តម្រូវការថ្មីរបស់ម្ចាស់អាជីវកម្មធ្វើឲ្យទីតាំងការិយាល័យទំនើបកាន់តែមានទីផ្សារ

Bunthoeun Chhut 03/January/2022 18:27
ចែករំលែក

ចំណុចសំខាន់៖

  • អគារការិយាល័យលំដាប់ B និង C មានតម្រូវការកាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក តែការផ្គត់ផ្គង់មានកម្រិតនៅឡើយ
  • តម្លៃជួលការិយាល័យលំដាប់ B និង C មានតម្លៃចន្លោះពី ១២ ទៅ ២២ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ
  • ផ្ទៃក្រឡាជួលអគារការិយាល័យរំពឹងកើនដល់ជាង ១លានម៉ែត្រការ៉េ នៅត្រឹមដំណាច់ឆ្នាំ២០២២

«អគារការិយាល័យមិនត្រឹមតែផ្តល់ភាពទំនើបប៉ុណ្ណោះទេ តែក៏ជួយ​លើកមុខមាត់កេរ្តិ៍ឈ្មោះដល់ក្រុមហ៊ុនផងដែរ»

ការផ្គត់ផ្គង់អគារការិយាល័យទំនើប​មានទីផ្សារកាន់តែល្អឡើង ដោយសារកំណើនតម្រូវការ​ពីម្ចាស់អាជីវកម្ម​ក្នុងស្រុកដែលធ្លាប់តែជួលផ្ទះល្វែង ឬវីឡាដើម្បី​​ប្រតិបត្តិការអាជីវកម្ម​។ នេះបើយោងតាមអ្នកជំនាញផ្នែកអចលនទ្រព្យ។

កត្តានេះបង្ហាញថា ទីតាំងការិយាល័យទំនើប នឹងក្លាយជាចំណែកទីផ្សារអចលនទ្រព្យដ៏សំខាន់មួយទៀតបន្ទាប់ពីទីផ្សារលំនៅឋាន សម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក។​

នាយកប្រតិបត្តិក្រុមហ៊ុន CENTURY 21 IMPERIAL REALTY លោកខេន ឡូ ថ្លែងក្នុងកិច្ចពិភាក្សាស្តីពី ​ឱកាសការងារ និងវិនិយោគអចលនទ្រព្យរបស់ Z1News នៅថ្ងៃចន្ទនេះថា ឥរិយាបថនៃការផ្លាស់ប្តូ​រទីតាំងការិយាល័យពីការជួលផ្ទះល្វែង ឬវីឡា មកកាន់អគារការិយាល័យទំនើប ដោយសារកត្តាតម្លៃ​ប្រហាក់ប្រហែលគ្នា ខណៈ​ដែលអគារការិយាល័យមានប្រព័ន្ធគ្រប់គ្រង ទីធ្លាទូលាយ បរិយាកាសល្អ និងសុវត្ថិភាពជាងផ្ទះល្វែង។

[ អត្ថបទទាក់ទង៖ ការវិវត្តនៃស្ថានភាពទីផ្សារអចលនទ្រព្យក្នុងបរិបទកូវីដ-១៩ ]

លោកខេន ឡូ បញ្ជាក់ថា៖ «អគារការិយាល័យមិនត្រឹមតែផ្តល់ភាពទំនើបប៉ុណ្ណោះទេ តែក៏ជួយ​លើកមុខមាត់កេរ្តិ៍ឈ្មោះដល់ក្រុមហ៊ុនផងដែរ។»

អគារការិយាល័យទំនើប ត្រូវបានបែងចែកជាបីប្រភេទគឺលំដាប់ A, B, និងកម្រិត C។ បើតាមលោកខេន ឡូ លំដាប់  BនិងC ភាគច្រើនផ្តោតលើអតិថិជនក្នុងស្រុក​ ដោយសារការជួលការិយាល័យកម្រិតនេះមានតម្លៃសក្កិសមសម្រាប់អតិថិជនក្នុងស្រុក។

បរិមាណនៃការផ្គត់ផ្គង់អគារការិយាល័យនឹងបន្តកើនឡើងនៅឆ្នាំនេះ នឹងឆ្នាំបន្ទាប់។  តាមការរំពឹងទុក ការផ្គត់ផ្គង់ ការិយាល័យនឹងកើនដល់ជាង ៧៩ម៉ឺនម៉ែត្រការ៉េ នៃទំហំផ្ទៃក្រឡាជួលសរុប (NLA)នៅត្រឹមដំណាច់ឆ្នាំ២០២១ ដែលកើនជាង ១សែន៤ម៉ឺនម៉ែត្រការ៉េ ធៀបនឹងឆ្នាំ​មុន។ ទំហំផ្ទៃក្រឡាជួលនេះនឹងបន្តកើនដល់ជាង ១លានម៉ែត្រការ៉េ នៅត្រឹមដំណាច់ឆ្នាំ២០២២។ នេះបើតាមការរបាយការណ៍ស្រាវជ្រាវ​របស់ក្រុមហ៊ុន CBRE Cambodia។

ប្រភពដដែលបានបង្ហាញថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២១ តម្លៃជួលការិយាល័យលំដាប់​ B មានតម្លៃជួលចន្លោះពី ១៩ ទៅ ២២​​ ដុល្លារ  ខណៈដែលលំដាប់ C មានតម្លៃចន្លោះពី ១២ ដុល្លារ​ទៅ ១៤ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ ដោយអាស្រ័យទៅលើអគារការិយាល័យដែលឋិតនៅក្នុងតំបន់ពាណិជ្ជកម្ម ឬក្រៅពីតំបន់ពាណិជ្ជកម្ម។ ​ចំណែកឯ អគារការិយាល័យលំដាប់ A មានតម្លៃជួលជាមធ្យម ២៩ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ដែលចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាខាងលើនេះ បានលើកឡើងដែរថា ការផ្គត់ផ្គង់ការិយាល័យកម្រិត B និង C នៅមានកម្រិតតិចតូចនៅឡើយ ក្នុងការឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន។

លោកបន្តថា៖ «ការិយាល័យកម្រិត B និង C មានសក្តានុពខ្ពស់ ដែលជាសញ្ញាល្អសម្រាប់ក្រុមហ៊ុនអភិវឌ្ឍ ក្នុងការចាប់យកចំណែកទីផ្សារ​កម្រិតនេះ​ ព្រោះយើងសង្កេតឃើញថាបច្ចុប្បន្នការផ្គត់ផ្គង់ការិយាល័យកម្រិត B និង C ត្រូវបានជួលស្ទើរទាំងស្រុង ដែលមិនសូវនៅទំនេរនោះទេ»៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង