ភ្នំពេញ៖ ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល បានសម្រេចកិច្ចសហការតភ្ជាប់ប្រព័ន្ធវាយតម្លៃអចលនទ្រព្យតាមឌីជីថលរបស់ខ្លួន ជាមួយក្រុមហ៊ុន Zillion United ដើម្បីជំរុញការទិញ-លក់អចលនទ្រព្យតាមប្រព័ន្ធឌីជីថលនៅកម្ពុជា។
ក្រុមហ៊ុនទាំងពីរបានរៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទី ២៤ ខែមករានេះ ដោយមានការព្រមព្រៀងធ្វើសមាហរណកម្ម កម្មវិធីវាយតម្លៃអចលនទ្រព្យតាម អ៊ីនឌីខេសិន ផ្លើស ភ្លេតហ្វម (Indication Plus Platform) របស់ក្រុមហ៊ុន ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល សម្រាប់ការវាយតម្លៃអចលនទ្រព្យគ្រប់ប្រភេទ និងគ្រប់តំបន់ទាំងអស់ មុននឹងដាក់ឱ្យមានការទិញ-លក់ លើភ្លេតហ្វមរបស់ក្រុមហ៊ុន Zillion United។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា ដោយលោកវង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវីត្រាស់ អឹព្រេហ្សល និងលោកឧកញ៉ា កាង សុធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Zillion United។

លោកឧកញ៉ា កាង សុធី (ឆ្វេង) លោកវង្ស សុខាល (ស្តាំ)
កិច្ចសហការវាងក្រុមហ៊ុន វីត្រាស់ អឹព្រេហ្សល និងក្រុមហ៊ុន Zillion United នាពេលនេះនឹងជំរុញឲ្យការវាយតម្លៃ និងទិញ ដូរ ឬលក់អចលនទ្រព្យនៅកម្ពុជាកាន់តែមានភាពទំនើបជឿនលឿន និងប្រកបដោយទំនុកចិត្តដល់អ្នកប្រើប្រាស់ ស្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា។
Indication Plus Platform ជាសេវាវាយតម្លៃអចលនទ្រព្យទំនើប ទាន់សម័យតាមបែបឌីជីថល ដែលអាចវិភាគ និងចេញជារបាយការណ៌វាយតម្លៃអចលនទ្រព្យសង្ខេប និងមានលក្ខណៈពេញលេញដោយស្វ័យប្រវត្តិ ដោយមានការរៀបចំ ចងជាប្រព័ន្ឋរូបមន្តត្រឹមត្រូវដោយអ្នកជំនាញ និងតាមស្តង់ដាវាយតម្លៃអចលទ្រព្យអន្តរជាតិ។
ផ្លេតហ្វមវាយតម្លៃអចលនទ្រព្យតាមឌីជីថលដំបូងគេនៅកម្ពុជាមួយនេះ អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់ចូលប្រើ និងស្នើបានគ្រប់ពេលវេលា ងាយស្រួល ឆាប់រហ័ស ប្រកបដោយទំនុកចិត្តខ្ពស់ សុវត្ថិភាព ហើយថែមទាំងអាចដឹងពីតម្លៃអចលនទ្រព្យបានគ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជា៕
អត្ថបទទាក់ទង
- Vtrust AppraisalនិងCBC សហការផ្តល់សេវាវាយតម្លៃអចលនទ្រព្យតាមឌីជីថលដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា
- គោលបំណង ៥ ដែលគេប្រើប្រាស់សេវាវាយតម្លៃអចលនទ្រព្យ
- ៤ យ៉ាងគួរដឹងពីសារៈសំខាន់នៃការតភ្ជាប់សេវាវាយតម្លៃអចលនទ្រព្យ និងប្រព័ន្ធវាយតម្លៃឥណទាន