មហាសេដ្ឋីអចលនទ្រព្យហុងកុងបោះទុនជាង ១៤ ពាន់លានដុល្លារវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម

Bunthoeun Chhut 12/November/2021 09:33
ចែករំលែក

ហុងកុង៖  ក្រុមហ៊ុន  Henderson Land Development ដែលគ្រប់គ្រងដោយមហាសេដ្ឋីអចលនទ្រព្យហុងកុងគឺលោក Lee Shau Kee នឹងបង្កើនការបោះទុនដល់ទៅ ១៤,៥ ពាន់លានដុល្លារ ដើម្បីវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្ម បន្ទាប់ពីក្រុមហ៊ុននេះទទួលបានសិទ្ធិវិនិយោគលើទីតាំងដីក្នុងតំបន់ពាណិជ្ជកម្មមួយកន្លែងពីរដ្ឋាភិបាលហុងកុង។​

ស្ថាប័នសារព័ត៌មានធំៗលើពិភពលោកចេញផ្សាយកាលពីសប្តាហ៍មុន បានឱ្យដឹងថា ក្រុមហ៊ុន Henderson Land Development បាន​ចំណាយ ៦,៥ ពាន់លានដុល្លារ នៃទំហំទឹកប្រាក់វិនិយោគសរុប ដើម្បីទទួលបានសិទ្ធិវិនិយោគទីតាំងដីមួយកន្លែងមានទំហំផ្ទៃដី ៤៧ ៩៦៧ ម៉ែត្រការ៉េ ឋិតក្នុងតំបន់ Victoria Harbour ដែលជាតំបន់ផែដ៏ល្បីល្បាញមួយនៅហុងកុង។

ទីតាំងដីនេះត្រូវបានដាក់ដេញថ្លៃដោយរដ្ឋាភិបាលហុង កុង ហើយក្រុមហ៊ុន Henderson Land Development បានទិញយកក្នុងតម្លៃ ១៣៥ ០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។​

តាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា Henderson Land Development ចំណាយទុនប្រមាណ ៨ ពាន់លានដុល្លារ បន្ថែមទៀតដើម្បីប្រែកា្លយទីតាំងដីនេះទៅជាគម្រោងនិមិត្តរូបដ៏អស្ចារ្យនៅក្នុងតំបន់ផែ Victoria Harbour។​ តាមផែនការ ក្រុមហ៊ុននេះនឹងអភិវឌ្ឍអគារការិយាល័យ និងអគារពាណិជ្ជកម្មចម្រុះ។​

ប្លង់គំរូដែលក្រុមហ៊ុន Henderson Land គ្រោងនឹងអភិវឌ្ឍលើទីតាំងដីដែលផ្តល់សិទ្ធិដោយរដ្ឋាភិបាលហុងកុង

ក្រុមហ៊ុនចំនួន ៥ បានចូលរួមដេញថ្លៃ ដើម្បីទទួលសិទ្ធិវិនិយោគលើទីតាំង​ដីនេះ​។ ក្នុងចំណោមនោះមានតែក្រុមហ៊ុន Henderson Land Development ឈ្នះការដេញថ្លៃទីតាំងមួយកន្លែងនេះដែលហ៊ានឱ្យតម្លៃដីដល់ទៅជាង ៦ពាន់លានដុល្លារ។ នេះជាការដេញថ្លៃលើទីតាំងដីដែលមានតម្លៃខ្ពស់បំផុតដែលធ្លាប់មាននៅហុងកុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។​ លោក Lee Shau Kee ដែលជាម្ចាស់គ្រប់គ្រងក្រុមហ៊ុន Henderson Land Development មានទ្រព្យសម្បត្តិប្រមាណ ៣០ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាមហាសេដ្ឋីទី២ នៅហុងកុង បន្ទាប់ពីលោក Li Ka Shing

កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុនអចលនទ្រព្យ Sung Hung Kai Properties បានឈ្នះការដេញថ្លៃលើទីតាំងដីមួយកន្លែងឋិតក្នុងតំបន់ West Kowloon ក្នុងក្រុងហុងកុង។ ទីតាំងដីនេះមានទំហំផ្ទៃដីជិត ៦០ ០០០ ម៉ែត្រការ៉េ ដែលក្រុមហ៊ុន Sung Hung Kai Properties បានទិញយកនាពេលនោះក្នុងតម្លៃ ៥,៤ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍអចលនទ្រព្យពាណិជ្ជកម្ម៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង