ត្រឹមរយៈពេលពីរឆ្នាំ ក្រុមហ៊ុននេះទទួលបានអចលនទ្រព្យដាក់លក់ ១ពាន់ទីតាំង

Bunthoeun Chhut 12/January/2022 17:56
ចែករំលែក

ចំណុចសំខាន់៖

  • ដីធ្លីជាង ១ពាន់ទីតាំង​បានកំពុង​ដាក់លក់តាមរយៈក្រុមហ៊ុន Century 21 Zillion Holding
  • ទីតាំង៣កន្លែងមានការវិនិយោគលើរីហ្សតច្រើនជាងគេ
  • ស្រុក៤ មានតម្លៃដីដាក់លក់ខ្ពស់បំផុត ៣៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ

«ក្រុមហ៊ុន Century 21 Zillion Holding កំពុងពង្រីកខ្លូន ដោយត្រូវការអ្នកឯកទេសដីធ្លីច្រើននាក់បន្ថែមទៀតដើម្បីឆ្លើយតប ទៅនឹងតម្រូវការទិញ-លក់ដីធ្លីនៅទូទាំងខេត្តមណ្ឌលគិរី»

ខេត្តមណ្ឌលគិរី៖  ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរី បានទទួលការដាក់លក់​ដីធ្លីពីម្ចាស់ទ្រព្យប្រមាណ ១០០០ ទីតាំង គិតចាប់ពីក្រុមហ៊ុនបានបើកដំណើរការ​ក្នុងឆ្នាំ២០១៩​។

កត្តានេះបានឆ្លុះបញ្ជាំ​ងពីទំនុកចិត្តរបស់អតិថិជនចំពោះក្រុមហ៊ុន​ Century 21 Zillion Holding ក្នុងផ្តល់សេវាកម្មប្រកបដោយជំនាញ និងវិជ្ជាជីវៈច្បាស់លាស់។​

ប្រធានតំបន់នៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរី លោក មាឃ  រិទ្ធីជ័យ បានបញ្ជាក់ថា ម្ចាស់ទ្រព្យដែលបានដាក់លក់ដីតាមរយៈ​ក្រុមហ៊ុនបានកើនដល់ ១០០០ ទីតាំង​។ លោកបន្ថែមថា ចំនួននេះសម្រេចការលក់បានភាគច្រើនគិតត្រឹមដំណាច់ឆ្នាំ២០២១ ហើយនឹងអាចបិទបញ្ចប់ការលក់ជាច្រើនករណីបន្ថែមទៀតក្នុងឆ្នាំ២០២២។

លោកមាឃ ឬទ្ធីជ័យ បានលើកឡើងថា៖ «សកម្មភាពទិញ-លក់ដីធ្លីចាប់ផ្តើមមានកំណើនខ្លាំងពីឆ្នាំ ២០១៩ ដោយសារផែនការអភិវឌ្ឍថ្នាក់ខេត្ត និងកំណើនភ្ញៀវទេសចរ ដែលបង្កើតឱ្យមានតម្រូវការកន្លែងស្នាក់នៅ និងទីតាំងដីសម្រាប់ធ្វើអាជីវកម្មផ្សេងៗ»។

ក្រុម​ហ៊ុន​ Century 21 Zillion Holding មានម៉ាកយីហោដើមពីសហរដ្ឋអាមេរិក បាន​ពង្រីក​ប្រ​តិ​បត្តិ​ការ​របស់​ខ្លួន​​​​គ្រប​​ដណ្តប់​នៅ​ទូ​ទាំង​ប្រ​ទេស​កម្ពុជា​ ដោយ​ផ្តោត​សំខាន់​តែ​លើ​ទីផ្សារ​ដី​ធ្លីប៉ុណ្ណោះ​​រួម​មានការ​​ទិញ លក់ និង​ជួល។ ក្រុមហ៊ុនបាន​​បើក​​ការិ​យា​ល័យ​ថ្មី​ ៣៨ ​សាខា (នៅទូទាំង ១៤ខណ្ឌ និង ២៤ខេត្ត-ក្រុង) និងកំពុងជ្រើសរើសអ្នកឯកទេសដីធ្លីរហូតដល់ទៅ ៣ ៨០០ នាក់ដើម្បី​ឆ្លើយ​តប​នឹង​កំ​ណើន​តម្រូវការ​សេវា​អចលន​ទ្រព្យ​​​នៅ​តាម​បណ្តា​ខេត្ត។

