ការជួបជុំអ្នកជំនាញ IT លើកដំបូងដើម្បីដោះស្រាយបញ្ហា និងអភិវឌ្ឍវិស័យ IT

Bunthoeun Chhut 14/December/2021 17:00
ចែករំលែក

សមាគមមហាគ្រួសារអាយធី នឹងរៀបចំកម្មវិធីជួបជុំប្រចាំឆ្នាំជា​លើកដំបូងនៅចុងសប្តាហ៍នេះ «Moha Kruosa IT Reunion 2021» ​ដើម្បី​​ស្វែងរកវិធីសាស្រ្ត​អភិវឌ្ឍវិស័យបច្ចេកវិទ្យាកម្ពុជា​​ឲ្យកាន់តែប្រសើរ​ និងស្វែង​​រកដំណោះស្រាយលើ​​បញ្ហាប្រឈម​​ដោយសារវិបត្តិជំងឺកូវីដ ១៩។

ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មជាច្រើន ហើយបានធ្វើឲ្យក្រុមហ៊ុនមួយចំនួនបិទប្រតិបត្តិការ។ ដូច្នេះ សមាគមមហាគ្រួសារអាយធី សម្រេចរៀបចំកម្មវិធីពិសេសប្រចាំឆ្នាំនេះដើម្បី​​ជួបជុំ​​សិស្ស-និស្សិត សាស្រ្តាចារ្យ បុគ្គលិក វិនិយោគិនអាយធី ម្ចាស់ជំនួយ និង​ដៃគូសហការនានា​ដើម្បីចែករំលែក​ការវិវឌ្ឍ​វិស័យបច្ចេកវិទ្យា IT នៅកម្ពុជា​។

កម្មវិធីនេះនឹងធ្វើ​ឡើង​នៅថ្ងៃសៅរ៍ទី ១៨ ធ្នូ ដែលមានទីតាំង​នៅបន្ទប់ប្រជុំជាន់ទីបី នៃអគារ Zillennium Group (ខាងលើ​ភោជនីយដ្ឋាន​ Park Cafe សាខា Toul KorK) ចាប់ពីម៉ោង ២ រសៀលដល់ម៉ោង ៩ យប់ ដែលអ្នកចូលរួមអាចធ្វើបានតាមពីរជម្រើសគឺ​ដោយផ្ទាល់ និងតាមរយៈអនឡាញ។ សមាជិក សមាគមមហាគ្រួសារអាយធី និងគ្រួសារក្រុមហ៊ុន Zillennium Group អាចចូលរួមកម្មវិធីនេះ​ដោយឥតគិតថ្លៃ។ សម្រាប់ការចូលរួម សូមចុះឈ្មោះឲ្យបានមុខថ្ងៃទី ១៥ ធ្នូ​។ សូមចុះឈ្មោះនៅទីនេះដោយគ្រាន់តែចុចលើលើប៊ូតុង Register និង​សម្រាប់ Telegram Group:

កម្មវិធីនេះក៏មានបញ្ចូល​វគ្គបណ្តុះបណ្តាល​លើ​ប្រធានបទ៖ Business Process Improvement ដោយមានការចែករំលែកផ្ទាល់ពី​លោកគ្រូ ហៃ លីអូន និងមានការចែករំលែក​បទពិសោធន៍​នៃការចាប់ផ្តើមជំនួញពីដំបូង រហូតដល់ទទួលបានភាពជោគជ័យ ពីពាណិជ្ជករ​សក្តានុពលជាច្រើន។

ការចូលរួមរបស់លោកអ្នក ជាការចែករំលែក និងទទួលបានអត្ថប្រយោជន៍ផ្សេងៗរួមមាន៖ ទទួលបានចំណេះដឹងបទពិសោធន៍ថ្មីៗពីវាគ្មិនល្បីៗដែលមានបទពិសោធន៍ជាង២០ឆ្នាំ (ជនជាតិខ្មែរនិងបរទេស) ទទួលបានឱកាសវិនិយោគផ្នែកបច្ចេកវិទ្យា ឬដៃគូវិនិយោគ, ការជួបសំណះសំណាលជាមួយថ្នាក់គ្រប់គ្រង ឬតំណាងមកពី​មហាវិទ្យាល័យបច្ចេកវិទ្យានានា, ការជួបជុំញាំអាហារពេលល្ងាចសាងទំនាក់ទំនង និងការចាប់ឆ្នោតផ្សងសំណាងមុនឆ្លងឆ្នាំ ២០២២ ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង