ្រព្យប្រកបដោយទំនុកចិត្តខ្ពស់​ មាន​តម្លា​ភាព និងវិសាលភាព​ទូលំទូលាយ មានតួនាទីយ៉ាងសំខាន់សម្រាប់ប្រតិបត្តិការក្នុងវិស័យហិរញវត្ថុ ជាពិសេសសម្រាប់ការស្នើសេវាកម្មកម្ចី។ ​ដោយសារតែ ​​​អ្នកទទួលកម្ចីទាំងអស់​ដែលដាក់ទ្រព្យជាវត្ថុធានា​ នឹងទទួលបានទំហំកម្ចីសមស្របតាមតម្លៃទ្រព្យធានា និង​លទ្ធភាពអាចសងត្រទ្បប់វិញ ខណៈ​ស្ថាប័នហិរញ្ញវត្ថុដែលជាអ្នកផ្តល់កម្ចីវិញ អាច​​ធ្វើការវាយតម្លៃពីលទ្ធ​ភាព​របស់អតិថិជន​បានត្រឹមត្រូវ​ និងចៀសវាងហានិភ័យនានា ស្របតាមបទបញ្ញត្តិគ្រប់គ្រងហានិភ័យ​ឥណទាន​ដែលបានដាក់ចេញ និងណែនាំ​ដោយ​ធនាគារជាតិនៃកម្ពុជា។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក នៃ ធនាគារ ហត្ថា មានប្រសាសន៍ថា​ ការ​សម្រេចកិច្ចសហការនៅថ្ងៃនេះ ជាការបោះជំហានទៅមុខកាន់តែប្រសើរឡើងមួយកម្រិតទៀតក្នុងការវាយតម្លៃអចលនទ្រព្យសម្រាប់ការសិក្សាឥណទានដល់អតិថិជនរបស់ធនាគារ ហត្ថា ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់តាមរយៈការទទួលបាននូវទិន្នន័យដ៏ច្បាស់លាស់ និងកាន់តែឆាប់រហ័សពីក្រុមហ៊ុនជំនាញ ដូចជា Indication Plus Platform របស់ក្រុមហ៊ុន Vtrust Appraisal Co., Ltd ។

លោកឧកញ៉ាថ្លែងថា៖ «ធនាគារ ហត្ថា សង្ឃឹមថានឹងទទួលបានផលប្រយោជន៍ច្រើន ពីប្រព័ន្ធវាយតម្លៃអចលនទ្រព្យទំនើបតាមឌីជីថលនេះ ដូចជាការផ្តល់ឥណទានរបស់យើងនឹងមានភាពលឿនរហ័ស និងមានសុក្រឹត្យភាពជាងមុន។ ខ្ញុំជឿថា កិច្ចសហការនៅថ្ងៃនេះ នឹងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក  ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។»

ធនាគារ​ ហត្ថា បានវិវឌ្ឍន៍ខ្លួនពីគ្រឹះស្ថានហិរញ្ញវត្ថុ ក្លាយជាធនាគារពាណិជ្ជមួយក្នុងចំណោមធនាគារឈានមុខនៅកម្ពុជា។ រហូតមកដល់បច្ចុប្បន្ន ទ្រព្យសកម្មរបស់ធនាគារ ហត្ថា បានកើនដល់ប្រមាណ ២ ពាន់លានដុល្លារ ចាប់តាំងពីស្ថាប័ននេះបានបើកដំណើរការក្នុងអំឡុងឆ្នាំ ១៩៩៤​។ ការរីកធំធាត់នេះ បានធ្វើឱ្យ ធនាគារ ហត្ថា ពង្រីកប្រតិបត្តិការរហូតដល់ ១៧៧ សាខា នៅទូទាំងប្រទេសកម្ពុជា ហើយការចុះកិច្ចព្រមព្រមនៅថ្ងៃនេះជាការបំពេញបន្ថែមភាពរីកចម្រើនវាងស្ថាប័នទាំងបី ក៏ដូចការរួមចំណែកអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និងវិស័យអចលនទ្រព្យនៅកម្ពុជា៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង