បច្ចេកវិទ្យាអចលនទ្រព្យមានចំណែកទីផ្សារកាន់តែធំ

Bunthoeun Chhut 28/December/2021 16:56
ចែករំលែក

ក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យមានចំណែកទីផ្សារកាន់តែធំនៅលើពិភពលោក ដោយទទួលបានទុនពីក្រុមអ្នកវិនិយោគ (venture capital) ក្នុងទំហំទឹកប្រាក់ជាង ៣០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដែលទុននេះច្រើនជាងមុន​ពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩​។ នេះបើតាមរបាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌលបចេ្ចកវិទ្យា និងនវានុវត្តន៍ (CRETI)។

Venture Capital (VC) ជាទម្រង់ហិរញ្ញប្បទានកម្មសិទ្ធិ ដែលក្រុមអ្នកវិនិយោគផ្តល់ទៅឱ្យអាជីវកម្មបើកថ្មី ឬក្រុមហ៊ុនខ្នាតតូច ដែលមានសក្តានុពលខ្ពស់ តាមរយៈការទទួលបានចំណែកភាគហ៊ុនណាមួយពីក្រុមហ៊ុន ឬអាជីវកម្មនោះ។​ VC អាចជាក្រុមធុរជនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ, ធនាគារវិនិយោគ, និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀត។

ការវិនិយោគក្នុងក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នាពេលនេះ បានបង្ហាញកាន់តែច្បាស់ចំពោះការវិវឌ្ឍនៃបច្ចេកវិទ្យាដែលនឹងធ្វើឱ្យប្រតិបត្តិការក្នុងវិស័យអចលនទ្រព្យ ​កាន់តែមានភាពងាយស្រួល និងប្រសិទ្ធិភាជាងមុន។​

CRETI មានមូលដ្ឋាននៅក្រុងញូយ៉ក សហរដ្ឋអាមេរិកចេញផ្សាយរបាយការណ៍កាលពីសប្តាហ៍មុន បានបង្ហាញថា ទុនវិនិយោគក្នុងក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យមានប្រមាណជាង ៣២ ពាន់លានដុល្លារ កើនឡើងជិត ៣០ ភាគរយ ធៀបនឹងឆ្នាំ២០២០។ ក្នុងឆ្នាំ២០១៩ ទុនវិនិយោគនេះមានប្រមាណជាង ៣១ ពាន់លានដុល្លារ។​

អត្ថបទទាក់ទង៖ [វិស័យអចលនទ្រព្យនឹងដើរតាមគន្លងវិស័យហិរញ្ញវត្ថុទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យា]

របាយការណ៍នេះ បានបង្ហាញទៀតថា​ ​ ក្រុមហ៊ុនបចេ្ចកវិទ្យាអចលនទ្រព្យដែលផ្តោតលើការផ្តល់សេវាកម្មទិញ-លក់លំនៅឋានទទួលបានទុនវិនិយោគច្រើនជាងគេ រហូតដល់ទៅ៤៩ ភាគរយនៃទុនវិនិយោគសរុបក្នុងឆ្នាំ២០២១។

ដោយឡែក ក្រុមហ៊ុនមួយចំនួននៅកម្ពុជា​កំពុងសម្របខ្លួនឲ្យឆ្លើយតបទៅនឹងការវិវឌ្ឍនៃវិស័យបច្ចេកវិទ្យានេះដែរ ដោយបានអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ខ្លួនដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន និងអ្នកប្រើប្រាស់ទូទៅ។

ជាក់ស្តែង ក្រុមហ៊ុន Zillennium Co.,LTD ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយអចលនទ្រព្យតាមប្រព័ន្ធបច្ចេកវិទ្យា ក៏បានអភិវឌ្ឍផលិតផលបច្ចេកវិទ្យាអចលនទ្រព្យរបស់ខ្លួនផងដែរ ដោយបង្កើតកម្មវិធី Mobile App មួយគ្រោងនឹងដាក់ឲ្យដំណើរការនាពេលខាងមុខ។

Mobile App របស់ក្រុមហ៊ុន Zillennium Co.,LTD នឹងក្លាយជាដំណោះស្រាយអចលនទ្រព្យតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងពេញលេញដំបូងគេនៅកម្ពុជា ដោយប្រមូលផ្តុំដោយផលិតផល និងសេវាកម្មគ្រប់បែបយ៉ាងក្នុងវិស័យអចលនទ្រព្យ។ កម្មវិធីនេះ​នឹង​​ជួយ​ឲ្យ​​សាធារណៈ​​ជន​ចំណេញពេល​វេលា និងអាចសម្រេច​ចិត្តក្នុងវិស័យអចលនទ្រព្យប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង