ចំណុចសំខាន់៖
- ការសិក្សាថ្មីមួយបង្ហាញថា ការងារក្នុងវិស័យអចលនទ្រព្យទទួលបានចំណូលខ្ពស់ជាងគេធៀបនឹងវិស័យសក្តានុពលផ្សេងៗទៀត
- ប្រាក់ឈ្នួលជាមធ្យមរបស់អ្នកប្រកបរបរអចលនទ្រព្យមានជាង ៥២០ ដុល្លារក្នុងមួយខែ
- អ្នកកំពុងបម្រើការងារក្នុងវិស័យអចលនទ្រព្យមានជាង ២៥ ០០០នាក់ ស្មើនឹង ០,៣ ភាគរយនៃចំនួនប្រជាជនដែលមានការងារធ្វើសរុប
«ជំនាញក្នុងវិស័យអចលនទ្រព្យជាជំនាញថ្មីប្រកបដោយសក្តានុពល ដោយសារមានឱកាសរីកចម្រើន និងអភិវឌ្ឍខ្លួនបានទូលំទូលាយ។»

បុគ្គលិកបម្រើការក្នុងក្រុមហ៊ុនអចលនទ្រព្យមួយកំពុងបង្ហាញគម្រោងទៅកាន់អតិថិជន។ រូបភាព៖ Z1News
សកម្មភាពក្នុងវិស័យអចលនទ្រព្យបានបង្ហាញពីកំណើនវិនិយោគចាប់តាំងពីអំឡុងឆ្នាំ២០០៤ ហើយរហូតមកដល់បច្ចុប្បន្នអចលនទ្រព្យត្រូវបានចាត់ទុកជាវិស័យស្នូលមួយក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច តាមរយៈការទាក់ទាញរំហូរវិនិយោគពីបរទេស និងការបង្កើតឱកាសការងារដល់ប្រជាជននៅកម្ពុជា។
កាលពី២០ឆ្នាំមុន ការវិនិយោគអចលនទ្រព្យភាគច្រើនមានតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ។ ជាក់ស្តែងក្នុងអំឡុងឆ្នាំ២០០៤ ការវិនិយោគក្នុងវិស័យអចលនទ្រព្យរាជធានីនៅភ្នំពេញមានទំហំទឹកប្រាក់ប្រមាណ ៥០០ លានដុល្លារប៉ុណ្ណោះ។ ទំំហំទឹកប្រាក់នេះបានកើនឡើងជាបន្តបន្ទាប់ ដែលក្នុងឆ្នាំ២០០៦ ការវិនិយោគអចលនទ្រព្យបានកើនដល់១,២ ពាន់លានដុល្លារ និង ៣,២ ពាន់លានដុល្លារនៅឆ្នាំ២០០៧។ រហូតមដល់ឆ្នាំ ២០១៩ពោលគឺមុនពេលការផ្ទុះឡើងជំងឺកូវីដ-១៩ ការវិនិយោគក្នុងវិស័យអចលនទ្រព្យ និងសំណង់សម្រេចបានទុនវិនិយោគជាង ១១ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យពីក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់។
ការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ បានស្រូបទាញកម្លាំងពលកម្មជំនាញក្នុងទីផ្សារការងារនៅកម្ពុជា ស្របពេលតម្រូវការពីវិស័យសំខាន់ៗផ្សេងទៀតចាប់ផ្តើមថមថយ ឬផ្តល់ឱកាសរីកចម្រើនតិចជាងមុន។ អ្នកជំនាញអភិវឌ្ឍន៍ធនធានមនុស្សមើលឃើញថា ឱកាសរីកចម្រើនក្នុងទីផ្សារការងារសម្រាប់សិស្ស និស្សិត មានការប្រែប្រួលពីអំឡុងពេលមួយ ទៅពេលមួយស្របតាមការវិវត្តជាក់ស្តែងនៃសេដ្ឋកិច្ច។
លោកឃីម សុខហេង អ្នកជំនាញអភិវឌ្ឍន៍ធនធានមនុស្ស និងជាគ្រូបង្វឹកប្រចាំក្រុមហ៊ុន Century 21 Zillion Holding បានបញ្ជាក់ថា៖ «ជំនាញក្នុងវិស័យអចលនទ្រព្យជាជំនាញថ្មីប្រកបដោយសក្តានុពល ដោយសារមានឱកាសរីកចម្រើន និងអភិវឌ្ឍខ្លួនបានទូលំទូលាយ»។
យោងតាមរបាយការណ៍ស្តីពីអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានបង្ហាញថា ចំនួនប្រជាជនមានការងារធ្វើនៅកម្ពុជាចំនួនប្រមាណ ៧ លាន ៩ សែននាក់ ហើយជាងពាក់កណ្តាលនៃប្រជាជនមានការងារធ្វើ គឺមានអាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំ ខណៈដែលប្រាក់ឈ្មួលមធ្យមប្រចាំខែរបស់និយោជិតពីការងារចម្បងរបស់ពួកគេរកចំណូលបានពី ៧៦ ទៅ ៧៥០ ដុល្លារ។
របាយការណ៍ដដែលរកឃើញថា បុគ្គលិកបម្រើការងារក្នុងវិស័យអចលនទ្រព្យទទួលបានប្រាក់ឈ្មួលប្រចាំខែខ្ពស់ជាងគេ ដែលជាមធ្យមទទួលបានជាង ៥២០ ដុល្លារអាមេរិកក្នុងមួយខែ ខណៈដែលបុគ្គលិកបម្រើការងារក្នុងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រងទទួលបាន ៣៥០ ដុល្លារក្នុងមួយខែ។ សកម្មភាពការងារអលនទ្រព្យ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ស្ថិតក្នុងវិស័យសេវាកម្ម ដែលវិស័យនេះបង្កើតឱកាសការងារដល់ប្រជាជនជាង ៣ លាន ១សែននាក់, វិស័យឧស្សាហកម្ម ២លាន ១សែននាក់ និងកសិកម្មជាង ២លាន ៦ សែននាក់។
របាយការណ៍នេះមិនបានពន្យល់ និងកំណត់ប្រភេទការងារក្នុងសកម្មភាពវិស័យអចលនទ្រព្យនោះទេ។ តែបើតាមអ្នកជំនាញក្នុងវិស័យនេះបានបញ្ជាក់ថា សកម្មភាពការងារក្នុងវិស័យអចលនទ្រព្យត្រូវបានបែងចែកទៅតាមប្រភេទផ្សេងៗគ្នាដូចជាផ្នែកបម្រើសេវាកម្មទិញ លក់ និងជួល (ឬហៅថាភ្នាក់ងារអចលនទ្រព្យ), ផ្នែកវាយតម្លៃអចលនទ្រព្យ, គ្រប់គ្រង (property management) និងបុគ្គលិកបម្រើការក្នុងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ (real estate developer) ជាដើម។
លោកឃីម សុខហេង សង្កេតឃើញថា កាលពីជាង២០ឆ្នាំមុន និស្សិតដែលបានបញ្ជប់ការសិក្សាជាច្រើនបានចាប់យកអាជីពការងារតាមស្ថាប័នក្រៅរដ្ឋាភិបាល (NGOs)។ ប៉ុន្តែដោយសារកំណើនសេដ្ឋកិច្ចមានការវិវឌ្ឍបានធ្វើឲ្យវិស័យផ្សេងមានតម្រូវការពលកម្មជំនាញច្រើន ហើយអំឡុងចុងទសវត្សរ៍ឆ្នាំ ២០០០ មក សិស្ស-និស្សិតជាច្រើនបានចាប់យកឱកាសការងារក្នុងគ្រឹះស្ថានធនាគារ និងបន្ទាប់មកមីក្រូហិរញ្ញវត្ថុ។
អ្នកជំនាញរូបនេះបានលើកឡើងថា «កាលពី ២០ឆ្នាំមុន វិស័យអង្គការក្រៅរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងអន្តរជាតិ បានស្រូបទាញកម្លាំងការងារច្រើននាពេលនោះ តែបើក្រឡេកមកមើលក្នុងអំឡុងឆ្នាំ ២០១០ វិស័យមីក្រូហិរញ្ញវត្ថុចាប់ផ្តើមរីកលូតលាស់នៅទូទាំងប្រទេស ដែលបង្កើតឱ្យមានតម្រូវការទីផ្សារការងារច្រើនក្នុងវិស័យនេះ»។ លោកបន្តថា៖«ចាប់ពីអំឡុងឆ្នាំ ២០១៧ រហូតមកដល់បច្ចុប្បន្ន យើងឃើញថាវិស័យអចលនទ្រព្យកំពុងតែស្រូបទាញកម្លាំងពលកម្មកាន់តែច្រើននៅកម្ពុជា»។
របាយការណ៍អង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០១៩ បានបង្ហាញថា សកម្មភាពក្នុងវិស័យអចលនទ្រព្យបង្កើតឱកាសការងារជាង ២ម៉ឺន៥ពាន់នាក់ ឬស្មើនឹង ០,៣ ភាគរយនៃចំនួនប្រជាជនមានការងារធ្វើសរុប។ សកម្មភាពហិរញ្ញវត្ថុ និងធនារ៉ាប់រង មានចំនួនប្រមាណ ១១ម៉ឺន៤ពាន់នាក់ ខណៈដែលសកម្មភាពអង្គការ និងអង្គភាពក្រៅប្រទេសមានប្រមាណ ៧ពាន់នាក់។
កត្តានេះបានបង្ហាញថា វិស័យអចលនទ្រព្យនៅមានវិសាលភាពធំធេងក្នុងការបង្កើតឱកាសការងារជាច្រើនបន្ថែមទៀតដល់យុវជនកម្ពុជា ស្របពេលដែលក្រុមហ៊ុនផ្តល់សេវាកម្មក្នុងវិស័យនេះបានពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លូន ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការរំហូរវិនិយោគនៅពេលខាងមុខ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century 21 Zillion Holding លោកព្រាប កុល បានលើកឡើងថា ការវិនិយោគក្នុងវិស័យនេះមិនទាន់គ្រប់ដណ្តប់ទូទាំងប្រទេសនៅឡើយ ដែលកត្តានេះនឹងបង្កើតឱ្យមានតម្រូវការធនធានមនុស្សដែលមានជំនាញជាច្រើនទៀត ដើម្បីបំពេញតម្រូវការទីផ្សារអចលនទ្រព្យនៅពេលខាងមុខ។
ក្រុមហ៊ុន Century 21 Zillion Holding បានពង្រីកប្រតិបត្តិការរបស់ខ្លួនគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជាចាប់ពីឆ្នាំ ២០២០ ដោយផ្តោតសំខាន់តែលើទីផ្សារដីធ្លីប៉ុណ្ណោះរួមមានការទិញ លក់ និងជួល។ ក្រុមហ៊ុនបានបើកការិយាល័យថ្មី ៣៨ សាខា (នៅទូទាំង ១៤ខណ្ឌ និង ២៤ខេត្ត-ក្រុង) និងកំពុងជ្រើសរើសអ្នកឯកទេសដីធ្លីរហូតដល់ទៅ ៣ ៨០០ នាក់ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការសេវាអចលនទ្រព្យនៅតាមបណ្តាខេត្ត។
លោកព្រាប កុល លើកឡើងថា៖ «អចលនទ្រព្យនៅមានសក្តានុពលច្រើនណាស់ ហើយបេសកម្មរបស់យើងនឹងបង្កើតឱកាសការងារទៅដល់មូលដ្ឋាន ដែលនេះជាការរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម»។
ក្រុមហ៊ុន Century 21 Cambodia ដែលបានផ្តល់សិទ្ធិធ្វើអាជីវកម្មបន្ត (Franchise) ចំនួន២៣ ក្រុមហ៊ុននៅកម្ពុជា បានបង្កើតឱកាសការងារជាង ១ពាន់នាក់មកទល់បច្ចុប្បន្ន ហើយក្នុងនោះ៦០ ភាគរយជាបុរស។ Century 21 មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយម៉ាកយីហោនេះត្រូវបាននាំចូលមកកម្ពុជាដោយក្រុមហ៊ុន Century 21 Cambodia ក្នុងឆ្នាំ២០១៤។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានលើកឡើងថា សមាគមមានសមាជិក ១២០ ក្រុមហ៊ុន ដែលចម្រុះដោយក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ក្រុមហ៊ុនវាយតម្លៃផ្នែកអចលនវត្ថុ និងក្រុមហ៊ុនមានជំនាញគ្រប់គ្រងអគារធំៗ។ បើតាមលោកសុខនីម អ្នកធ្វើការក្នុងវិស័យអចលនទ្រព្យមានឱកាសច្រើនទាំងការអភិវឌ្ឍចំណេះជំនាញ និងឱកាសនៃការសាងភាពមានបាន។
លោកបញ្ជាក់ថា៖ «ជំនាញអាជីពក្នុងវិស័យអចលនទ្រព្យ មិនត្រឹមតែអាចធ្វើការសម្រាប់ទីផ្សារក្នុងស្រុកនោះទេ តែក៏អាចឱ្យយើងប្រឡូកក្នុងទីផ្សារអន្តរជាតិនៅទូទាំងសកលលោកផងដែរ»
ទិន្នន័យធនាគារពិភពលោកបានបង្ហាញថា រំហូរវិនិយោគផ្ទាល់ពីបរទេសដែលបានចាក់បញ្ជូលទៅក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាក្នុងឆ្នាំ២០១៩ មានចំណែកដល់ទៅ ១ភាគ៣ នៃផលិតផលក្នុងស្រុកសរុប (GDP)។ កំណើននេះរួមចំណែកដ៏សំខាន់ក្នុងការបង្កើតឱកាសការងារជាច្រើនកន្លែងដល់ប្រជាជនកម្ពុជា៕