គម្រោងនិង ផែនការអភិវឌ្ឍន៍សំខាន់ៗរបស់រដ្ឋ និងវិស័យឯកជន ដែលកំពុងបង្ហាញរូបរាងក្នុងខេត្តមណ្ឌលគិរី នឹងជំរុញខេត្តភូមិភាគឦសាន្តមួយនេះជាទិសដៅវិនិយោគថ្មី និងជាតំបន់ទេសចរណ៍ដ៏លេចធ្លោមួយនៅកម្ពុជា។ ៥ចំណុចខាងក្រោមនេះ នឹងបង្កើនសក្តានុពលវិនិយោគដ៏សំខាន់ ជាពិសេសទីផ្សារអចលនទ្រព្យក្នុងខេត្តមណ្ឌលគិរី៖
១_ជាប៉ូលសេដ្ឋកិច្ចថ្មីនៅកម្ពុជា
រដ្ឋាភិបាលកម្ពុជាកាលពីខែ សីហា ឆ្នាំ២០២១ បានសម្រេចដាក់ឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥។ ផែនការនេះ មានគោលដៅអភិវឌ្ឍន៍ខេត្តមណ្ឌលគិរីទៅជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ។ តាមរយៈផែនការនេះ ខេត្តមណ្ឌលគិរីអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ៣លាននាក់ក្នុងមួយឆ្នាំៗចាប់ពីឆ្នាំ២០៣៥ ខណៈដែលខេត្តនេះនឹងក្លាយជាតំបន់ស្នូលក្នុងភូមិភាគឦសាន្តក្នុងការផ្គត់ផ្គង់ បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេសផងដែរ។ កត្តានេះ រដ្ឋាភិបាលរំពឹងថា មណ្ឌលគិរី នឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីភ្នំពេញ, ខេត្តព្រះសីហនុ, និងខេត្តសៀមរាប។
ដើម្បីឈានទៅសម្រេចគោលដៅនេះ ប៉ូលទេសចរណ៍ធំៗចំនួន៦ ត្រូវបានបែងចែកទៅតាមទីតាំងភូមិសាស្ត្រ និងសក្ដានុពលផ្សេងគ្នាៗដូចជា៖
- តំបន់ក្រុងសែនមនោរម្យ នឹងអភិវឌ្ឍទៅជាតំបន់អភិវឌ្ឍន៍ពហុបំណង ដែលមានសកម្មភាពកម្សាន្តផ្សេងៗមានលក្ខណៈសម្បូរបែប
- តំបន់អាកាសយានដ្ឋានមណ្ឌលគិរីឋិតក្នុងស្រុកអូររាំង នឹងត្រូវអភិវឌ្ឍជាទីក្រុងរណបនៃក្រុងសែនមនោរម្យ
- តំបន់សមាហរណកម្មច្រកទ្វារព្រំដែន ដែលមានច្រកទ្វារព្រំដែនទ្វេភាគីជាមួយវៀតណាមចំនួន ៤ កន្លែង នឹងជួយជំរុញឱ្យមានសកម្មភាពអភិវឌ្ឍន៍ និងទេសចរណ៍នៅតាមច្រកព្រំដែននេះ
- តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ជនជាតិដើមភាគតិច នឹងត្រូវភ្ជាប់ពីតំបន់ប៊ូស្រាទៅកាន់តំបន់ដាក់ដាំ
- និងប៉ូលទេសចរណ៍ចុងក្រោយគឺតំបន់ប្រជុំជនស្រុកកោះញែក ដែលមានសក្ដានុពលជាតំបន់កសិទេសចរណ៍។

ភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅតំបន់ទេសចរណ៍ទឹកជ្រោះប៊ូស្រានាថ្ងៃឈប់សម្រាកកន្លងមក។ រូបភាព៖ Z1News
២_គម្រោងសាងសង់ព្រលានយន្តហោះថ្មី
ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរភ្ញៀវទេសចរជាតិ និងអន្តរជាតិ រដ្ឋាភិបាលបានដាក់ចេញផែនការអភវិឌ្ឍន៍ព្រលានយន្តហោះខ្នាតតំបន់ក្នុងខេត្តមណ្ឌលគិរីផងដែរ។ ព្រលានយន្តហោះថ្មីនេះនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២២។ តាមផែនការ គម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី គ្រោងចំណាយប្រមាណ ៨០ លានដុល្លារអាម៉េរិក ដោយសាងសង់លើផ្ទៃដី ៣០០ ហិកតា ឋិតក្នុងស្រុកអូរាំង និងមានចំងាយប្រហែល ២០គីឡូម៉ែត្រចេញពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
៣_គម្រោងវីឡាលម្ហែកាយខ្នាតធំដំបូងគេ
ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង Mondol Doung Chet Eco-Resort & Villas ជាក្រុមហ៊ុនក្នុងស្រុកដំបូងគេបានចាប់យកខេត្តមណ្ឌលគិរីជាទិសដៅក្នុងការវិនិយោគផ្ទះវីឡាលម្ហែកាយលំដាប់ស្តង់ដារអន្តរជាតិ ដែលគ្រោងនឹងអភិវឌ្ឍន៍លើផ្ទៃដី ១៣ ហិកតា ស្ថិតនៅភូមិ ចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
គម្រោងនេះនឹងផ្តល់បទពិសោធន៍ក្នុងការរស់នៅបែបស៊ីវីល័យ ដោយផ្សារភ្ជាប់ទៅនឹងសម្រស់ធម្មជាតិ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការអ្នកមានជីវភាពធូរធារ ដែលកំពុងត្រូវការផ្ទះទីពីរ ឬផ្ទះលម្ហែកាយក្នុងការបង្កើនគុណភាពរស់នៅ និងរួមចំណែកទាក់ទាញភ្ញៀវទេសចរ។
គម្រោងផ្ទះវីឡាលម្ហែកាយ Mondol Doung Chet Eco-Resort & Villas គ្រោងនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២២។ គម្រោងនេះនឹងមានការសាងសង់សណ្ឋាគារដែលមានកម្ពស់ ២ជាន់ មាន ៣០ បន្ទប់ និងផ្ទះវីឡាលម្ហែកាយចំនួន ៤៩ វីឡា។ (ចុចទីនេះអានបន្ថែម)
៤_ ២៥ ក្រុមហ៊ុនធំៗកំពុងវិនិយោគលើកសិកម្មខ្នាតធំ
ក្រុមហ៊ុនធំៗទាំងនេះទទួលបានសិទ្ធិដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ដើម្បីដាំដុះដំណាំកសិកម្មសំខាន់ៗមួយចំនួនលើផ្ទៃដីសរុបជាង ១៤ម៉ឺន៧ពាន់ ហិកតា។ នេះបើតាមទិន្នន័យពីរដ្ឋបាលខេត្តមណ្ឌលគិរី គិតត្រឹមឆ្នាំ២០២០។ ប្រភពដដែល បានបញ្ជាក់ថាក្រុមហ៊ុនទាំងនេះភាគច្រើនផ្តោតលើដំណាំកៅស៊ូ ស្វាយចន្ទី ចេកអំបូងលឿង និងប្រភេទឈើហូបផ្លែផ្សេងៗជាច្រើនទៀត ហើយកសិផលដែលផលិតដោយក្រុមហ៊ុនទាំងនេះសុទ្ធសឹងតែនាំចេញទៅទីផ្សារក្រៅប្រទេស។
មានការរំពឹងថា នាពេលអនាគត ឧស្សាហកម្ម កៅស៊ូ និងកសិឧស្សាហកម្មដទៃទៀត នឹងកើនឡើងនៅក្នុងតំបន់ក្នុងតំបន់ប៉ូលសេដ្ឋកិច្ចថ្មីមួយនេះ ដែលនឹងបង្កើតឱ្យមានតម្រូវការទីតាំងដីសម្រាប់ការិនិយោគកសិកម្ម និងឧស្សាហកម្ម។
៥_ ច្រកព្រំដែនទេ្វភាគី ៤កន្លែង
បច្ចុប្បន្នខេត្តមណ្ឌលគិរីមានច្រកទ្វារព្រំដែនទ្វេភាគីសំខាន់ៗ ចំនួន៤កន្លែង សម្រាប់ការទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ ច្រកព្រំដែនទាំង៤មានដូចជា៖ ច្រកទ្វារឡាប៉ាខេ ស្ថិតក្នុងស្រុកកែវសីមា, ច្រកទ្វារដាក់ដាំ ស្រុកអូររាំង, ច្រកទ្វារណាមលៀរ ស្រុកពេជ្រាជាដា និងច្រកទ្វារជីមៀត ស្ថិតស្រុកកោះញែក៕

តំបន់ទេសចរណ៍ភ្នំណាំលៀរ។ រូបភាព៖ Z1News