បើតាមលោក ឬទ្ធីជ័យ ក្រុមហ៊ុន Century 21 Zillion Holding កំពុងពង្រីកខ្លូន ដោយត្រូវការអ្នកឯកទេសដីធ្លីជាង២០នាក់បន្ថែមទៀតដើម្បីឆ្លើយតប ទៅនឹងតម្រូវការទិញ-លក់ដីធ្លីនៅទូទាំងខេត្តមណ្ឌលគិរី។​

ខេត្តមណ្ឌលគិរីមានស្រុកចំនួន៤ និងក្រុង១ ក្នុងនោះរួម​មាន​ស្រុកកែវសីមា កោះញែក អូររាំង និងស្រុកពេជ្រាដា។ ក្រុងសែនមនោរម្យ គឺជាទីប្រជុំជនរបស់ខេត្តមណ្ឌលគិរី។ ស្រុកទាំង៤នេះមានតម្លៃចាប់ពី ១ ដុល្លារ រហូតដល់ ៣៥ ដុល្លារក្នុងមួយម៉ែតការ៉េ ខណៈដែលក្រុងសែនមនោរម្យមានតម្លៃចន្លោះពី ៥០០ ទៅ ១ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកមាឃ ឬទ្ធីជ័យ បានឱ្យដឹងថា ឃុំដាក់ដាំ ឋិតក្នុងស្រុកអូរាំង, ភូមិពូតាំង និងឡាវការ ឋិតក្នុងក្រុងសែនមនោរម្យ ជាតំបន់ដែលមានសកម្មភាពទិញ-លក់ដីធ្លីផុសផុលច្រើនជាងគេ​ក្នុងខេត្តមណ្ឌលគិរី ដោយសារទីតាំងងដីនៅតំបន់នេះមានអំណោយផលសម្រាប់ការសាងសង់ផ្ទះលម្ហែ និងរីហ្សត។ បច្ចុប្បន្នរីហ្សតជាង៥០ កន្លែងកំពុងបើកដំណើរការ និងអភិវឌ្ឍន៍ក្នុងតំបន់ទាំងបីខាងលើនេះ។

[អត្ថបទទាក់ទង៖ មណ្ឌលគិរីកំពុងបង្ហាញពីកំណើនវិនិយោគរីហ្សត ខណៈក្លាយជាទិសដៅទេសចរណ៍ធម្មជាតិលេចធ្លោ]

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានលើកឡើងថា អ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគមកពីបរទេសកាន់តែច្រើនឡើងបានបង្ហាញសុទ្ធិនិយមក្នុងការចាប់យកឱកាសវិនិយោគក្នុងខេត្តមណ្ឌលគិរី។

កត្តានេះលោកសុខនីម បានបញ្ជាក់ថា ការចាប់យកឱកាសវិនិយោគនាពេលបច្ចុប្បន្នក្នុងខេត្តមណ្ឌលគិរី នឹងអាចទទួលបានផលចំណេញខ្ពស់នាពេលខាងមុខ៕

អត្ថបទទាក់ទង៖

ចំណុចគោល៥ ពីខេត្តមណ្ឌលគិរី ដែលអ្នកវិនិយោគមិនគួរមើលរំលង

ផ្ទះលម្ហែកាយប្រណិតកំពុងអភិវឌ្ឍនៅខេត្តមណ្ឌលគិរី

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង