ការងើបឡើងវិញនៃចំនួនអ្នកធ្វើដំណើរធ្វើឱ្យក្រុមហ៊ុនផ្តល់សេវាស្នាក់នៅបង្កើតចំណូលរាប់លានដុល្លារ

Bunthoeun Chhut 17/November/2021 17:30
ចែករំលែក

ចំណុចសំខាន់៖ 

  • Airbnb ជាផ្លេតហ្វមដែលអនុញ្ញាតឱ្យម្ចាស់ផ្ទះ, ខុនដូ, អាផាតមិន,​ និងផ្ទះលម្ហែកាយ អាចដាក់ជួល សម្រាប់អ្នកស្វែងកន្លែងស្នាក់នៅរយៈពេលខ្លី 
  • ផ្លេតហ្វមនេះបង្កើតចំណូលតាមរយៈគិតថ្លៃសេវា​ពីម្ចាស់ទ្រព្យ និងអ្នកជួល ចន្លោះពី ៣​ទៅ ២០% នៃតម្លៃជួល
  • វេបសាយ Airbnb មានអ្នកប្រើប្រាស់ជាង ១៥០ លាននាក់ ហើយជាមធ្យមមានអ្នកចូលទៅស្វែងរកកន្លែងជួលស្នាក់នៅ៦ នាក់ នៅរៀងរាល់មួយ​វិនាទី 

ក្រុមហ៊ុនផ្តល់សេវាកក់កន្លែងស្នាក់នៅតាមអនឡាញ Airbnb បានប្រកាសពីកំណើនប្រាក់ចំណូលរបស់ខ្លួនជាង ៣០​ ភាគរយ​​ បើធៀបនឹងមុនពេលមាន​កូវីដ-១៩ផ្ទុះឡើង ដោយសារការងើបឡើងវិញនៃកំណើនអ្នកធ្វើដំណើរនៅទូទាំងពិភពលោក។​

កំណើននៃអ្នកធ្វើដំណើរអាចជាដំណឹងល្អសម្រាប់ទីផ្សារជួលកន្លែងស្នាក់នៅ ក្នុងប្រទេសកម្ពុជាផងដែរ ស្របពេលរដ្ឋាភិបាលនឹង​​​បើក​ទទួល​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំងរួច​​ឡើងវិញនៅតំបន់ទេសចរដូចជាក្រុងព្រះសីហនុ ​កោះរ៉ុង និង​តំបន់​តារាសាគរ​ខេត្តកោះកុង។ ការបើកនេះនឹងធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ៣០ វិច្ឆិកា ឆ្នាំ​ ២០២១ មុននឹង​បន្តទៅ​សៀមរាប​អង្គរ​នៅ​ខែមករា ឆ្នាំ​ ២០២២​។

សារព័ត៌មាន Reuter និង CNBC រាយការណ៍កាលពីសប្តាហ៍មុន បានឱ្យដឹងថា តាមរយៈផ្តល់សេវា​កក់កន្លែងស្នាក់នៅតាមវេបសាយ និងនៅលើកម្មវិធីទូរស័ព្ទដៃ (mobile app) ក្រុមហ៊ុន Airbnb បានបង្កើតប្រាក់ចំណូលប្រមាណ ២ ពាន់លានដុល្លារ ក្នុងត្រីមាសទី៣​ ឆ្នាំ២០២១។ ចំណូលនេះកើនឡើង ៣៦ ភាគរយធៀបនឹងត្រីមាសទី៣ឆ្នាំ២០១៩ និងកើនឡើង ៦៦ ភាគរយ​ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០​។

បន្ទាប់ពីទូទាត់លើការចំណាយផ្សេងៗ ប្រាក់ចំណេញសុទ្ធ (net income) ដែលក្រុមហ៊ុន Airbnb សម្រេចបានក្នុងត្រីមាសទី៣ឆ្នាំនេះ មានប្រមាណ ៨៣៤ លានដុល្លារ ដែលកើនជាង៤ ដងធៀបនឹងឆ្នាំមុន។

Airbnb ជាក្រុមហ៊ុនផ្តល់សេវាស្នាក់នៅតាមអនឡាញ ដែលអាចអនុញ្ញាតឱ្យ​ម្ចាស់ផ្ទះ, ខុនដូ, អាផាតមិន, ផ្ទះលំហែកាយ​ ដែលនៅទំនេរអាចដាក់ជួលនៅលើវេបសាយ ឬនៅលើ App របស់​ Airbnb។ Airbnb បង្កើតប្រាក់ចំណូលដែលគិតសេវាប្រាក់កម្រៃពីម្ចាស់ទ្រព្យ និងអ្នកជួល ចន្លោះពី៣ ទៅ ២០ ភាគរយនៃតម្លៃជួល​។

បច្ចុប្បន្ន Airbnb មានបន្ទប់ស្នាក់នៅដែលបានដាក់ជួលនៅលើផ្លេតហ្វម​របស់ខ្លួនដល់ទៅ ៧ លានបន្ទប់ ហើយបន្ទប់ដាក់ជួលទាំងនេះមានវត្តមានជាង ២០០ ប្រទេសលើពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ។​ វេបសាយ Airbnb មានអ្នកប្រើប្រាស់ជាង ១៥០ លាននាក់ ហើយជាមធ្យមមានអ្នកចូលទៅស្វែងរកកន្លែងជួលស្នាក់នៅ៦ នាក់ នៅរៀងរាល់មួយ​វិនាទី។

ក្រុមហ៊ុនផ្តល់សេវាស្នាក់នៅតាមអនឡាញ Airbnb ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ ហើយក្រុមហ៊ុននេះបានកៀរគរទុនប្រមាណ ៣,៥ ពាន់លានដុល្លារ តាមរយៈការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) នៅចុងឆ្នាំ២០២០ ក្នុងតម្លៃ ៦៨ ដុល្លារ​ ក្នុងមួយភាគហ៊ុននាពេលនោះ។ ភ្លាមៗបន្ទាប់ពីលក់ IPO ក្រុមហ៊ុននេះបានបើកឱ្យមានការជួញដូរលើផ្សារហ៊ុនអាមេរិក Nasdaq ដោយថ្ងៃដំបូងនៃការបើកជួញដូរលើផ្សារហ៊ុនមានតម្លៃ១៤៦ ដុល្លារក្នុងមួយហ៊ុន ហើយគិតត្រឹមថ្ងៃបិទជួញដូរម្សិលមិញភាគហ៊ុននេះបានកើនដល់ ២០៧ ដុល្លារក្នុងមួយហ៊ុន៕

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង