ភ្នំពេញ៖ ទីផ្សារជួល និងទិញ-លក់ខុនដូ និងអាផាតមិន កំពុងវិលទៅរកកំណើនល្អឡើងវិញជាបណ្តើរៗ ស្របពេលកម្ពុជាចាប់ផ្តើមបើកប្រទេសឡើងវិញលើគ្រប់វិស័យ ព្រមទាំងផ្តល់លក្ខណ្ឌបន្ធូរបន្ថយច្រើនដល់ធុរជនដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
អគ្គនាយកក្រុមហ៊ុន RENT KH លោក នាក់ សមសែន បានលើកឡើងនៅក្នុងកិច្ចពិភាក្សាដែលរៀបចំដោយបណ្តាញព័ត៌មានអចលនទ្រព្យ Z1News នៅថ្ងៃច័ន្ទនេះដោយបញ្ជាក់ថាតម្លៃជួលទាំងខុនដូ និងអាផាតមិន បានថមថយប្រហែល ៥ ទៅ ១០ ភាគរយក្នុងអំឡុងពេលកំពុងផ្ទុះកូវីដ-១៩។ មុនពេលមិនទាន់ផ្ទុះកូវីដ តម្លៃជួលខុនដូ និងអាផាតមិន អាចជួលក្នុងតម្លៃជាមធ្យម ៦០០ ទៅ ៧០០ ដុល្លារ សម្រាប់បន្ទប់គេងគ្រែ១ និងបន្ទប់គេងគ្រែ២ដាក់ជួលជាមធ្យម ១២០០ ទៅ ១៣០០ ដុល្លារក្នុងមួយខែ។ ប៉ុន្តែសម្រាប់ស្ថានបច្ចុប្បន្នម្ចាស់ខុនដូ និងអាផាតមិន មួយចំនួនបានដាក់តម្លៃជួលដូចមុនពេលមិនទាន់ផ្ទុះកូវីដ-១៩។
លោកបន្ថែមថា៖ «ចាប់ផ្តើមងើបបណ្តើរៗទៅរកតម្លៃដូចមុន ដោយសារតម្រូវការមានកំណើនឡើងវិញ»។ លោកបន្ថែមថា ទីផ្សារជួលនឹងងើបឡើងវិញលឿនដោយសារការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយក្នុងការឆ្លើយតបទៅនឹងតម្រូវការ»។
បើតាមលោក សមសែន ការផ្គត់ផ្គង់ខុនដូសរុបគិតមកទល់ពេលនេះមានប្រហែល ២៧ ០០០ បន្ទប់ និងអាផាតមិនប្រមាណ ៤ ០០០បន្ទប់។
ទិន្នន័យនេះបញ្ជាក់ថា ចំនួនខុនដូរ និងអាផាតមិនទាំងអស់បូកបញ្ចូលគ្នាមានប្រមាណជាង ៣ម៉ឺនបន្ទប់ គិតមកទល់បច្ចុប្បន្ន ខណៈជនបរទេសដែលកំពុងរស់នៅ ធ្វើការ និងប្រកបមុខរបរ មានចំនួនប្រមាន ១៤ ម៉ឺននាក់គិតត្រឹមខែមិថុនា ឆ្នាំ២០២១។ នេះបើយោងតាមស្ថិតិប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសក្នុងប្រទេសកម្ពុជា (FPCS) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។
របាយការណ៍ស្រាវជ្រាវទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញត្រីមាសទី៣ ឆ្នាំ២០២១ របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា ទីផ្សារជួលខុនដូមានតម្លៃជាមធ្យមចន្លោះពី ៨ ដល់ទៅ ១៤ ដុល្លារ មួយម៉ែត្រការ៉េ ក្នុងមួយខែ តាមប្រភេទនៃខុនដូកម្រិតខ្ពស់ មធ្យម និងកម្រិតទាប ដែលការជួលខុនដូទាំងបីប្រភេទនេះមានការថមថយចន្លោះពី ៥ ទៅ ៧ ភាគរយ ធៀបនឹងត្រីមាសទី ១ ឆ្នាំ២០២០។
ទីផ្សារលក់វិញ មានការថមថយចន្លោះពី១ទៅ ៣ ភាគរយ ក្នុងត្រីមាសទី៣ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។ ខុនដូកម្រិតមធ្យម និងខុនដូកម្រិតខ្ពស់មានតម្លៃប្រហែល ២ ៥០០ ដុល្លារ ទៅ ៣ ២០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលខុនដូកម្រិតក្រោមមធ្យមលក់ក្នុងតម្លៃប្រហែល ១ ៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា ដែលចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានេះ បានបញ្ជាក់ថា អ្នកអភិវឌ្ឍន៍ខុនដូជាច្រើនបានផ្តល់លក្ខណ្ឌអំណោយផលច្រើនដូចជាការបង់ប្រាក់ ដើម្បីជួយសម្រួលដល់អ្នកទិញ។ លោកបញ្ជាក់ថា កត្តានេះបានធ្វើឱ្យតម្លៃលក់រក្សាបានកំណើនល្អ៕